Rodgers ​ខឹង​​អាជ្ញាកណ្ដាល ក្រោយ​​​ចាប់​បាល់ Balotelli ​ថា Offside

  • 2015-04-20 20:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម​ Liverpool លោក​ Brendan Rodgers ​បាន​និយាយ​ថា​លោក​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​ Michael Oliver គឺ​ធ្វើ​ការ​កាត់ក្ដី​អន់​បំផុត​ បន្ទាប់​ពី​ចាប់​បាល់​ Mario Balotelli ​ដែល​​ស៊ុត​នៅ​ចុង​ម៉ោង​​ថា បាល់​ Offside ហើយ​លោក​បន្ថែម​ថា​នោះ​គឺ​​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​ហង្ស​ក្រហម​របស់​លោក ធ្លាក់​ចេញ​ពី​ FA Cup ​កាល​ពី​យប់​មិញ​។

 

 

 

​អំឡុង​ពេល​ប្រកួត​ចុង​ម៉ោង​នាទី​៨៨​ ដែល​ Aston Villa កំពុង​នាំ​មុខ​លើ​ Liverpool ២-១​នោះ ខ្សែ​ប្រយុទ្ធ​អ៊ីតាលី Mario Balotelli ​បាន​ទទួល​បាល់យ៉ាង​ល្អ​ ហើយ​ក៏​ស៊ុត​បំប៉ោង​សំណាញ់​ទី​ផុត​ដៃ​អ្នកចាំទី​ Shay Given ខណៈ​ដែល​កាមេរ៉ា​ចាប់​បាន​ច្បាស់​ណាស់​ថា​ខ្សែ​ការពារ​ Leandro Bacuna របស់ Aston ឈរ​នៅ​មុខ​ Balotelli ទៀត ប៉ុន្តែ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​បែរ​ជា​លើក​ទង់​ Offside។

 

ក្រោយ​ប្រកួត​ចប់​លោក Rodgers បាន​ប្រាប់​ដល់​ BT Sport ​​ថា៖ "វា​ច្បាស់​ណាស់ វា​ជា​ការ​កាត់​ក្ដី​ដ៏​អន់​បំផុត​​របស់​អាជ្ញាកណ្ដាល ព្រោះ​គាត់​គឺជា​អ្នក​ដែល​ត្រូវ​ដឹង​ច្បាស់​ជាង​គេ នៅ​លើ​ខ្សែ​បន្ទាត់។ គាត់​គួរ​តែ​មើល​ឃើញ​ច្បាស់​ខ្សែ​ការពារ​ទាំង​អស់។ វា​ពិត​ជា​​ការ​ខក​ចិត្ត​ណាស់... Balotelli ​ស៊ុត​បញ្ចូល​ទី​បាន​ល្អ ប៉ុន្តែ​គ្មាន​សំណាង"។

 

ចំណែក​ឯ Balotelli ក៏​បាន​សម្ដែង​ពី​ការ​ខក​ចិត្ត​ដែរ ​ដោយ​កីឡាករ​វ័យ​​២៤​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូបភាព​នៅ​លើ​ Instagram ​​​ថា​រូបគេ​ គ្មាន​ពាក្យ​អ្វី​ត្រូវ​ថ្លែង​ទៀត​ទេ បើ​រូបភាព​ច្បាស់​ប៉ុណ្ណោះ​ហើយ ប៉ុន្តែ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម AC Milan រូប​នេះ ​ក៏​បាន​អបអរ​ដល់​ Aston ​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ និង​​សូម​ឲ្យ​​កីឡាករ​ Liverpool និង​អ្នកគាំទ្រ​ទាំង​អស់​​តាំង​ស្មារតី​ឡើង​វិញ​ផង​ដែរ៕

 

 

 

​ចុះ​ប្រិយ​មិត្ត​យល់​ថា គ្រាប់​បាល់​របស់​ Balotelli ជា​គ្រាប់​ Offside មែន​ឬ​អត់?

 

-ចុចអាន៖ Liverpool ធ្លាក់​ពី FA Cup មិន​អាច​សម្រេច​សុបិន​ឡើង​ផ្ដាច់ព្រ័ត្រ​​លា Gerrard

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Daily Mail

អត្ថបទថ្មី