កំពូលតារាចិន ៤រូប ដែលក្លាយជាសេដ្ឋី ជើងខ្លាំងក្នុងមុខជំនួញ
- 2015-04-22 19:03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាចិន ៤រូប ដែលក្លាយជាសេដ្ឋី ជើងខ្លាំងក្នុងមុខជំនួញ
ចន្លោះមិនឃើញ
នៅក្នុងវិស័យភាពយន្តចិន ហុងកុង តួសម្ដែងល្បីៗអាចរកចំណូលបានដល់រាប់លានដុល្លារពីការសម្ដែងមួយរឿងៗ។ ប៉ុន្តែក្រៅពីការងារសិល្បៈ ពួកគេក៏អាចរកចំណូលបានចំណូលបានច្រើនសន្ធឹកសន្ធាប់ដែរ ពីមុខជំនួញផ្សេងៗ។ ដូចជាតារា ៤រូបខាងក្រោមនេះ គឺត្រូវបានគេស្គាល់ថាជាតារាជើងខ្លាំងខាងមុខជំនួញ រកស៊ី៖
១. តារាសម្ដែងចិន Zhao Wei
តារាសម្ដែង Vicki Zhao ឬ Zhao Wei ដែលប្រិយមិត្តស្គាល់ច្រើនតាមរយៈការសម្ដែងតួ ព្រះនាងត្រចៀកកាំ មិនត្រឹមតែជាតារាសម្ដែងល្បីទេ តែក៏ជាអ្នកដឹកនាំរឿង និងអ្នកជំនួញដ៏ជោគជ័យមួយរូបដែរ។ កាលពីឆ្នាំ២០១៣នាងបានចាប់ផ្ដើមដឹកនាំរឿងដំបូង គឺរឿង "So Young” ដែលរឿងនេះបានក្លាយជារឿងរកចំណូលបានច្រើនបំផុតនៅចិននៅឆ្នាំនោះ។ ទ្រព្យសម្បត្តិសរុបរបស់នាងគឺប្រមាណ ៤៦៤លានដុល្លារ។ កាលពីខែធ្នូ ឆ្នាំ២០១៤ ត្រចៀកកាំ និងស្វាមីរបស់នាងគឺលោក Huang Youling បានចំណាយប្រាក់ ៤០០លានដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុន ៩,១៨ភាគរយនៃក្រុមហ៊ុន Alibaba Pictures ដែលធ្វើឲ្យនាងក្លាយជាម្ចាស់ភាគហ៊ុនធំទីពីរក្នុងក្រុមហ៊ុនផលិតភាពយន្តមួយនេះ។
ក្រៅពីការបណ្ដាក់ទុនក្នុងវិស័យភាពយន្ត Zhao Wei ក៏ជាម្ចាស់ចម្ការទំពាំងបាយជូរមួយដែរនៅប្រទេសបារាំង និងបានបណ្ដាក់ទុនក្នុងទីផ្សារភាគហ៊ុនផងដែរ។
២. តារាសម្ដែងចិន Huang Xiaoming
តារាសម្ដែងតួឯករឿង "រន្ទះដាវឥន្ទ្រីទេព" និង "បិសាចក្រមុំសក់ស" Huang Xiaoming ក៏ជាអ្នកជំនួញឆ្នើមមួយរូបដែរ។ កាលពីឆ្នាំ២០០៨ គេនិងមិត្តជិតស្និទ្ធពីរបីនាក់ទៀត បានបណ្ដាក់ទុនចំនួន ៧,៧សែនដុល្លារអាមេរិក ទិញភាគហ៊ុនក្រុមហ៊ុនផលិតភាពយន្ត Huayi Brother។ ប្រមាណ ៣ឆ្នាំក្រោយមក ទ្រព្យសម្បត្តិរបស់គេបានកើនឡើងដល់ ១៣លានដុល្លារ។ ក្រោយមកគេបានបណ្ដាក់ទុនលើផ្នែកផ្សេងៗទៀតដូចជា ភោជនីយដ្ឋាន ស្រា និងទីលានវាយកូនហ្គោល។
៣. តារាចម្រៀង និងសម្ដែងតៃវ៉ាន់ Jimmy Lin
តារាល្បីតៃវ៉ាន់ Jimmy Lin ដែលជាតួអង្គ "ណាចា" ក្នុងរឿង "ស្ដេចស្វាអូខុង" បានបើកស្ទូឌីយោថតរូបផ្ទាល់ខ្លួនដំបូង ជាមួយមិត្តភ័ក្ដិ តាំងពីឆ្នាំ១៩៩២ គឺនៅពេលអាយុ ១៨ឆ្នាំ។ ស្ទូឌីយោថតរូបរបស់ពួកគេបានទទួលជោគជ័យដោយបានពង្រីកសាខាចំនួន ៧កន្លែងខុសៗគ្នា។ មុខជំនួញផ្សេងៗទៀតរបស់ Jimmy មានដូចជា ក្រុមហ៊ុនត្រួតពិនិត្យកម្មវិធីកុំព្យូទ័រ វិបសាយលក់ទំនិញអនឡាញ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកកីឡា និងជាម្ចាស់អចលនទ្រព្យជាច្រើននៅតៃវ៉ាន់ សៀងហៃ និងប៉េកាំង។
៤. តារាសម្ដែងតៃវ៉ាន់ Shu Qi
តារាសម្ដែង Shu Qi ក៏ជាតារាជួរមុខមួយរូបដែរក្នុងវិស័យភាពយន្តចិន ហុងកុង និងតៃវ៉ាន់ ហើយក្រៅពីសិល្បៈនាងនិងមិត្តភ័ក្ដិពីរនាក់ទៀត គឺ Pauline Lan និង Matilda Tao បានសហការគ្នាបើកភោជនីយដ្ឋានចំនួន ៥នៅតៃវ៉ាន់។ បន្ថែមពីនេះ នាងក៏បានបណ្ដាក់ទុនលើភោជនីយដ្ឋានជាច្រើនទៀតដែរនៅទីក្រុងប៉េកាំង សៀងហៃ និងហុងកុង ៕
ចុចអាន៖លេចតម្លៃខ្លួនតារាស្រីល្បីៗនៅចិន ស៊ីមួយរឿងៗរាប់លានដុល្លារ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars