តួ Iron Man ដើរ​ចេញ​ពី​កម្មវិធី​ភ្លាម​ៗ ពេល​អ្នក​ព័ត៌មាន​រំឭក​ពី​រឿង​ញៀន​ថ្នាំ និង​ជាប់​គុក

  • 2015-04-24 16:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ហូលីវូដ Robert Downey Jr បាន​ដើរ​ចេញ​ពី​កម្មវិធី​​ទូរទស្សន៍​ពាក់​កណ្ដាល​ទី នៅ​ពេល​ពិធីករ​សួរ​ពាក់ព័ន្ធ​ប្រវត្តិ​របស់​ខ្លួន​ពេល​ញៀន​ថ្នាំ និង​ជាប់​ពន្ធនាគារ។

 

 

តារា​សម្ដែង​តួ "Iron Man” បាន​ចូល​ផ្ដល់​បទ​សម្ភាសន៍​​ដល់​ប៉ុស្តិ៍​ទូរទស្សន៍ Channel 4 នៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី​របស់​ខ្លួន​គឺ​រឿង "Avengers: Age of Ultron”។ ប៉ុន្មាន​នាទី​ដំបូង​ការ​សម្ភាសន៍​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​តាម​ការ​គ្រោង​ទុក ដោយ​ពិធីករ​បាន​សួរ​ តារា​សម្ដែង​អាមេរិក​រូប​នេះ​ ពី​បទពិសោធន៍​ថ្មី​ៗ​របស់​គេ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​នេះ ដែល​ទើប​តែ​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ទីក្រុង​ឡុងដុង កាល​ពី​ថ្ងៃ​អង្គារ។

 

ប៉ុន្តែ​តារា​វ័យ ៥០ឆ្នាំ​រូប​នេះ ចាប់​ផ្ដើម​បញ្ចេញ​អាកប្បកិរិយា​មិន​ពេញ​ចិត្ត​នៅ​ពេល ពិធីករ Krishnan Guru-Murthy ចាប់​ផ្ដើម​សួរ​ពី​រឿង​ឯកជន​របស់​គេ ជា​ពិសេស​នៅ​ពេល​ពិធីករ​រូប​នេះ​បាន​សុំ​ឲ្យ​គេ​បក​ស្រាយ​ពាក្យ​សម្ដី​​​កាល​ពី​៥ឆ្នាំ​មុន ដែល​គេ​និយាយ​ថា "បើ​អ្នក​ធ្លាប់​គេង​នៅ​បន្ទប់​សណ្ឋាគារ​ថ្លៃ​២០០០ដុល្លារ​ក្នុង​មួយ​យប់ ហើយ​បែរ​ជា​ទៅ​ដេក​ក្នុង​គុក​វិញ​នោះ អ្នក​មិន​អាច​ចេញ​មក​វិញ​ហើយ​ក្លាយ​ជា​មនុស្ស​សេរីនិយម​បាន​នោះ​ទេ"។​

 

Downey Jr បាន​ឆ្លើយ​ដោយ​ទើសទាល់​ថា "បើ​ចង់​ឲ្យ​ខ្ញុំ​និយាយ​ពី​រឿង​នេះ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល ២ម៉ោង​ដែរ។ សូម្បី​​ពាក្យ​ មនុស្ស​សេរី​និយម ក៏​ខ្ញុំ​មិន​ដឹង​ថា​គួរ​ពន្យល់​លោក​យ៉ាង​ម៉េច​ដែរ"។

 

ប៉ុន្តែ​នៅ​ពេល​ដែល​ពិធីករ​សួរ​ដល់​ទំនាក់ទំនង​ជាមួយ​ឪពុក​របស់​ខ្លួន Downey Jr ក៏​បាន​ក្រោក​ចេញ និង​និយាយ​ថា "សុំ​ទោស ខ្ញុំ​ពិត​ជា​មិន​អាច … តើ​យើង​កំពុង​ធ្វើ​អ្វី​ពេលនេះ?”។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

រំឮក​ពី​អតីតកាល​កាល​ពី​ចន្លោះ​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ​២០០១ តារា​សម្ដែង​ Downey Jr ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ច្រើន​ដង ដែល​ភាគ​ច្រើន​គឺ​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។ នៅ​ឆ្នាំ​១៩៩៩ គេ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ​ពី​បទ​គេចវេះ​ការ​ធ្វើ​តេស្ត​គ្រឿងញៀន​ម្ដង​ហើយ​ម្ដង​ទៀត។

 

នៅ​ឆ្នាំ​២០០១​ គេ​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត ដោយ​សារ​មាន​គ្រឿងញៀន​ជាប់​នឹង​ខ្លួន ប៉ុន្តែ​ក្រោយ​ពី​នោះ​មក​គេ​ក៏​ឈប់​ប្រឡូក​នឹង​រឿង​មិន​ល្អ​តទៀត និង​បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ ជា​ពិសេស​តាម​រយៈ​រឿង “Iron Man” ទាំង ៤វគ្គ។ ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes បាន​ចុះ​ផ្សាយ​ថា ត្រឹម​តែ​ចន្លោះ​ខែ​មិថុនា ឆ្នាំ​២០១២ ដល់​ខែ​មិថុនា ឆ្នាំ​២០១៣ គេ​អាច​រក​បាន​ជាង ៧៥លាន​ដុល្លារ ៕

 

ចុចអាន៖វត្តមាន​ក្រុម​វីរបុរស Avengers ធ្វើឲ្យ​កក្រើក​​ផ្សារ​ទំនើប​នៅ​ឡុងដុង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail