សិល្បករ​ខ្មែរ​មួយ​ក្រុម ទៅ​ចូល​រួម​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី

  • 2015-04-09 18:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​មួយ​ក្រុម​មាន​គ្នា១០នាក់ ​​រួម​មាន​តារា​សម្ដែង អ្នក​ដឹក​នាំ​រឿង និង​ផលិតករ​ជា​ដើម បាន​ចេញ​ដំណើរ​ព្រឹក​នេះ​ឆ្ពោះ​ទៅ​កាន់​មហោស្រព​ភាពយន្ត ASEAN International Film Festival នៅ​ប្រទេស​ម៉ាឡេស៊ី។

 

សិល្បករ​មួយ​ក្រុម​នេះ តំណាង​ឲ្យ​ភាពយន្ត​ខ្មែរ​ពីរ​រឿង​ដែល​ជាប់​ចូល​រួម​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​ខាង​លើ។ រឿង​ទាំង​ពីរ​នោះ​មាន រឿង "ដុំ​ហ្វីល​ចុង​ក្រោយ" និង​រឿង "វិថី​ដែល​ត្រូវ​ដើរ"។ តារា​សម្ដែង និង​ផលិតករ​បាន​សម្ដែង​នូវ​មោទនភាព​ចំពោះ​ឱកាស​ចូល​រួម​ក្នុង​មហោស្រព​ដែល​ប្រមូល​ផ្ដុំ​ដោយ​តារា​ល្បី​ៗ​ក្នុង​តំបន់​អាស៊ាន​នេះ។

 

 

មាន សូនីតា តួ​​សម្ដែង​រឿង "វិថី​ដែល​ត្រូវ​ដើរ" បាន​ថ្លែង​ថា នាង​មោទនភាព​ណាស់​សម្រាប់​ឱកាស​នេះ ដែល​នឹង​ផ្ដល់​ផល​ល្អ​ទាំង​ខ្លួន​ឯង​ផ្ទាល់ និង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ទាំង​មូល។

 

“បើ​និយាយ​ពី​ប្រទេស​ម៉ាឡេស៊ី​ក៏​ដោយ ប្រទេស​ផ្សេង​ក៏​ដោយ យើង​ចង់​ទៅ​ពេល​ណា​ក៏​បាន​ដែរ ប៉ុន្តែ​បើ​ទៅ​លក្ខណៈ​មហោស្រព​អីចឹង គឺ​មិន​ងាយ​ទេ អីចឹង​សម្រាប់​ខ្ញុំ គឺ​សប្បាយ​ផង ភ័យ​អរ​ផង ព្រោះ​លើក​ទី​១​របស់​នាង​ខ្ញុំ​ឡើង​ឆាក​អន្តរជាតិ អីចឹង​មោទនភាព​ណាស់ ព្រោះ​យើង​បាន​យល់​ពី​សិល្បៈ​គេ​ម៉េច ហើយ​គេ​ក៏​អាច​យល់​ពី​សិល្បៈ​យើង​យ៉ាង​ម៉េច​ដែរ"។

 

មិន​ត្រឹម​តែ​ចូល​រួម​ក្នុង​មហោស្រព ប៉ុន្តែ សូនីតា ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ស្រុក​លើ​យុទ្ធនាការ​លើក​កម្ពស់​ក្រមា​ខ្មែរ គឺ​ជា​តារា​ខ្មែរ​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ធ្វើ​ជា​អ្នក​អធិប្បាយ(Presenter) និង​ប្រកាស​ជយលាភី​ចំនួន​ពីរ​របស់​មហោស្រព ASEAN International Film Festival នេះ។

 

សូនីតា នឹង​ចាប់​ដៃគូ​ជាមួយ​តារា​ល្បី​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី Bront Palarae ឡើង​លើ​ព្រំ​ក្រហម​ប្រកាស​ជយលាភី "The Best Film Editing " & "The Best Director of Photography " ដែល​ធ្វើ​ឲ្យ​នាង​រឹត​តែ​មាន​មោទនភាព។ តួអង្គ "យ៉ាណា" ក្នុង​រឿង "វិថី​ដែល​ត្រូវ​ដើរ" រូប​នេះ បាន​ប្រាប់​ថា នាង​បាន​ត្រៀម​រ៉ូប​ពិសេស​កាត់​ថ្មី​ពីរ​ម៉ូដ​រចនាបថ​ខ្មែរ​លាយ​បរទេស​ពី​ហាង​ប៉ារ៉ាឌី សម្រាប់​ឱកាស​នេះ។

 

 

ងាក​មក ដាណែត តួឯក​ស្រី​ក្នុង​រឿង "ដុំ​ហ្វីល​ចុង​ក្រោយ" ឬ "The Last Reel” ក៏​បាន​ឲ្យ​ដឹង​ថា នាង​ក៏​រំភើប​ដែរ។ "សម្រាប់​ខ្ញុំ គឺ​សប្បាយ​ចិត្ត ពេល​ដែល​ដឹង​ថា​មាន​ភាពយន្ត​ខ្មែរ​យើង​ពីរ​រឿង​បាន​ចូល​រួម​មហោស្រព​នេះ អីចឹង​ហើយ​ធ្វើ​ឲ្យ​គេ​ស្គាល់​ប្រទេស​ខ្មែរ និង​ដឹង​ពី​ភាពយន្ត​យើង​ច្រើន។ ដូច​ខ្ញុំ​អីចឹង ខ្ញុំ​ធ្លាប់​ចូល​មហោស្រព​នៅ​ជប៉ុន សិង្ហបុរី​អី បាន​ជួប​ជា​មួយ​តារា​ល្បី​ៗ​បរទេស​ច្រើន អីចឹង​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ពិសោធន៍​ទៅ​វិញ​ទៅ​មក ទុក​ជា​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ដែរ"។

 

អ្នក​ស្រី Kulikar Sotho អ្នក​ដឹក​នាំ​រឿង "The Last Reel” ថ្លែង​ថា ឱកាស​នេះ គឺ​ជា​មុខ​មាត់​របស់​ភាពយន្ត​អ្នក​ស្រី​ផង និង​មុខមាត់​ខ្មែរ​ទាំង​មូល។ ក្រៅ​ពី​មោទនភាព​ អ្នក​ស្រី​សង្ឃឹម​ថា ភាពយន្ត​របស់​អ្នក​ស្រី នឹង​ទទួល​បាន​លទ្ធផល​ល្អ ក្នុង​នោះ "The Last Reel" ធ្លាប់​ឆ្លង​មហោស្រព​ភាពយន្ត​ច្រើន​មក​ហើយ ដូច​ជា​មហោស្រព​ជប៉ុន សិង្ហបុរី អង់គ្លេស និង​ត្រៀម​ទៅ​អាមេរិក​ទៀត។

 

មហោស្រព ASEAN International Film Festivalបាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​វត្តមាន​របស់​ភាពយន្ត​ខ្មែរ​យើង គឺ​ជា​ឆ្នាំ​ទី​១​ប៉ុណ្ណោះ។ លោក ជី សិលា ជា​អ្នក​ត្រួសត្រាយ​នាំ​យក​ភាពយន្ត​ខ្មែរ​ទាំង​ពីរ​រឿង និង​ជា​អ្នក​ដឹក​នាំ​ក្រុម​សិល្បករ​ចូល​រួម​ក្នុង​មហោស្រព​ខាង​លើ​ផង ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​បំផុត​របស់​លោក គឺ​ទី១ ចង់​ឲ្យ​ភាពយន្ត​ខ្មែរ​មាន​មុខ​លើ​ឆាក​អន្តរជាតិ និង​ចង់​ឲ្យ​គេ​ដឹង​ថា ខ្មែរ​យើង​ក៏​មាន​ភាពយន្ត​ល្អ​ដែរ។

 

 

អ្នក​ស្រី Kulikar Sotho អ្នក​ដឹក​នាំ​រឿង "ដុំ​ហ្វីល​ចុង​ក្រោយ"

 

ទី​២ ផ្ដល់​ឱកាស​ឲ្យ​ផលិតករ សិល្បករ​បាន​ដក​ស្រង់​បទ​ពិសោធន៍​ជាមួយ​សិល្បករ ផលិតករ​បរទេស។ "នៅ​មុន​ការ​ចាប់​ផ្ដើម គេ​មាន​សិក្ខាសាលា​មួយ ដែល​ក្នុង​នោះ​គេ​នឹង​ចែក​រំលែក​បទ​ពិសោធន៍​ពី​ការ​ដឹក​នាំ ការ​សម្ដែង និង​ការ​ផលិត​កុន​អី​ដែរ រួម​ជាមួយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​វិស័យ​កុន​ច្រើន​ទៀត អីចឹង​គឺ​ជា​ឱកាស​ល្អ​សម្រាប់​យើង​ហើយ"។ លោក ជី សិលា បន្ថែម។

 

តាម​គម្រោង មហោស្រព​ខាង​លើ នឹង​ចាប់​ផ្ដើម​ផ្លូវ​ការ​នៅ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ទី​១ និង​បន្ត​ដល់​ថ្ងៃ​ទី ១១ មេសា​ថែម​ទៀត។ តារា​ល្បី​ៗ​លំដាប់​អន្តរជាតិ មាន Jackie Chan ឬ ឈិន ឡុង មីសែល យូ តារា​ល្បី​របស់​ម៉ាឡេស៊ី រួម​ទាំង​តារា​បូលីវូដ និង​ហូលីវូដ​ផង ត្រូវ​បាន​រាយការណ៍​ថា នឹង​មាន​វត្តមាន៕

 

 

 

 

 

 

 

 

 

អត្ថបទ៖ ទារិកា
អត្ថបទពេញនិយម