ចម្លែកមែន! Audi ផលិតឥន្ធនៈរថយន្តចេញពីទឹកនិងខ្យល់
- 2015-04-29 20:36:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លែកមែន! Audi ផលិតឥន្ធនៈរថយន្តចេញពីទឹកនិងខ្យល់
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួនបានបង្កើតឥន្ធនៈដំបូងគេចេញពីទឹក និងខ្យល់ឈ្មោះថា "e-diesel" ក្នុងមន្ទីរពិសោធន៍ទីក្រុង Dresden។ ឥន្ធនៈថ្លានេះគឺត្រូវបានផលិតដោយក្រុមហ៊ុន Clean Tech របស់អាល្លឺម៉ង់ និង ក្រុមហ៊ុនផលិតរថយន្ត Audi សហការជាមួយ Sunfire។
ដំណើរការនោះគឺប្រើកាបូនឌីអុកស៊ីត (ទូទៅគឺជាឧស្ម័នចេញពីផ្ទះកញ្ចក់) ដែលត្រូវបានប្រមូលផ្ទាល់ពីខ្យល់ក្នុងបរិយាកាស។ ជាការពិតណាស់កាបូនឌីអុកស៊ីតគឺត្រូវបានបង្កើតឡើងយ៉ាងច្រើនដោយការដុតឥន្ធនៈហ្វូស៊ីល ហើយវាបង្កឲ្យឡើងកម្ដៅផែនដីទៀតផង។ ឥឡូវនេះក្រុមហ៊ុន Sunfire បាននិយាយថា ខ្លួនអាចកែច្នៃឧស្ម័ននេះឲ្យទៅជា (carbon-neutral Fuel) ឥន្ធនៈដែលមិនបញ្ចេញសារធាតុកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាសដើម្បីប្រើប្រាស់ឲ្យកាន់តែមានប្រយោជន៍។
មិនដូចទៅនឹងប្រេងឥន្ធនៈហ្វូស៊ីលធម្មតានោះទេ "e-diesel"គឺមិនផ្ទុកសារធាតុស្ព័នធ័រ និងសារធាតុចម្លងរោគផ្សេងទៀតឡើយ។ "គ្រឿងម៉ាស៊ីននឹងដំណើរការល្អជាងម៉ាស៊ីនប្រើឥន្ធនៈធម្មតា ហើយវាក៏បញ្ចេញនូវសារធាតុពុលតិចទៀតផង"។ នេះបើតាមសំដីរបស់ប្រធានផ្នែកបច្ចេកទេសក្រុមហ៊ុន Sunfire លោក Christian von Olshausen។
ឥន្ធនៈប្រភេទថ្មីនេះគឺត្រូវបានបង្កើតឡើងបីដំណាក់កាល។ ដំបូងអ្នកស្រាវជ្រាវដុតកម្ដៅចំហាយទឹកឲ្យដល់សីតុណ្ហភាពខ្ពស់បំផុត (លើស ៨០០ អង្សាសេ ដោយប្រើថាមពលបៃតងដូចជាថាមពលចេញពីផ្ទាំងសូឡា ឬ ថាមពលខ្យល់) ដើម្បីបំបែកវាទៅជាអ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន។ Audi បាននិយាយថា វិធីបែបនេះគឺមានប្រសិទ្ធភាពជាងវិធីធម្មតាដែលគេកំពុងធ្វើសព្វថ្ងៃនេះ។
បន្ទាប់មកទៀតផ្សំអ៊ីដ្រូហ្សែនជាមួយកាបូនឌីអុកស៊ីតនៅក្រោមសម្ពាធនិងនៅកម្រិតសីតុណ្ហភាពខ្ពស់ ដើម្បីបង្កើតទៅជាប្រេងឆៅពណ៌ខៀវ និងដំណាក់កាលចុងក្រោយប្រេងឆៅពណ៌ខៀវគឺត្រូវបានចម្រាញ់ទៅឥន្ធនៈដែលស្រដៀងទៅនឹងវិធីសាស្ត្រចម្រាញប្រេងឆៅហ្វូស៊ីលទៅជាប្រេងសាំងអញ្ចឹងដែរ។
ឥន្ធនៈប្រភេទថ្មីនេះគឺត្រូវបានប្រើសាកល្បងដោយជោគជ័យ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ និងសិក្សាស្រាវជ្រាវអាល្លឺម៉ង់ អ្នកស្រី Johanna Wanka កាលពីសប្ដាហ៍មុន ដោយបានចាក់ឥន្ធនៈនេះចំនួន ៥ លីតទៅក្នុងឡានរបស់អ្នកស្រីផ្ទាល់។ Sunfire បាននិយាយថា ខ្លួនគ្រោងផលិត "e-diesel" ៣០០០ លីត្របន្ថែមនៅខែបន្ទាប់ ហើយវាមានតម្លៃប្រហែលជា ១,១០ ទៅ ១,៣០ ដុល្លារក្នុងមួយលីត្រមុនកាត់ពន្ធ៕
អានបន្ត៖ ភរិយា Beckham បញ្ចូលគំនិតអ្វីខ្លះ ពេលរចនា Range Rover?
ប្រែសម្រួល៖ សំនៀង ប្រភព៖ CNN