អ្នកជំនាញបំភ្លឺរឿង "ដោតសាកថ្មទូរសព្ទចោលរហូតពេញមួយយប់ ត្រឹមត្រូវដែរអត់?"
- 2015-05-15 23:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញបំភ្លឺរឿង "ដោតសាកថ្មទូរសព្ទចោលរហូតពេញមួយយប់ ត្រឹមត្រូវដែរអត់?"
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ smartphone ភាគច្រើនតែងដោតសាកទូរសព្ទខ្លួនចោលពេលយប់ រួចគេងលក់ ដល់ភ្ញាក់ព្រឹកឡើងឃើញថ្មសាកពេញបាត់។
សំណួរសួរថា តើមានសុវត្ថិភាពដែរទេបើសិនដោតសាកថ្មទូរសព្ទទុកចោលពេញមួយយប់បែបនេះ? ឆាប់ខូចថ្មដែរអត់?
មានរឿងដែលប្រិយមិត្តអ្នកអានមិនដឹងជាច្រើនជុំវិញប្រធានបទសាមញ្ញបែបនេះ។ បើសិនអ្នកស្វែងរកចម្លើយតាមអ៊ីនធឺណិតវិញ មានច្រើនបែបច្រើនយ៉ាង ប៉ុន្តែមួយណាជាការពិត? ចង់ដឹងរឿងពិត សូមដានអានដូចខាងក្រោម៖
លោក Shane Broesky សហស្ថាបនិកក្រុមហ៊ុនកាណាដាផលិតឧបករណ៍សាកថ្ម Farbe Technik បានឲ្យដឹងថា "ការសាកថ្មទុកចោលពេញមួយយប់ គ្មានបញ្ហាទេ វាមិនប៉ះពាល់ដល់ទូរសព្ទអ្នកឡើយ។ "ទូរសព្ទរបស់អ្នកគឺឆ្លាតណាស់។ ពេលសាកថ្មពេញ វាដឹងថាពេលណាត្រូវបញ្ឈប់ចរន្តអគ្គិសនីមិនឲ្យចូល ដើម្បីការពារមិនឲ្យថ្មសាកហួសកំណត់"។
"ថ្មប្រភេទ Lithium-ion អាចមានប្រតិកម្មមិនប្រក្រតី បើសិនទូរសព្ទរបស់អ្នកក្ដៅ ដែលនាំឲ្យមានបញ្ហាខូចខាត។ បើសិនទូរសព្ទអ្នកដាក់ស្រោម (case) ដែលមិនអាចឲ្យកម្ដៅភាយចេញពេលសាកថ្ម កម្ដៅនេះនឹងធ្វើឲ្យថ្មកាន់តែក្ដៅ បង្កជាអុកស៊ីតកម្មក្នុងថ្ម ដែលធ្វើឲ្យសមត្ថភាពថ្មកាន់តែខ្សោយ និងមានអាយុកាលកាន់តែខ្លី"។ នេះមានការពន្យល់របស់លោក Shane។
ដូច្នេះ អ្នកត្រូវដោះស្រោមទូរសព្ទចេញ ពេលអ្នកត្រូវសាកថ្មទូរសព្ទ ហើយដោតទុកចោលរហូត។
អ្វីជាវិធីសាកថ្មត្រឹមត្រូវ?
សហស្ថាបនិកក្រុមហ៊ុនខាងលើបានបកស្រាយថា "ការសាកថ្មប្រភេទ lithium-ion ដ៏ល្អបំផុត គឺសាកពេលថ្មសល់ចន្លោះ ៥០% និង ៨០%។ ចំណុចនេះអាចឲ្យអ៊ីយ៉ុងដែលសាករួចបន្តដំណើរការ និងការពារអាយុកាលរបស់ថ្មអ្នកបាន"។
ឬមានន័យថា ការឧស្សាហ៍ថ្មញឹកញាប់ ធ្វើឲ្យសុខភាពថ្មល្អប្រើបានយូរ ជាជាងសាកមួយថ្ងៃម្ដងហើយពេញ។ វិធីនេះហាក់ដូចជាមិនសូវស្រណុក ប៉ុន្តែជាវិធីសាកថ្មទូរសព្ទដ៏ប្រសើរបំផុត បើសិនអ្នកចង់ឲ្យអាយុកាលថ្មទូរសព្ទប្រើបានយូរ មិនឆាប់អន់គុណភាព។
អ្វីត្រូវជៀសវាង
Shane បន្តថា "បញ្ហាគំរាមកំហែងធំបំផុតចំពោះថ្ម គឺវដ្ដនៃការសាកថ្ម (charge cycle)។ មួយវដ្ដនៃការសាកថ្ម គឺជាការសាកថ្មចាប់ពីសូន្យ ឬក្បែរសូន្យភាគរយ រហូតដល់ពេញ។ គ្រប់ថ្មទូរសព្ទទាំងអស់ មានចំនួនកំណត់ (ប៉ុន្មានដង) វដ្ដនៃការសាកថ្ម មុនពេលខូច"។
ជៀសវាងការសាកថ្មពី០%ទៅដល់១០០% តាមដែលអាចធ្វើទៅបាន បើមិនអ៊ីចឹងទេ ថ្មទូរសព្ទនឹងមានអាយុកាលកាន់តែខ្លី ហើយឆាប់ខូច។
ប្រើឆ្នាំងសាកហ្ស៊ីន ឬមានគុណភាព
កត្តាមួយផ្សេងទៀតដែលត្រូវពិចារណាពេលសាកថ្ម smartphone គឺគុណភាពនៃឆ្នាំងសាក ថាតើឆ្នាំងសាកនោះហ្ស៊ីន ឬអាយ។
ឆ្នាំងសាកអាយ ឬក្លែងក្លាយ មានតម្លៃថោក តែគ្មានលក្ខណៈតាមស្ដង់ដារ ហើយប្រឈមគ្រោះថ្នាក់ខ្ពស់។ ជាក់ស្ដែង កងពន្លត់អគ្គិភ័យក្រុងឡុងដុង បានចេញរបាយការណ៍កាលពីឆ្នាំមុន ដោយព្រមានពីគ្រោះថ្នាក់នៃការឆេះ ឬរលាក បន្ទាប់ពីឧប្បត្តិហេតុមួយចំនួនបង្កឡើងដោយឆ្នាំងសាក iPhone ក្លែងក្លាយ។
សរុប
អ្នកអាចសាកថ្មទូរសព្ទទុកចោលពេញមួយយប់ ដោយគ្មានគ្រោះថ្នាក់ បើសិនប្រើឆ្នាំងសាកហ្ស៊ីន និងគ្មានស្រោមសំបកដែលធ្វើឲ្យទូរសព្ទកាន់តែក្ដៅ។ សូមចងចាំចំណុចខាងក្រោមនេះ៖
ប្រើឆ្នាំសាកហ្ស៊ីន ឬឆ្នាំងសាកជំនួសដែលមានគុណភាពខ្ពស់ (តម្លៃថ្លៃគួរសម)
កុំទុកឲ្យទូរសព្ទក្ដៅខ្លាំង ពេលសាកថ្ម (ពិនិត្យស្រោមទូរសព្ទ ឬទុកលើកន្លែងក្ដៅ)
ដើម្បីសមត្ថភាពថ្មរក្សាបានយូរ ព្យាយាមសាកថ្មរវាង ៥០% និង ៨០%
ជៀសវាងប្រើទូរសព្ទដល់អស់ថ្ម ហើយសាកពី០% ដល់១០០%ពេញ ញឹកញាប់ពេក៕
ដោយ៖ សុផាត ប្រភព៖ Digitaltrends