បេនីយុំាង ព្រមាន​ធ្ងន់​ៗ​លើ​អ្នក​បង្ខូច​ឈ្មោះ​នាង

  • 2015-04-28 17:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត បេនីយុំាង បាន​ផ្ញើ​សារ​ព្រមាន​បុគ្គល​អនាមិក​ម្នាក់​ថា នឹង​មិន​រួច​ខ្លួន​ទេ ប្រសិន​បើ​ជន​នោះ​មិន​ព្រម​បញ្ឈប់​សកម្មភាព​មាន​ចេតនា​បង្កាច់​បង្ខូចឈ្មោះ​​នាង​ត​ទៅ​ទៀត។

 

“បើ​គាត់​មិន​បញ្ឈប់ នឹង​មិន​រួច​ខ្លួន​ទេ ស្រី​ក៏​ដោយ​ប្រុស​ក៏​ដោយ បើ​រក​ឃើញ ខ្ញុំ​អត់​លើក​លែង​ទេ ព្រោះ​ជា​ចេតនា​បង្ខូច​ឈ្មោះ​ខ្ញុំ​ហួស​ហេតុ​ពេក។ ខ្ញុំ​សុំ​ប្រាប់​ទៅ​ចុះ...ខ្ញុំ​កំពុង​រក​ច្បាប់​ឲ្យ​ជួយ​ហើយ!"។

 

 

បេនីយុំាង ដាច់​ចិត្ត​ធ្វើ​ការ​ព្រមាន​ខ្លាំង​ៗ​ដូច្នេះ បន្ទាប់​ពី​គណនី Facebook មួយ​ប្រើ​អត្តសញ្ញាណ​នាង​សរសេរ​ពាក្យ​អាសគ្រាម​ជា​ភាសា​ក្នុង​រឿង​ផ្លូវ​ភេទ​ដែល​នាង​យល់​ថា​ជា​ចេតនា​បង្ខូច​ឈ្មោះ​នាង​ធ្ងន់ធ្ងរ មិន​អាច​ទទួល​យក​បាន។

 

“កុំ​បំផ្លាញ​កិត្តិយស​ខ្ញុំ​ដោយ​យក​រូប​ខ្ញុំ​មក​លេង​បែប​ថោក​ទាប​អញ្ចឹង ហើយ acc នេះ​មិន​មែន​ជា​របស់​ខ្ញុំ​ទេ... Help share all fan .. Nas help tell monos cheap del play neng pong thank all:) ”។ បេនីយុំាង សរសេរ​លើ​គណនី​របស់​នាង។

 

 

ពាក់​ព័ន្ធ​នឹង​គណនី​មួយ​នោះ បេនីយុំាង ប្រាប់​ថា នាង​មិន​ដឹង​ថា​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ពេល នឹង​បាន​ធ្វើ​អ្វី​ខ្លះ​ពាក់​ព័ន្ធ​នឹង​រូប​នាង​ឡើយ។ ប៉ុន្តែ​នាង​ទើប​តែ​ដឹង​ថ្មី​ៗ បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​នាង​មួយ​ចំនួន​បាន​ប្រាប់​ឲ្យ​ដឹង និង​ខ្លះ​បាន​ផ្ញើ Link មក​ឲ្យ​តែ​ម្ដង​ទើប​នាង​ដឹង។ យុំាង ថ្លែង​ថា នាង​ខឹង​ហួស​ប្រមាណ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មិន​គួរ​ណា​គេ​យក​កិត្តិយស​នាង​មក​ជាន់​ឈ្លី​ដូច្នេះ។

 

តារា​ស្រី​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ​នាង​ទេ សូម្បី​ក្រុម​គ្រួសារ​នាង​ក៏​ខឹង​ខ្លាំង​ដែរ​ចំពោះ​រឿង​ដែល​បាន​កើត​ឡើង។ ដូច្នេះ​ហើយ ដាច់​ខាត​នាង នឹង​មិន​នៅ​ស្ងៀម​ឡើយ ដរាប​ណា​បុគ្គល​អនាមិក​នោះ​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន។ នាង​លើក​ឡើង​ថា នាង​កំពុង​ទុក​ដាក់​ការងារ​នេះ​លើ​សមត្ថកិច្ច ឯ​ខ្លួន​នាង​ក៏​មិន​នៅ​ស្ងៀម​ដែរ។

 

 

ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​បុរស​អត់​ពាក់​អាវ​ម្នាក់​ផង​ដែល​នាង​បាន​ព្រីន​ស្គ្រីន​គណនី​មួយ​នោះ​ផង បេនីយុំាង ស្នើ​ឲ្យ​ប្រិយមិត្ត​ចូល​រួម​ជួយ​នាង​បន្ថែម​ក្នុង​រឿង​នេះ​ផង។ “មាន​មិត្ត​ណា​ស្គាល់ Acc នេះ លេង​ដូច​ជា​ហួសហេតុ​ពេក​ហើយ ខ្ញុំ​មិន​ដែល​ស្គាល់​សោះ​មក​លេង​អីចឹង​ៗ បើ​ឲ្យ​ខ្ញុំ​រក​ឃើញ ខ្ញុំ​មិន​យល់​ថា​ស្រី ឬ​ប្រុស​ទេ...បើ​មិត្ត​ណា​បាន​ស្គាល់​ជួយ​ប្រាប់​ខ្ញុំ​ផង!”។

ករណី​ពី​គណនី Facebook ក្លែង​ក្លាយ​នេះ បេនីយុំាង មិន​មែន​ជា​តារា​ខ្មែរ​ទី​១​ឡើយ ដែល​បាន​ជួប​ប្រឈម ក្នុង​នោះលោក សាវិន ភីលីប និង នីកូ ជា​ដើម ក៏​ធ្លាប់​ជួប​ដែរ ប៉ុន្តែ​ក្នុង​ចំណោម​នេះ មាន​តែ​ករណី​របស់​តារា​ចម្រៀង នីកូ ប៉ុណ្ណោះដែល​ត្រូវ​បាន​បង្ក្រាបដោយ​សមត្ថកិច្ច​នា​ពេល​កន្លង​មក៕

អត្ថបទ៖ ទារិកា