និស្សិតខ្មែរមួយរូបចែករំលែកបទពិសោធន៍ការសិក្សាអាហារូបករណ៍នៅថៃ
- 2015-05-04 18:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតខ្មែរមួយរូបចែករំលែកបទពិសោធន៍ការសិក្សាអាហារូបករណ៍នៅថៃ
ចន្លោះមិនឃើញ
យុវជនខ្មែរមួយរូបបានជាប់អាហារូបករណ៍សិក្សាបន្តអនុបណ្ឌិតផ្នែកវិស្វករសំណង់ស៊ីវិលនៅឯប្រទេសថៃរយៈពេល ២ ឆ្នាំ។ ឥឡូវយុវជនរូបនោះបានរៀបរាប់ពីការសិក្សានៅទីនោះ និងឱកាសដែលបានសិក្សាដើម្បីប្រិយមិត្តសិក្សាស្វែងយល់។
ហាក់ រ៉ានី ជានិស្សិតមួយរូបបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគ្រប់គ្នាស្គាល់ថាសាលាតិចណូ។ បន្ទាប់ពីបញ្ចប់ផ្នែកវិស្វករស្ថាបត្យកម្មរយៈពេល ៥ ឆ្នាំពីតិចណូ រ៉ានីក៏បានសុំអាហារូបករណ៍សិក្សាបន្តអនុបណ្ឌិតនៅឯប្រទេសថៃដោយជោគជ័យ។
រ៉ានីបន្តថា រូបលោកបានដឹងព័ត៌មានសុំអាហារូបករណ៍តាមរយៈមិត្តភ័ក្ដិ រួចក៏បានរៀបចំឯកសារផ្សេងៗដែលសាលាតម្រូវ។ បន្ទាប់ក៏បានដាក់បញ្ជូនឯកសារទៅតាមគេហទំព័ររបស់សាលានោះផ្ទាល់ ដោយមិនបានចំណាយថវិកា ឬពេលវេលាយូរទេ។ យុវជននេះថា អាហារូបករណ៍នេះជាកម្មវិធីសម្រាប់សិស្សឆ្នើមបរទេស EFS នៃវិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ ស៊ីរីនដន (SIIT)។
រ៉ានី ថា ការសិក្សារបស់គេទាក់ទងទៅការស្រាវជ្រាវពីសំណង់អាគារ និងហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់នានា។ ដូចជាទាក់ទងទៅនឹងការប៉ាន់ស្មាន និង វាយតម្លៃទៅលើសំណង់អគារ ឬ ហេដ្ឋារចនាសម្ពន្ធផ្សេងៗ ត្រូវធ្វើរបៀបណា រយៈពេលប៉ុន្មាន ចំនួនទឹកប្រាក់ប៉ុន្មានត្រូវចំណាយនិងរយៈពេលត្រូវជួសជុលជាដើម។
រ៉ានីបន្តទៀតថា សម្រាប់ការសិក្សានៅ SIIT ត្រូវបានបែងចែកជាពីរផ្នែក ហើយការសិក្សានៅទីនេះធ្វើឡើងតាមប្រព័ន្ធក្រេឌីត។ តម្រូវឲ្យនិស្សិតថ្នាក់អនុបណ្ឌិតរៀន ១ ឆមាស និង ៣ ឆមាសទៀតសម្រាប់ធ្វើ Research។ មុខវិជ្ជាសិក្សាចែកចេញជា ២ ប្រភេទ គឺ Core Course ដែលតម្រូវឲ្យនិស្សិតត្រូវតែរៀន និង Elective Course និស្សិតអាចជ្រើសរើសតែមុខវិជ្ជាដែលខ្លួនពេញចិត្តមករៀន។ ការរៀនមុខវិជ្ជានីមួយៗមិនចាំបាច់ឲ្យត្រូវតាមលំដាប់លំដោយទេ មានន័យថា អាចរៀនមុខវិជ្ជាណាមុនក៏បាន ហើយមួយឆមាសប៉ុន្មានមុខក៏បាន។ ដើម្បីបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិតត្រូវរៀនយ៉ាងណាឲ្យ Core Course និង Elective Course បំពេញគ្រប់ចំនួនក្រេឌីត ដោយសរសេរនិក្ខេបបទមួយ ព្រមទាំងបំពេញលក្ខខណ្ឌមួយចំនួនទៀតដែលសាលាតម្រូវ។
រ៉ានីបញ្ជាក់ថា ដើម្បីធ្វើឲ្យការសិក្សាមានលទ្ធផលល្អ ត្រូវការការស្រាវជ្រាវនិងអនុវត្តជាប្រចាំ។ យ៉ាងណាការជួយគាំទ្រពីសាស្រ្តាចារ្យ បុគ្គលិកក៏បានរួមចំណែកធ្វើឲ្យការសិក្សារបស់គេអាចដំណើរការមានភាពរលូន។ ចុងក្រោយ រ៉ានី មានមោនៈដែលមានឱកាសសិក្សានៅទីនោះ ដែលមានសិស្សនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗ ក៏បានផ្តល់បទពិសោធន៍ថ្មីធ្វើឲ្យគេអាចស្វែងយល់ពីវប្បធម៌ខុសៗគ្នា ក៏ដូចជាសិក្សាពីគ្នាទៅវិញទៅមក។
ចុចអាន៖ ដល់ដីកូរ៉េមួយអាទិត្យ សិស្សពូកែ IT មួយរូបនិយាយពីចំណាប់អារម្មណ៍ត្រៀមចូលសមរភូមិសិក្សា
អត្ថបទ៖ ដារ៉ាឆានី