អាជ្ញាធរ​អប្សរា​និយាយ​រឿង មកុដ​​មាស​បុរាណ​ ល្បី​ថា​​តម្លៃ​រាប់​លាន​ដុល្លារ​ត្រូវ​គេ​លក់

  • 2015-04-28 17:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ជាតិ​​​អប្សរា ​អះអាង​ថា មកុដ​មាស​បុរាណ​​មួយ​​ដែល​ត្រូវ​​បាន​អ្នក​លេង​បណ្ដាញ​សង្គម​​ចែក​ចាយ​​ព័ត៌មាន​​ព្រោងព្រាត​​ថា​រក​ឃើញ​ដោយ​កំណាយ​នៅ​ប្រាសាទ​តាព្រហ្ម​ ​​​និង​​ថា​ត្រូវ​បាន​គេ​លក់​ដូរ​​​ ​គឺ​ជា​ព័ត៌មាន​មិន​ពិត​​​ ​និង​ហៅ​ព័ត៌មាន​ជួញដូរ​នោះ​​​ថា​​​​ បង្ខូច​កិត្តិយស​​ទាំង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ ដែល​​អភិរក្ស និង​ជួសជុល​ប្រសាទ​​។  នេះ​បើ​តាម​​​ទំព័រ​​ហ្វេសប៊ុក​អាជ្ញាធរ​ជាតិ​​​​អប្សរា​​ប៉ុន្មាន​នាទី មុន​នេះ។​

 

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ចំពេល​​ដែល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​បាន​រីករាល​ដាល​ថា​ មកុដ​ឬ​ភ្នួង​សក់​​បុរាណ​ធ្វើ​ពី​មាស​នេះ កំពុង​ស្ថិត​ក្នុង​​​ការ​លក់​ដូរ ហើយ​ក្រុម​អ្នក​បណ្ដាញ​សង្គម​ក៏​បាន​រិះគន់​មិន​សំចៃ​​ទៅ​លើ​​រឿង​នេះ។ ការ​ប្រកាស​លើ​បណ្ដាញ​អ៊ីនធឺណេត​នេះ បាន​ធ្វើ​ឡើង​ដោយ​ភ្ជាប់​​​​ជាមួយ​​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​ មកុដ ដែល​នៅ​លើ​រូប​ភាព​បង្ហាញ​​ពី​កាលបរិច្ឆេទ​ថត​​ថ្ងៃ​ទី​ ២១​មីនា​២០១២។

 

ព័ត៌មានដែល​កំពុងមាន​ការជជែក​លើ​បណ្ដាញ​ហ្វេសប៊ុក

 

 

ប្រភព​ដដែល​ថា​ ​កាល​​ខែ​មីនា​២០១២ ​ស្ថាប័នឥណ្ឌា (ASI) ដែល​កំពុង ធ្វើ​ការ​អភិរក្ស ជួសជុល ប្រាសាទ​តាព្រហ្ម​ដោយ​សហការ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រទះ​ឃើញ មកុដ​ ឬ​ភ្នួង​សក់​ធ្វើ​ពីមាស ដែល​ជា​វត្ថុ​សិល្បៈ​មាន​តម្លៃ​ដ៏​កម្រ​នឹង​ជួបប្រទះ ក្នុង​ប្រវត្តិ​នៃសិល្បៈ​ខ្មែរ។ ភ្លាមៗ​នោះ​ស្ថាប័ន​ឥណ្ឌា​និង​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ធ្វើ​ការ​សិក្សា និង​លាង​សម្អាត​តាម បច្ចេកទេស​របស់​អ្នក​អភិរក្ស​វត្ថុ​បុរាណ​ក្រោម​ការ ដឹក​នាំ​និង​ចាត់​ចែង​ផ្ទាល់​របស់ ឯកឧត្តម អគ្គ​នាយក​ អាជ្ញាធរ​ជាតិ​អប្សរា។ កន្លង​មក​អាជ្ញាធរ​​ក៏​បាន​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​នេះ​ទៅ​សាធារណជន​​ដែរ។

 

អាជ្ញាធរ​​ជាតិ​អប្សរា​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​បន្ថែម​ថា៖ "​​អាជ្ញា​ជាតិ​​អប្សរា​​​សូម​ធ្វើ​ការ​អះអាង​ បញ្ជាក់​ជូន​សាធារណជន​ មេត្តា​ជ្រាប​ថា​​បច្ចុប្បន្ន​នេះ​ វត្ថុ​ដ៏​មាន​តម្លៃ​នេះ​​ត្រូវ​បាន​​រក្សា​ទុក​នៅ កន្លែង​មាន​សុវត្ថិភាព​​ ស្រប​តាម​គោលការណ៍​​​នៃ​ការ​អភិរក្ស​វត្ថុ​បុរាណ​​ ដែល​ជា​​មរតក​របស់​មនុស្ស​ជាតិ​​ទាំង​មូល​​។ ដោយ​មិន​មាន​ការ​លក់​ដូរ​​ដូច​​ការ​ចោទ​ប្រកាន់​ឡើយ។ ជា​ថ្មី​ម្ដង​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ បញ្ឈប់​នូវ​ការ​ផ្សាព្វផ្សាយ​ព័ត៌មាន​​​មិន​ពិត​​ ដែល​នាំ​ឲ្យ​ប៉ះពាល​​ដល់​កិត្តិយស​ របស់​ស្ថាបន​ជាតិ​និង​អន្តរជាតិ​ ដែល​កំពុង​បំពេញ​ការងារ​​អភិរក្ស​ ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​”៕

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​​​​