ក្មេង​ប្រុស​កើត​មក​​ក​បត់​១៨០​ដឺក្រេ​មាន​សង្ឃឹម​ឡើង​វិញ​ ព្រោះ​មាន​ជំនួយ​ក្នុង​ការ​វះកាត់​

  • 2015-05-13 21:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្មេង​ប្រុស​ម្នាក់​កើត​មក​មាន​ក​បត់​១៨០​ដឺក្រេ​ នឹង​ត្រូវ​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ​ជីវិត​ទាំង​ស្រុង​ដោយ​ការ​វះកាត់ និង​បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​នានា​ជុំវិញ​ពិភព​លោក​។

 

 

ក្មេង​ប្រុស​កម្សត់​ហើយ​កើត​ក្នុង​គ្រួសារ​ក្រីក្រ​រូប​នោះ មាន​ឈ្មោះ​ថា​ Mahendra Ahirwar អាយុ​១២​ឆ្នាំ​បាន​កើត​ជំងឺ​ដ៏​កម្រ​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​ក​ទៅ​ជា​កោង​ ហើយ​ក្បាល​របស់​ប្អូន​បត់​ចេញ​ពី​ដងខ្លួន​​ ត្រូវ​ក្រុម​គ្រួសារ​គិត​ថា​នឹង​មាន​ជីវិត​គួរ​ឱ្យ​អាណោចអាធ័ម​បែប​នេះ​​មិន​ខាន​។ ប៉ុន្តែ​រឿង​រ៉ាវ​ជំងឺ​របស់​ប្អូន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ចេញ​ជា​សាធារណៈ​កាល​ពី​ខែ​មុន​ដើម្បី​ឱ្យ​គ្រប់​គ្នា​បាន​ដឹង និង​ផ្ដល់​ជា​ជំនួយ​។

 

  ឪពុក​ម្ដាយ​របស់​ប្អូន​ប្រុស​អស់​សង្ឃឹម​ជា​ខ្លាំង និង​បាន​និយាយ​ថា ពួក​គាត់​សុខ​ចិត្ត​ឱ្យ​កូន​ប្រុស​គាត់​ស្លាប់​ជាជាង​នៅ​វេទនា​ក្នុង​សភាព​ជំងឺ​ចម្លែក​នេះ​។ ជា​សំណាង​ មាន​វេជ្ជបណ្ឌិត​ Rajagopalan Krishnan ដែល​ជា​ប្រឹក្សា​និង​ជំនាញ​វះកាត់​ឆ្អឹង​ខ្នង​បាន​អះអាង​ថា​នឹង​វះកាត់​ដល់​ប្អូន​ប្រុស​ដោយ​មិន​គិត​ថ្លៃ​សេវា​។

 

  តែ​ទោះ​យ៉ាង​ណា ឪពុក​ម្ដាយ​របស់​កុមារ​ខាង​លើ​នៅ​តែ​អំពាវនាវ​រក​ជំនួយ​ដើម្បី​ទុក​ផ្គត់ផ្គង់​ថ្លៃ​វះកាត់ និង​ការ​ស្នាក់​នៅ​មន្ទីរពេទ្យ​នៅ​ពេល​ខាង​មុខ។ មាន​​សប្បុរសជន​ជា​ច្រើន​បាន​បរិច្ចាគ​ទឹក​ប្រាក់​ដល់​ប្អូន​ប្រុស​និង​ក្រុម​គ្រួសារ​។ ការ​វះកាត់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​៕

 

ប្រែ​សម្រួល៖ ​សុគន្ធី ប្រភព​៖ mirror