ឆាយ បូរ៉ា ស្នើ​លុប​បំបាត់​ការ​ផលិត DVD ក្លែងក្លាយ ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ញា

  • 2015-04-28 20:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាយ បូរ៉ា ផលិតករ និង​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ស្នើ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​លុប​បំបាត់​ការ​ផលិត VCD និង DVD ក្លែង​ក្លាយ​ដើម្បី​លើក​កម្ពស់ ក៏​ដូច​ជា​ការងារ​កម្មសិទ្ធិ​បញ្ញា​របស់​អ្នកនិពន្ធ ឬ​ផលិតករ។

 

លោក​ថ្លែង​ដូច្នេះ នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដី​ពី​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​រៀប​ចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សហការ​ជាមួយ Westec Media Limited និង​សមាគម Motion Picture Associationនៃ​កម្ពុជា។

 

 

គ្រា​នោះ ឆាយ បូរ៉ា ដែល​ជា​ប្រធាន​សមាគម​កុន​ខ្មែរ (Motion Picture Association of Cambodia)និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត បាន​លើក​ឡើង​ជា​ច្រើន​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា ពិសេស​ពី​ការ​រួមគ្នា​បំបាត់​ការ​ផលិត DVD ក្លែងក្លាយ​នៅ​កម្ពុជា។ ពីរ​ចំណុច​សំខាន់ៗ ដែល​ផលិតករ​រូប​នេះ បាន​លើក​ឡើង គឺ​លោក​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ស្តាប់ និង​ទស្សនា DVD Original។

 

បន្ថែម​ពី​លើ​នេះ អ្នក​ផលិត​រឿង ”3.5” ដែល​ទើប​ទទួល​បាន​ភ្លើង​ខៀវ​វិញ​ពី​ក្រសួង​វប្បធម៌​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​អ្នក​ផលិត​កុន​ខ្មែរ លោក​ក៏​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​មាន​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ​ដូចជា​រោង​ភាពយន្ត លេជិន ផ្លាទីនៀម និង​ស៊ីនីផ្លិច​នៅ​កម្ពុជា។

 

 

"បើ​នៅ​ក្នុង​កម្ពុជា​មិន​មាន​ទី​កន្លែង​សម្រាប់​បញ្ចាំង​រឿង​របស់​ខ្លួន​ទេ ឧស្សាហកម្ម​នេះ ក៏​នឹង​មិន​រីក​ចម្រើន​ដែរ។ ដូចនេះ​យើង​មាន​គោលការណ៍​របស់​យើង​មួយ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ឲ្យ​រោង​ភាពយន្ត​ដែល​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ពី​ប្រទេស​ផ្សេងៗ​ជា​ពិសេស Studio មក​ពី​ហូលីវូដ ដើម្បី​ឲ្យ​គ្រប់​គ្នា​អាច​រកទទួល​ទាន​បាន និង​ពង្រីក​វិស័យ​ភាពយន្ត​ត​ទៅ​ទៀត​"។ ឆាយ​ បូរ៉ា បន្ថែម។

 

ពាក់ព័ន្ធ​នឹង​ចំនុច​នេះ​ប្រធាន​សមាគម​ខ្មែរ​នៅ​កម្ពុជា​លោក ឆាយ បូរ៉ា​ បាន​បន្ត​ទៀត​ថា​កត្តា​ទាំងពីរ​នេះ​មាន​ការ​ទាក់ទង​គ្នា​រវាង​ផលិតករ​នៅ​ក្នុង​ស្រុក និង​រោង​ភាពយន្ត​ដែល​ទាមទារ​ឲ្យ​អ្នក​ផលិត​ចូល រួម​នៅ​ក្នុង​សមាគម​ដើម្បី​តាក់​តែង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​ទប់ស្កាត់ និង​ផលិតDVD ក្លែងក្លាយ​។

 

 

ជា​ថ្មី​ម្ដង​ទៀត លោក​បាន​សង្កត់​ដោយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ចូលរួម​គាំទ្រ​ការ​ផលិត​នូវ​ស្នាដៃ​របស់​ផលិតករ​ខ្មែរ​ចៀសវាង​ការ​ទិញ​នូវ DVD ក្លែង​ក្លាយ និង​បង្កើត​ឲ្យ​មាន​ផ្នែក​ជា​ច្រើន​ដើម្បី​ចូលរួម​តាម​ដាន​មិនមែន​គ្រាន់​តែ​បំបាត់ DVD ក្លែងក្លាយ​ទាំង​មូល​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​។

 

ជា​ចុង​ក្រោយ​ប្រធាន​សមាគម​ខ្មែរ លោក ឆាយ ​បូរ៉ា ​បាន​លើក​ទឹក​ចិត្ត និង​ស្នើសុំ​ឲ្យ​អ្នកលក់ DVD​មាន​ការ​ចូល​រួម​លក់​នូវ DVD original ដើម្បី​ជួយ​លើក​តម្កើង​នូវ​ស្នាដៃ​របស់​ម្ចាស់​ដើម​ហើយ​ក៏​ដើម្បី​រក្សា​នូវ​កម្មសិទ្ធិ​បញ្ញា​អ្នក​ដែល​បាន​ផលិត ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​និង​មាន​គេ​ទទួល​ស្គាល់៕

 

អត្ថបទ៖ ថា ម៉ាលីដា​

អត្ថបទពេញនិយម