ឈុត​នេះ នាំ​ឲ្យ "បង​ទុំ អូន​ទាវ ២០១៥" របស់ Rock ជួប​ភាព​ស្រពេចស្រពិល

  • 2015-05-05 16:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម Rock រឿង “បង​ទុំ អូន​ទាវ ២០១៥" ជួប​ភាព​រឿង​ស្រពិចស្រពិល​សម្រាប់​ថ្ងៃ​ដាក់​បញ្ចាំង ក្រោយ​ក្រុម​ផលិត​បាន​កំណត់​ថ្ងៃ​បញ្ចាំង​ជា​មុន​ថា នឹង​បញ្ចាំង​ថ្ងៃ​ទី ២១ ឧសភា ខាង​មុខ​នេះ តែ​​ក្រសួង​វប្បធម៌​នៅ​មិន​ទាន់​​យល់​ស្រប​លើ​ឈុត​មួយ​ចំនួន​​នៅ​ឡើយ។ នេះ​បើ​តាម​ព័ត៌មាន​ធ្លាយ​ចេញ​មក។

 

ប្រភព​ម្នាក់​បាន​បង្ហើប​ថា ក្រសួង​មិន​ទាន់​ឯកភាព​លើ​ពីរ​ចំណុច​សំខាន់​ៗ ទី​១​ចំណង​ជើង​ដែល ស្រដៀង​គ្នា​នឹង​រឿង "ទុំ​ទាវ" ដែល​ក្រសួង​បារម្ភ​ថា ខ្លាច​ប៉ះពាល់​ដល់​រឿង​ពី​បុរាណ​មួយ​នេះ។ ទី​២ ក្រសួង​មិន​ទាន់​ឯកភាព​ត្រង់​ឈុត ព្រះសង្ឃ​រង​សិល្ប៍​របស់​ខ្មោច​ហើយ​ខ្ទាត​ទៅ​ទើរ​លើ​គុម្ព​ឫស្សី​។

 

 

 ឈុត​ព្រះ​សង្ឃ​រង​វិជ្ជា​សិល្ប៍​ខ្មោច​ស្រី ខ្ទាត​ទៅ​លើ​ដើម​ឬស្សី ដែល​ជា​ឈុត​ក្នុង​រឿង "បង​ទុំ អូន​ទាវ ២០១៥"

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ លោក យឹម សុ​សត្យា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់ Rock បាន​ទទួល​ស្គាល់ ប៉ុន្តែ​លោក​ថា ១​ចំណុច​ក្នុង​ចំណោម​ពីរ ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ហើយ។ ដោយ​ឡែក​ចំណុច​មួយ​ទៀត​ដែល​មិន​ទាន់​ឯកភាព​គ្នា​នោះ គឺ​ត្រង់​ឈុត​តតាំង​គ្នា​រវាង​ព្រះសង្ឃ និង​ខ្មោច​ស្រី​សម្ដែង​ដោយ តូតា។ឈុត​នេះ តាម​សាច់​រឿង ព្រះសង្ឃ​បាន​ខ្ទាត​ទៅ​ទើរ​លើ​គុម្ព​ឬស្សី ក្រោយ​រង​វិជ្ជា​សិល្ប៍​របស់​ខ្មោច​ស្រី។

 

ត្រង់​ឈុត​នេះ ប្រធាន​គ្រប់​គ្រង​រូប​នេះ បញ្ជាក់​ថា ក្រសួង​កំពុង​ត្រួត​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ ដោយ​សារ​ថា ព្រះសង្ឃ​មិន​អាច​ចាញ់​ខ្មោច​ព្រាយ​បិសាច​នោះ​ឡើយ។

 

ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​លោក​ថ្លែង​ថា ភាពយន្ត​បែប​កំប្លែង​សើច​សប្បាយ​រឿង "បង​ទុំ អូន​ទាវ ២០១៥" របស់​លោក ទំនង​មិន​អាច​ដាក់​បញ្ចាំង​ទាន់​តាម​កាល​បរិច្ឆេទ​ខាង​លើ​ឡើយ។ ទោះ​យ៉ាង​នេះ​ក្ដី អ្នក​គ្រប់​គ្រង​រូប​នេះ​ប្រាប់​ទៀត​ថា នាយក​ដ្ឋាន​ភាពយន្ត​បាន​អនុញ្ញាត​ហើយ ​នៅ​តែ​ខាង​ក្រសួង​ក្រសួង​ប៉ុណ្ណោះ។ លោកថា លោក​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា អ្វី​ៗ​នឹង​អាច​រក​ចំណុច​រួម​គ្នា​បាន។

 

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ ភាគី​ខាង​ក្រសួង មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ។ នៅ​មុន​ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​រឿង "បង​ទុំ អូន​ទាវ" មាន​រូបភាព​ស្ដី​ពី​ព្រះសង្ឃ​ពីរ​បី​អង្គ​គង់​លើ​ដើម​ឬស្សី ដោយ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​ទាំង​នោះ តាម​លោក យឹម សុសត្យា ទាំង​នោះ​គឺ​ជា​រូបភាព​របស់​សាច់​រឿង "បង​ទុំ អូន​ទាវ ២០១៥" របស់​លោក​នេះ​ហើយ។

 

“មិន​ត្រឹម​នៅ​យើង​ទេ ផ្អើល​ដល់​ថៃ​ទៀត សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ ដោយ​ពួក​គេ​ថា ជា​រឿង​កម្រ​ឃើញ និង​មិន​បាន​ដឹង​ថា ជា​ឈុត​ក្នុង​រឿង​យើង​ទេ(សើច)"។

 

“បង​ទុំ អូន​ទាវ ២០១៥" ជា​ភាពយន្ត​បែប​កំប្លែង ចូល​រួម​សម្ដែង​ដោយ នាយ​ក្រូច តូតា នាយ តេឡេ នាង អ៊ីត  និង​តារា​ជា​ច្រើន​ទៀត។ ចំពោះ​សាច់​រឿង​យ៉ាង​ណា​នោះ លោក យឹម សុសត្យា មិន​ទាន់​បញ្ចេញ​នា​ពេល​នេះ​ទេ រង់​ចាំ​ដល់​ថ្ងៃ​បញ្ចាំង ក្នុង​នោះ​លោក​សង្ឃឹម​ថា ភាពយន្ត​របស់​លោក នឹង​បាន​ចេញ​បញ្ចាំង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ៕

 

អត្ថបទ៖ ទារិកា

រូបភាព៖ ផ្ដល់​ដោយ Rock