ផ្សារ​ទំនើប​ Aeon Mall​ ទី​២​នឹង​សង់​ក្បែរ​ខេមកូ ស៊ីធី​

  • 2015-05-12 20:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Aeon Mall Cambodia​ គម្រោង​នឹង​សាង​សង់​ផ្សារ​ទំនើប​ជប៉ុន​ Aeon Mall​ ទី​២​ លើ​ផ្ទៃ​ដី​១០​ម៉ឺន​ម៉ែត្រ​ការ៉េ​ ក្បែរ​ទីក្រុង​រណប​ ខេមកូ ស៊ីធី​ ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​គ្រប់គ្រង​ផ្សារ​ទំនើប​ Aeon Mall​ លោក​ Makoto Yajima។

 

លោក​ Yajima​ ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​រក​បាន​ទីតាំង​សម្រាប់​សាង​សង់​រួច​ហើយ​ គឺ​នៅ​ក្បែរ​ទីក្រុង​ខេមកូ ស៊ីធី។ ចំពោះ​ថវិកា​ដែល​នឹង​ត្រូវ​ចំណាយ​ដើម្បី​សាង​សង់​ផ្សារ​នេះ​ អាច​នឹង​ច្រើន​ជាង​ថវិកា​យក​មក​សាង​សង់​ Aeon Mall​ ទី​១​។

 

លោក​ Makoto Yajima

"យើង​កំពុង​តែ​អភិវឌ្ឍ​គម្រោង​​ ដូច្នេះ​មិន​ទាន់​កំណត់​ពេល​វេលា​ឲ្យ​ជាក់​លាក់​ទេ​ ប៉ុន្តែ​វា​នឹង​លេច​រូប​រាង​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ទៀត។ ផ្សារ​ទំនើប​ទី​២​នេះ​អាច​នឹង​ចំណាយ​ថវិកា​ច្រើន​ អាច​ច្រើន​ជាង​ Aeon Mall​ ទី​១"។ លោក​ Yajima​​ បញ្ជាក់​យ៉ាង​ដូច្នេះ។

 

ថ្វីត្បិត​តែ​គម្រោង​សាង​សង់​ផ្សារ​ទំនើប​ Aeon Mall​ ទី​២​អាច​នឹង​ចំណាយ​ថវិកា​ច្រើន​ជាងក្ដី​​ ប៉ុន្តែ​លោក​ Yajima​ ឲ្យ​ដឹង​ថា​ ទំហំ​អគារ​មិន​ប្រាកដ​ថា​ធំ​ជាង​អគារ​ផ្សារ​ទំនើប​ Aeon Mall​ ទី​១​ឡើយ។ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទំហំ​ផ្ទៃ​ដី​ទីតាំង​ផ្សារ​​ Aeon Mall ទី​២​ គឺ​ធំ​ជាង​ មានផ្ទៃ​​ប្រហែល​ ១០០ ​០០០​ម៉ែត្រ​ការ៉េ​ ខណៈ​ Aeon Mall​ ទី​១​ មាន​ទំហំ​ដី​ប្រហែល​​ត្រឹម​តែ​៦៨​ ០០០​ម៉ែត្រ​ការ៉េ។

 

លោក​ Yajima​ ឲ្យ​ដឹង​បន្ថែម​ថា​ ការ​ជ្រើស​រើស​ទីតាំង​សាង​សង់​ផ្សារ​ទី​២​របស់​ខ្លួន​នៅ​តំបន់​នោះ​ ដោយ​មើល​ឃើញ​ថា​ ទីតាំង​ទី​នោះ​នឹង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​​ ក្នុង​គម្រោង​ពង្រីក​ក្រុង​របស់​រាជធានី​ភ្នំពេញ។

 

ចំពោះ​ទំនិញ​ ភោជនីយដ្ឋាន​ ឬ​សេវាកម្ម​កម្សាន្ត​អ្វី​ខ្លះ​ ដែល​នឹង​មាន​វត្តមាន​នៅ​ក្នុង​ផ្សារ​ទំនើប​ថ្មី​នេះ​ លោក​ Yajima​ ថា​អាច​នឹង​មាន​លក្ខណៈ​ខុស​គ្នា​ពី​ផ្សារ​ Aeon Mall​ ទី​១ ​ហើយ​ប្រជាជន​នឹង​បាន​ឃើញ​នៅ​ពេល​ផ្សារ​ទំនើប​នេះ​ចេញ​ជា​រូប​រាង។

 

 

ផ្សារ​ទំនើប​ Aeon Mall​ Phnom Penh​ ឬ Aeon Mall​ ទី​១ ត្រូវ​បានសាង​សង់​ក្បែរ​​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ អស់​ទឹក​ប្រាក់​​ជាង​២០០​លាន​ដុល្លារ​ ​និង​បើក​សម្ពោធ​​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៤​ បាន​​ក្លាយ​ជា​ផ្សារ​ទំនើប​​ជាង​គេ​ក្នុង​​ប្រទេស​​កម្ពុជា៕

 

 

អត្ថបទ៖ មាស រ័ត្ន