កោះ​រ៉ុង​ ឋាន​សួគ៌​លោកីយ៍​​ លើ​ដី​កម្ពុជា

  • 2015-04-10 17:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​ពីរ​ម៉ោង​គត់​ ម៉ាស៊ីន​កាណូត​បញ្ចេញ​សំឡេង​ដដែល​ៗ​ដាក់​ត្រចៀក​អ្នក​ដំណើរ​ទាំង​ប្រុស​ទាំង​ស្រី​លើ​ទូក​ឈើ​មួយ​ ដែល​កំពុង​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ ធ្វើ​ឲ្យ​ម្នាក់​ៗ​មាន​អារម្មណ៍​ស្អុះស្អាប់​ជា​ខ្លាំង។ ប៉ុន្តែ​ភាព​អផ្សុក​នេះ​ប្រែ​ជា​រលាយសាប​​សូន្យ​ទៅ​វិញ​ នៅ​ពេល​គេ​ឃើញ​កោះ​មួយ​កំពុង​លេច​ចេញ​បន្តិច​ម្ដង​ៗ​នៅ​ចំពោះ​មុខ​គេ។

 

ពេល​ទូក​នេះ​រំកិល​ចូល​កាន់​តែ​កៀក​កោះ​នោះ​ពេល​ណា​ សំឡេង​ខ្ញៀវខ្ញារ​បន្លឺ​ឡើង​ ញ៉ាំង​ឲ្យ​យុវតី​ សួន​ ដាវី​ វ័យ​២៥​ឆ្នាំ​ ដែល​កំពុង​អង្គុយ​លើ​ទូក​ជាមួយ​នឹង​អ្នក​ដំណើរ​ផ្សេង​ៗ​នោះ​ដែរ​ មាន​អារម្មណ៍​ថា​ ក្ដី​សុបិន​ប៉ង​មក​លេង​កោះ​រ៉ុង​នេះ​ជិត​ក្លាយ​ជា​ការ​ពិត​ហើយ។

 

 

សួន​ ដាវី​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​​​បាន​ឮ​ពី​ភាព​ស្រស់​ស្អាត​នៃ​កោះ​រ៉ុង​នេះ​តាម​រយៈ​មិត្ត​រួម​ការងារ​ ហើយ​នាង​បាន​ប៉ង​មក​លេង​ទី​នេះ​អស់​រយៈពេល​កន្លះ​ឆ្នាំ​ ទើប​បាន​មក​កម្សាន្ត​នៅ​ថ្ងៃ​នេះ។

 

កញ្ញា​ថា៖ "ជា​ធម្មតា​យើង​ជា​ខ្មែរ​ យើង​គួរ​មក​ស្គាល់​កោះ​ដែល​ជា​របស់​ខ្មែរ។ ពេល​មក​ដល់​កោះ​នេះ​ភ្លាម​ ខ្ញុំ​សប្បាយ​មែន​ទែន​ព្រោះ​បាន​ឃើញ​ទឹក​ថ្លា​ មើល​ឃើញ​បាត​ដី​ ខ្សាច់​ស​ និង​គ្មាន​សំរាម​​ ព្រម​ទាំង​មាន​ខ្យល់​អាកាស​ល្អ​ ល្អ​ជាង​ឆ្នេរ​អូរ​ឈើ​ទាល​ឆ្ងាយ​ណាស់។ ចំណែក​ផ្ទះ​នៅ​លើ​កោះ​ក៏​ទាក់​ទាញ​ ខ្ញុំ​ក៏​បាន​គេង​នៅ​បឹងហ្គាឡូ​នេះ​មួយ​យប់​ដែរ។ អាហារ​ហូប​ចុក​ដូច​បែប​បរទេស​បន្តិច"។

 

ប៉ុន្តែ​យុវតី​រូប​នេះ​ហាក់​អន់​ចិត្ត​បន្តិច​ត្រង់​​នៅ​កោះ​រ៉ុង​សម្បូរ​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​ភ្ញៀវ​ខ្មែរ​ ដែល​ធ្វើ​ឲ្យ​កញ្ញាមាន​​អារម្មណ៍​ថា​ ខ្លួន​កំពុង​ស្ថិត​នៅ​បរទេស​ច្រើន​ជាង​នៅ​ប្រទេស​ខ្លួន។ តែ​ទោះ​បី​យ៉ាង​ណា​ កញ្ញា​រំពឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ខ្មែរ​ទៅ​លេង​កោះ​នេះ​នឹង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

 

មគ្គុទ្ទេសក៍​ទេសចរ​ លោក​ សុទ្ធ​ ដារិទ្ធ​ ដែល​បាន​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​តាម​ខេត្ត​ផ្សេង​ៗ​ក្នុង​មួយ​ឆ្នាំ​ៗ ​ថ្លែង​ថា​ បើ​ភ្ញៀវ​ទេសចរ​​ដែល​ចង់​ឃើញ​មនុស្ស​ច្រើន​ មាន​កម្មវិធី​សប្បាយ​ៗ​នៅ​ពេល​យប់​ គេ​គួរ​ទៅ​លេង​នៅ​កោះ​រ៉ុង។ តម្លៃ​​បឹងហ្គាឡូ​​ប្រហែល​ជា​៣០​ដុល្លារ​មួយ​យប់។​ ប៉ុន្តែ​បើ​គេ​ចង់​បាន​កន្លែង​ស្ងប់​ស្ងាត់​ រ៉ូមែនទិក​បន្តិច​ គេ​គួរ​ទៅ​កម្សាន្ត​នៅ​កោះ​រ៉ុង​សន្លឹម​ក្បែរ​ហ្នឹង​ដែរ។ ដារិទ្ធ​ បន្ត​ថា​ គេ​អាច​ស្នាក់​នៅ​លើ​កោះ​ទាំង​ពីរ​​នេះ​ប៉ុន្មាន​ថ្ងៃ​ក៏​បាន​ដែរ​ គ្រាន់​តែ​រក្សា​កន្ទុយ​សំបុត្រ​ទូក​ទុក​ និង​មក​រង់ចាំ​ទូក​ឡើង​មក​​​​ព្រះសីហនុ​វិញ​ឲ្យ​ទៀង​ពេល​ទៅ​គឺ​បាន​ហើយ។

 

 

ទិដ្ឋភាព​ផ្សេង​ៗ​នៅ​កោះ​រ៉ុង​

 

 

 

 

 

 

 

 

លោក​ ថែល​ វីរៈ​ គណនេយ្យករ​​នៃ​ក្រុមហ៊ុន​​ កោះរ៉ុង​ដាយ​សិនធឺរ​​ ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ដំណើរ​ទាំង​ឡាយ​អាច​ទៅ​កម្សាន្ត​កោះ​រ៉ុង​នេះ​តាម​ទូក​ ដោយ​ចេញ​ដំណើរ​នៅ​ម៉ោង​៩​ និង​ម៉ោង​៣​ ទៅ​ដល់​កោះ​រ៉ុង​​ក្នុង​រយៈពេល​ពីរ​ម៉ោង​ តម្លៃ​១៥​ដុល្លារ​ ឬ​តាម​កាណូត​លឿន​ ចេញ​នៅ​ម៉ោង​៨​ព្រឹក​ ម៉ោង​១១​ថ្ងៃ​ និង​ម៉ោង​៣​រសៀល​ ដោយ​ចំណាយ​ពេល​តែ​៤៥​នាទី​ទៅ​ដល់​កោះ​នោះ​ ក្នុង​តម្លៃ​២០​ដុល្លារ។

 

វីរៈ​ សង្កេត​ឃើញ​​​ថា៖ “មួយ​រយៈ​ក្រោយ​នេះ​ ភ្ញៀវ​ទេសចរ​បាន​ទៅ​លេង​កោះ​ច្រើន​ ជាពិសេស​កោះ​រ៉ុង។ ថ្ងៃ​ខ្លះ​ ទូក​ទាំង​​បី​ជើង​គឺ​ពេញ​ទាំង​អស់​ ហើយ​មួយ​ទូក​មាន​អ្នក​ដំណើរ​ដល់​​​ទៅ​១០០​នាក់​ឯណោះ​ ក្នុង​នោះ​​ក៏​មាន​ភ្ញៀវ​ខ្មែរ​ដែរ"។

 

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​ បុគ្គលិក​ក្រុមហ៊ុន​ដឹក​​ភ្ញៀវ​ទេសចរ​កម្សាន្ត​ដដែល​ ​យល់​ថា​ តម្លៃ​ទូក​ធ្វើ​ដំណើរ​នឹង​មិន​មាន​ការ​ប្រែប្រួល​ទេ​ ដូច្នេះ​ភ្ញៀវ​ខ្មែរ​ដែល​ប៉ង​ទៅ​លេង​កោះ​នេះ​កុំ​មាន​ការ​ព្រួយ​បារម្ភ៕

 

កោះ​រ៉ុង​សន្លឹម

 

កោះ​ថាស់​

-អាន​អត្ថបទ៖ ទៅ​ចូល​ឆ្នាំ​កាត់​ផ្លូវ​ជាតិ​លេខ​២ ត្រូវ​មាត់​ ​​​ត្រឡន​តនក្រៀម​ កង្កែប​បោកអាំង​

 

 

 

អត្ថបទ៖ មាស រ័ត្ន​

អត្ថបទថ្មី