មើល​ពី​ជីវិត​តស៊ូ​របស់​ជយលាភី​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ ចាន់ គង់ការ

  • 2015-05-05 19:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​បាន​ជាប់​ជយ​លាភី​លេខ១​នៅ​ក្នុង​កម្មវិធី​ កំពូល​តារា​បង្ហាញ​ម៉ូដនៅ​កម្ពុជា​រួច​មក​ គង់ការ ក៏​បាន​កែ​ប្រែ​ជីវិត​ថ្មី​មួយ​ដែល​ទៅ​ណា​មក​ណា​មាន​គេ​ស្គាល់​និង​ទទួល​បាន​ការ​ថត​ស៉្បត​ជា​ច្រើន​ផង​ដែរ​។

 

 

យ៉ាង​ណា​មិញ​តើ​ជីវិត​មុន​ពេល​ចូល​សិល្បៈ​នេះ​រូប​នាង​ធ្លាប់​បាន​ឆ្លង​កាត់​នូវ​រឿងរ៉ាវ​សប្បាយ​រីករាយ​និង​ជូរចត់​មួយ​ចំនួន។ ស្ដាប់​ការ​រៀប​រាប់​របស់ ចាន់ គង់​ការ តាម​រយៈ​គេហទំព័រ Sabayទាំង​អស់​គ្នា។

ជីវិត​មុន​ពេល​មក​ភ្នំពេញ

​ដោយ​សារ​តែ​ជីវភាព​មាន​ភាព​ខ្វះខាត​ស្រូវ​ស្រែ​ក៏​មិន​ទទួល​បាន​ផល​ឪពុក​ម្តាយ​របស់ គង់ការ បាន​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​គ្រាន់​តែទុក​ប្រាក់​​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។

 

"បង​អើយ...ពេល​នោះ​ជីវភាព​ខ្ញុំ​មាន​ភាព​លំបាក​ខ្លាំង​ពេក​ទើប​ធ្វើ​ឲ្យ​ម៉ែ​ពុក​ខ្ញុំ​សម្រេច​ចិត្ត​ទៅ​ធ្វើការ​នៅ​ថៃ​ ហើយ​ពេល​នោះ​ខ្ញុំ​អាយុ​បាន​១៥​ឆ្នាំ​ដែរ​និង​នៅ​សល់​តែ​បង​ប្អូន​តូច​៤​នាក់​ម៉ង់ៗ​មិន​ដឹង​ថា​ត្រូវ​ចាប់​អី​ធ្វើ​អី​នោះ​ទេ ខណៈ​គាត់​បាន​ទុក​លុយ​ឲ្យ​តែ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​"។ គង់ការ ប្រាប់​ទាំង​អួល​ដើមក៖

 

២០​ម៉ឺន​រៀល​មិន​អាច​ដោះ​ស្រាយ​ជីវភាព​បាន​រយៈ​ពេល​យូរ​នោះ​ទេ។ គង់ការ ថ្លែង​ថា "​លុយ​២០​ម៉ឺន​រៀល​ចេះ​តែ​អស់​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ចុង​ក្រោយ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​រក​ការងារ​ធ្វើ​តិច​តួច​ដើម្បី​បន្ត​រាប់​រង​ជីវភាព"។

 

 

គង់ការ បាន​ទៅ​ដាក់​ពាក្យ​នៅ​អង្គការ​មួយ​ដែល​គេ​បាន​ជ្រើស​រើស​កុមារ​ណា​ដែល​មាន​ជីវភាព​ក្រីក្រ​លំបាក។ ជា​លទ្ធផល នាង និង​បង​ស្រី​ក៏​បាន​ជាប់​ទៅ​នៅ​អង្គការ​មួយ​នោះ ដោយ​ឡែក​ប្អូន​តូច​ៗ​របស់​នាង ត្រូវ​បាន​មីង​ដែល​នៅ​ជិត​ផ្ទះ​យក​ទៅ​នៅ​ជាមួយ​ប៉ុន្តែ​មិន​បាន​រៀន​សូត្រ​អី​ទេ។

 

ក្នុង​ការ​ស្នាក់​នៅ​និង​រៀន​សូត្រ​នៅ​អង្គការ​បាន​ជិត​៣​ឆ្នាំ គង់ការ បាន​បញ្ចប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ក្នុង​អង្គការ។ បន្ទាប់​ពី​នោះ​ភ្លាម​ៗ គង់​ការ មិន​ទាន់​បាន​បន្ត​នៅ​មហា​វិទ្យាល័យ​នោះ​ទេ​ក៏​ព្រោះ​តែ​ប្អូនៗ​មិន​បាន​រៀន​សូត្រ។ ដូច្នេះ​រូប​នាង​បាន​សម្រេច​ចិត្ត​ថា រៀន​ជំនាញ​វិញ​ដើម្បី​ឆាប់​មាន​ការងារ​ធ្វើ និង​បាន​ប្រាក់​ឲ្យ​ប្អូនៗ​បាន​ចូល​រៀន​សូត្រ​នឹង​គេ​។

 

ដោយ​សារ​តែ​សព្វ​ថ្ងៃ​វិស័យ​ទីផ្សារ​និង​សណ្ឋាគារ​មាន​ភាព​រីក​ចម្រើន គង់​ការ ក៏​បាន​សម្រេច​រៀន​ជំនាញ​ខាង​ផ្នែក​សណ្ឋាគារ​នៅ​ខេត្ត​សៀមរាប​បាន​រយៈពេល​ជិត​១​ឆ្នាំ ហើយ​ក្រោយ​មក​ក៏​បាន​បន្ត​មក​ធ្វើ​ការ​នៅ​ទី​ក្រុង​ភ្នំពេញ​វិញ។

 

ជីវិត​ពេល​នៅ​ភ្នំពេញ

 

បន្ទាប់​ពី​បាន​បញ្ចប់​ការ​រៀន​ជំនាញ​​​នៅ​ខេត្ត​សៀមរាប​រួចមក​ ម្ចាស់​ជយ​លាភី​កំពូល​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​ក៏​បាន​បន្ត​ដំណើរ​ជីវិត​មក​ដល់​ទី​ក្រុង​លើក​ដំបូង​ដែល​ចម្រុះ​ទៅ​ដោយ​ភ្លើង​ពណ៌​ហើយ​ក៏​ជា​ទីកន្លែង​ដែល​មាន​ប្រកួត​ប្រជែង​គ្នា​និង​ថ្មី​សម្រាប់​រូប​នាង​ផង​ដែរ។

 

 

 (រូបថត៖ ផ្ដល់​ដោយ គង់ការ)

 

"បើ​ទោះ​ជា​អ្វី​ៗ​វា​មាន​មាន​ភាព​ថ្មី​សម្រាប់​ខ្ញុំ​ក៏​ដោយ​ក៏​ខ្ញុំ​មិន​ចុះចាញ់​នោះ​ទេ ខ្ញុំ​បាន​ទៅ​ដាក់​ពាក្យ​សុំ​ធ្វើការ​នៅ​សណ្ឋាគារ​មួយ​ដើម្បី​ធ្វើការ​យក​លុយ​ចិញ្ចឹម​គ្រួសារ តែ​ពេល​នោះ ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​តិចតួច​ប៉ុណ្ណោះ ព្រោះ​យើង​ពុំ​ទាន់​មាន​បទ​ពិសោធន៍"។

 

ការងារ​មិន​អាច​នៅ​តែ​មួយ​កន្លែង​នោះ​ទេ​ តារា​បង្ហាញ​ម៉ូដ​កំពូល​នៅ​កម្ពុជា​ចាន់ គង់​ការ បាន​ស្វែង​រក​ការងារ​ជាច្រើន​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​បន្ថែម​ និង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ។ ក្រោយ​មក​នាង​ក៏​បាន​ការងារ​ថ្មី​ដែល​មាន​មុខ​តំណែង​ខ្ពស់​ជាង​មុន​នៅ​តាម​សណ្ឋាគារ​មួយ​ចំនួន​ដូចជា សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា តួនាទី Front Desk Agent  ណាហ្គាវើល ​តួនាទី​ជា Sales Consultant  និង​កាំបូឌីយ៉ាណា​ជាដើម មុខ​តំណែង​ជា Sales and Marketing Executive ។

 

សព្វថ្ងៃ​នេះ ចាន់ គង់​ការ ​ក៏​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​ឡាន Porsche ខាង​អ្នក​ប្រតិបត្តិ​ផ្នែក​លក់​ផង​ដែរ។ គង់ការ ថ្លែង​ថា នាង​ ពិត​ជា​នឹក​ស្មាន​មិន​ដល់​ឡើយ​ថា​ពី​ការ​ប្រែ​ប្រួល​ជីវភាព ដែល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន និង​ពេល​នេះ។ "ខ្ញុំ​មិន​នឹក​ស្មាន​ថា​មាន​ថ្ងៃនេះ និង​មិន​ចង់​ជឿ​ទាល់​តែ​សោះ"។

 

ជីវិត​កំឡុង​ពេល​ប្រលង និង​ក្រោយ​ពេល​ជាប់​ក្នុង​កម្មវិធី តារា​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា

 

ដោយសារ​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​ជា​ពិសេស​ខាង​ការ​បង្ហាញ​ម៉ូដ​កញ្ញា​តែងតែ​តាម​ដាន​កម្មវិធី​បង្ហាញ​ម៉ូដរបស់​អាមេរិក​នានា​ជាប់ និង​ខិត​ខំ​មើល​ថា​តើ​គេ​ធ្វើអ្វី​ខ្លះ​ហើយ គង់​ការ បាន​ប្ដេជ្ញា​ថា ​បើ​មាន​កម្មវិធី​នោះ​មក​ដល់​ស្រុក​ខ្មែរ​រូប​នាង​នឹង​ដាក់​ពាក្យ​ប្រលង​ឲ្យ​ទាល់​តែ​បាន​។

 

 

អ្វី​ដែល​ការ​គិត​ទុក​ជា​មុន​របស់ គង់ការ​ ពិតជា​មិន​ធ្វើ​ឲ្យ​រូប​នាង​ខក​ចិត្ត​នោះ​ទេ ព្រោះ​កម្មវិធី​នោះ​ពិតជា​មក​ដល់​ស្រុក​ខ្មែរ។ នាង​ក៏​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត រហូត​បាន​ជាប់​ជយលាភី​ជា​កំពូល​តារា​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​ទៀត​ផង​។

 

ក្រោយ​ពី​បាន​ទទួល​បាន​ចំណាត់​លេខ​១​ក្នុង​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូដកម្ពុជា Cambodia's​  Next​ Top​ Model​រួច​មក​ គង់ការ ​គឺ​មាន​ការ​រវល់​ខ្លាំង​នឹង​ការងារ​សិល្បៈ​ផង​និង​ការងារ​ពេញ​ម៉ោង​នៅ​ក្រុមហ៊ុន​ឡាន​ Porsche​ ក៏​មាន​ការ​រវល់​ផង​ដែរ​។

 

 

ចាន់ គង់ការ ក្នុង​ម៉ោង​បំពេញ​ការងារ(រូបថត៖ ផ្ដល់​ដោយ គង់ការ)

 

ត្រលប់​ក្រោយ​បន្តិច​វិញ កំឡុង​ពេល​ដែល​រូប​នាង​ប្រលង​នៅ​ក្នុង​កម្មវិធី Cambodia's Next Top Modelនាង​ក៏​បាន​សុំ​គេ​ព្យួរ​ការងារ។ គង់ការ ថ្លែង​ដោយ​អរគុណ​ជា​អនេក ចំពោះ​ក្រុមហ៊ុន​របស់​នាង ដែល​មាន​ការ​យោគយល់ និង​ថែម​ទាំង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង​​ទៀត។

 

ចាន់ ​គង់​ការ​ មាន​អាយុ ២៣​ឆ្នាំ ជា​កូន​ទី២​ក្នុង​ចំណោម​បង​ប្អូន​៥​នាក់​ ហើយ​នាង​គឺ​​ជា​អ្នកមក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្រោយ​ជាប់​ជយលាភី គង់ការ​ បាន​ថត​ឲ្យ SOVRIN Magazine​, Fashion​ Lab Magazine​, Ladies​ magazine​ and​ Asia​ Life​ Magazine ជា​ដើម។ ក្រៅ​ពី​នេះ នាង​ក៏​ធ្លាប់​បាន​ដើរ​ម៉ូដ​ឲ្យ Coca-​cola និង​ធ្វើ​ការ​ពេញ​ម៉ោង​នៅ​ក្រុមហ៊ុន​ឡាន Porsche ក្នុង​មុខ​តំណែង​ជា អ្នក​ប្រតិបត្តិ​ផ្នែក​លក់៕

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី