៤ ចំណុចកុំឲ្យឈឺចាប់ មុនសម្រេចវិលរកសង្សារចាស់
- 2014-10-10 17:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចកុំឲ្យឈឺចាប់ មុនសម្រេចវិលរកសង្សារចាស់
ចន្លោះមិនឃើញ
ស្នេហា គឺជា ការស្រឡាញ់គ្នាទៅវិញទៅមក។ តែពេលស្រលាញ់គ្នាហើយក៏បែកគ្នាទៅវិញ ហើយក្រោយមកម្នាក់ទៀតក៏មកសុំជានាគ្នាវិញ ទាំងដែលគេធ្លាប់ធ្វើឲ្យអ្នកឈឺចាប់កន្លងមក តែពេលឃើញគេព្យាយាមធ្វើល្អគ្រប់យ៉ាងដើម្បីយកចិត្ត ក៏ចាប់ផ្ដើមអាណិតចង់ត្រូវរ៉ូវគ្នាជាមួយគេវិញស្របពេលកូនចិត្តមួយទៀតមករំលឹកថា តើចាប់ផ្ដើមលើកនេះ អាចឈឺចាប់ដូចលើកមុនទៀត ឬយ៉ាងណា?
រូបតំណាង
លោក ទួន សុវណ្ណរិទ្ធិ អ្នកប្រឹក្សាផ្លូវចិត្តរបស់ទំព័រមើលចិត្ត ( (www.facebook.com/merlchitpage) បានផ្ដល់យោបល់តាមរយៈ Sabay ថា ដើម្បីកុំឲ្យមានការឈឺចាប់ ជួបហើយបែក បែកហើយជួបម្ដងជាពីរដង យុវវ័យគួរពិចារណាលើចំណុច រួមមាន៖
1. នៅស្រឡាញ់គេទៀតឬទេ ?
គួរសួរខ្លួនឯងដោយស្មោះត្រង់ថា “ តើខ្ញុំពិតជានៅស្រឡាញ់គេទៀតឬក៏អស់ចិត្តហើយ?” អ្នកខ្លះចង់ជួបគ្នាវិញ គ្រាន់តែដើម្បីកុំឲ្យមិត្តភ័ក្ដិថាអន់ឬច្រណែនពេលឃើញអតីតសង្សារមានអ្នកថ្មីតាមស្នេហ៍ ។ អ្នកខ្លះទៀត ព្រមជួបគ្នាវិញដោយសារឈឺចាប់ពេក ចេះតែគិតថាក្រែងជួបគ្នាវិញ លែងឈឺចាប់ ។ មូលហេតុបែបនេះ មិនសូវសមរម្យឡើយ កាន់តែឈឺចាប់ហើយអាចនឹងបែកគ្នាជាថ្មីឡើងវិញទៀតផង ។
2. ដោះស្រាយបញ្ហាហើយឬនៅ ?
គួរពិចារណាពីបញ្ហាមួយចំនួនដែលភាគីនីមួយៗទទួលយកមិនបាន ដូចជាទម្លាប់ផឹកស៊ី និយាយលេងសើចលេបខាយបែបស្នេហានឹងបុរសឬស្ត្រីដទៃ ភាពសោះកក្រោះមិនសូវយកចិត្តទុកដាក់នឹងដៃគូ ការទាមទារហួងហែងខ្លាំងជាដើម ។ ជួនកាល ការបែកគ្នានិងសុំជួបគ្នាវិញនេះ អាចបង្រៀនអ្នកឲ្យកាន់តែយល់ចិត្តគ្នា និងត្រៀមខ្លួនរស់នៅជាមួយគ្នាកាន់តែយូរអស់មួយជីវិតផងក៏មាន ។
3. ត្រៀមខ្លួនហើយឬនៅ ?
គួរសួរចិត្តខ្លួនឯងនិងដៃគូថា តើបានត្រៀមខ្លួនហើយឬនៅសម្រាប់ការសាងស្នេហ៍នឹងគ្នាឡើងវិញ ? តើព្រមលើកលែងទោសចំពោះរឿងពីអតីតហើយឬនៅ? ហើយបានគិតហើយឬនៅថាត្រៀមខ្លួនសម្រាប់ការបែកបាក់ជាថ្មី បើស្នេហាមិនសមប្រកបតាមការរំពឹងទុកនោះ ?
4. គិតធ្វើយ៉ាងណាជាមួយគ្នាតទៅទៀត ?
គួរពិភាក្សាគ្នា តើគិតចង់ធ្វើអ្វីតទៅទៀតជាមួយគ្នា? តើនេះគ្រាន់តែជាការសាកល្បងឡើងវិញ ? ស្រឡាញ់គ្នាលេងៗ ? ឬចង់រស់នៅជាមួយគ្នារហូត ? តើមានផែនការយ៉ាងណាដើម្បីរក្សាស្នេហានេះឲ្យគង់វង្ស ? គួររៀនពីបទពិសោធន៍ល្អៗ ចៀសវាងនូវកំហុសឆ្គងកន្លងមក រៀនអភ័យទោស អត់អោននឹងយោគយល់គ្នាឲ្យបានច្រើន ។
លោកវណ្ណរិទ្ធ បានបន្ថែមថា អ្នកដែលបដិសេធជួនកាលក៏អាចឈឺចាប់ផងដែរ បើការបដិសេធនោះ កើតចេញពីការភ័យខ្លាចឈឺចាប់ម្ដងទៀត តែចិត្តមួយទៀតក៏នៅតែស្រឡាញ់គេផងដែរ ។ ហេតុនេះ មុនចាប់ផ្ដើមស្នេហាក្ដី មុនបែកគ្នា មុនជួបគ្នាវិញក្ដី គួរពិភាក្សាគ្នាទាំងសងខាង ដើម្បីកុំឲ្យមានការឈឺចាប់ ហើយជួយឲ្យអ្នកសម្រេចចិត្តបានកាន់តែច្បាស់ ដោយមិនមែនស្ថិតក្រោមឥទ្ធិពលនៃការរំជួលចិត្តនោះទេ។ គូស្នេហ៍មិនគួរព្រមទទួលក្ដីស្នេហ៍ដោយសារការរំភើប ម្ល៉ោះហើយការព្រមជួបគ្នាវិញ គឺរឹតតែត្រូវពិចារណាឲ្យបានច្បាស់លាស់ផងដែរ ។
តើប្រិយមិត្តអ្នកអានយល់យ៉ាងណា?
សូមអាន ៖ ហេតុផល៥យ៉ាងធ្វើឲ្យអ្នករកសង្សារមិនបាន
អត្ថបទ ៖ លឹម សុនា