ដល់ដីកូរ៉េមួយអាទិត្យ សិស្សពូកែ IT មួយរូបនិយាយពីចំណាប់អារម្មណ៍ត្រៀមចូលសមរភូមិសិក្សា
- 2015-04-06 17:39:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ដីកូរ៉េមួយអាទិត្យ សិស្សពូកែ IT មួយរូបនិយាយពីចំណាប់អារម្មណ៍ត្រៀមចូលសមរភូមិសិក្សា
ចន្លោះមិនឃើញ
ញឹម ចន្ទបុរី ជានិស្សិតពូកែ IT មួយរូបក្នុងចំណោមនិស្សិត ១១ នាក់ផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌល Korea Software HRD Center និងមានឱកាសទៅបំប៉នជំនាញផ្នែកព័ត៌មានវិទ្យារយៈពេលមួយឆ្នាំនៅប្រទេសកូរ៉េ។
បុរីបានឲ្យដឹងថា៖ "ខ្ញុំទើបមកដល់កូរ៉េខាងត្បូងបានមួយអាទិត្យ ហើយការសិក្សាមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ ខ្ញុំមកនេះគឺមិនមែនជាសិស្សទេ គ្រាន់តែជាអ្នកមកហ្វឹកហ្វឺនជំនាញ Mobile UX Design រយៈពេល ១ ឆ្នាំនៅក្រុមហ៊ុន Software ដ៏ធំមួយឈ្មោះថា Webcash ដែលជាដៃគូសហការពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Korea Software HRD។
យុវជនរូបនេះថា មកទីនេះបានបន្ទាប់ពីបានបញ្ចប់ការសិក្សានៅមជ្ឍមណ្ឌល Korea Software HRD និងឆ្លងកាត់ការជម្រុះពីសិស្សនិស្សិតជាច្រើនទៀត ដើម្បីមានឱកាសមកហ្វឹកហ្វឺនជំនាញនៅក្រុមហ៊ុនជាដៃគូនៅកូរ៉េ។
យុវជន មានស្រុកនៅភ្នំពេញរូបនេះបញ្ជាក់ថា បញ្ហាដំបូងសម្រាប់ការឈានជើងដល់ដីកូរ៉េភ្លាមគឺ ការរស់នៅ និង ការហូបចុច ព្រោះនៅទីនេះត្រជាក់ក្បែរសូន្យអង្សាសេ ដែលជាអាកាសធាតុមួយខុសគ្នាស្រឡះពីកម្ពុជា។ ចំណែកអាហារមានតម្លៃថ្លៃ ដូចនេះត្រូវបង្ខំចិត្តចម្អិនខ្លួនឯងដើម្បីសន្សំសំចៃ។
បុរីបន្តថា សម្រាប់ការទំនាក់ទំនងមិនជាបញ្ហាទេ ដោយសារលោកអាចប្រើប្រាស់ភាសាកូរ៉េនិងអង់គ្លេសបានសម្រាប់ការប្រាស្រ័យទាក់ទងគ្នា។
យុវជនកូនច្បងរូបនេះបន្ថែមថា លោកមានអារម្មណរំភើបរីករាយ នៅពេលចូលដល់ទឹកដីកូរ៉េភ្លាមព្រោះបានឃើញអគារខ្ពស់ ស្អាតៗជាច្រើន ចំណែកបរិស្ថានស្រស់បំព្រង គ្មានសំរាម និង ធូលី និងមានរបស់របរប្លែកៗជាច្រើនដែលមិនធ្លាប់បានឃើញ។ ជាមួយបរិយាកាស និងឱកាសដែលអាចមកបំប៉នជំនាញនៅប្រទេសកូរ៉េ បុរីថានឹងប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ សម្រាប់ការក្រេបយកចំណេះដឹងនិងបទពិសោធន៍ពីការរីកចម្រើននៃបច្ចេកវិទ្យារបស់ប្រទេសនេះដើម្បីអភិវឌ្ឍខ្លួនឯងសម្រាប់ពេលអនាគត។
អត្ថបទ៖ ដារ៉ាឆានី