Ronaldo ​បរិច្ចាគ​ប្រាក់​ជិត​៨​លាន​ដុល្លារ​ដល់​ប្រជាជន​រងគ្រោះ​ដោយ​រញ្ជួយ​ដី​នៅ​នេប៉ាល់

  • 2015-05-07 16:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Cristiano Ronaldo ​បាន​បរិច្ចាគ​ប្រាក់​៧​លាន​អឺរ៉ូ (៧,៩​លាន​ដុល្លារ​អាមេរិក) ​ជួយ​ដល់​ប្រជាជន​រង​គ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដីក្នុង​ប្រទេស​នេប៉ាល់។ នេះ​បើ​តាម​កាសែត​នៅ​ប្រទេស​ព័រទុយហ្គាល់​បាន​ចុះ​ផ្សាយ។

 

 

កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មេសា​កន្លង​ទៅ​នេះ គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៨​រ៉ិចទ័រ​បាន​កើត​ឡើង​ក្នុង​ប្រទេស​នេប៉ាល់​ ដែល​​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង ៧ ៥០០​នាក់ ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ បន្ទាប់​ពី​មាន​រឿង​ដ៏​សោកសៅ​នេះ​កើត​ឡើង តារា​ល្បី​ៗ​មួយ​ចំនួន​បាន​នាំ​គ្នា​បរិច្ចាគ​ប្រាក់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ ដែល​​ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ម្នាក់​ផង​ដែរ។

 

បើ​យោង​ទៅ​តាម​កាសែត noticiasaominuto ​របស់​ប្រទេស​ព័រទុយហ្គាល់​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​បាន​ផ្ដល់​ជំនួយ​ជា​សាច់​ប្រាក់​ចំនួន​៧​លាន​អឺរ៉ូ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​កំពុង​ខ្វះខាត​ទាំង​ស្បៀង​អាហារ​ និង​កន្លែង​ស្នាក់​នៅ។

 

 

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ ដែល​អតីត​កីឡាករ Manchester United ​រូប​នេះ​បាន​បរិច្ចាគ​ប្រាក់​ជួយ​ប្រជាជន​រង​គ្រោះ ពោល​គឺ​កាល​ពី​ឆ្នាំ​មុន​រូប​គេ​ក៏​បាន​បរិច្ចាគ​ប្រាក់​១,៥​លាន​អឺរ៉ូ​ផង​ដែរ​ដើម្បី​ជួយ​ក្មេង​ៗ​នៅ​តំបន់កាហ្សា។ គ្រា​នោះ​ដែរ កំលោះ​កូន​មួយ​រូប​នេះ​ក៏​បាន​ផ្ដល់​​ស្បែក​ជើង​មួយ​គូ​ដល់​ម្ដាយ​កុមារ​ម្នាក់​ដែល​គ្មាន​ស្បែក​ជើង​ពាក់ និង​អាវ​ Real Madrid ​ដើម្បី​ទុក​ដណ្ដប់​ឱ្យ​កូន​កំពុង​ដេក​ឈឺ​នៅ​លើ​ទ្រូង​អ្នក​ម្ដាយ​ម្នាក់​នោះ​ផង​ដែរ៕

 

ចុចអាន៖ Messi ​ស៊ុត​២​ Assist ១ ជួយ​ Barca សង​សឹក​បាន​សម្រេច​​​ឈ្នះ​ Bayern ៣-០

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ livesoccertv