ស្វែងយល់ពីអង្គការស្តង់ដារអន្តរជាតិ ISO
- 2015-05-17 20:14:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីអង្គការស្តង់ដារអន្តរជាតិ ISO
ចន្លោះមិនឃើញ
ទំនិញនានាដែលមានគុណភាពខ្ពស់ ល្បីឈ្មោះពាសពេញពិភពលោក សុទ្ធតែប្រកាសថាមានការទទួលស្គាល់ពី ISO តាមប្រភេទផ្សេងៗគ្នា។ ការប្រកាសផ្សាយបែបនេះ សបញ្ជាក់ឲ្យឃើញថា ការទទួលស្គាល់ពី ISO ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ទំនិញ និងផលិតផលមានគុណភាពដាក់លក់ទីផ្សារ ព្រមទាំងសេវាកម្មជាច្រើនទៀត។ ចុះប្រិយមិត្តមានស្គាល់ច្បាស់ទេថា ISO ជាអ្វី? គេបង្កើតស្ថាប័នមួយនេះឡើង ក្នុងគោលបំណងអ្វី?
“ISO” មានពាក្យពេញ “International Organization for Standardization” មានន័យជាភាសាខ្មែរថា "អង្គការស្តង់ដាអន្តរជាតិ"។ ស្ថាប័នឯករាជ្យមួយនេះចាប់ផ្ដើមដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៤៧ និងមានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានបុគ្គលិកពេញម៉ោងប្រមាណជាង ១៥០នាក់ កំពុងបម្រើការ។
ដើមទងនៃការបង្កើត ISO ចាប់ផ្ដើមដំបូងតាំងពីឆ្នាំ១៩៤៦ នៅពេលដែលគណៈប្រតិភូមកពីប្រទេសចំនួន២៥ បានជួបប្រជុំគ្នានៅវិទ្យាស្ថានវិស្វកម្មសំណង់ស៊ីវិល ក្នុងទីក្រុងឡុងដុង និងសម្រេចបង្កើតអង្គការអន្តរជាតិនេះឡើង។ រហូតដល់ដើមឆ្នាំ១៩៤៧ ទើប ISO ចាប់ផ្ដើមប្រតិបត្តិការសកម្មភាពរបស់ខ្លួន។
រយៈពេលជាង ៦៨ឆ្នាំកន្លងមកនេះ ISO បានបោះពុម្ពផ្សាយស្តង់ដារអន្តរជាតិជិត ២ម៉ឺន ដែលគ្របដណ្ដប់ស្ទើរគ្រប់ផ្នែកបច្ចេកវិទ្យា និងផលិតផល។ បច្ចុប្បន្ន ISO ប្រមូលផ្ដុំសមាជិកមកពី ១៦៣ប្រទេស រាប់ទាំងកម្ពុជា ព្រមទាំងមានស្ថាប័នបច្ចេកទេស ៣៣៦៨ទៀត សម្រាប់ត្រួតពិនិត្យការអភិវឌ្ឍន៍ស្តង់ដារ។
ISO បង្កើតឡើងក្នុងគោលបំណងអ្វី?
គុណភាពទំនិញពិតជាចាំបាច់សម្រាប់អ្នកប្រើប្រាស់ ខណៈជាយូរយារណាស់មកហើយ ផលិតផលនានាពុំមានការត្រួតពិនិត្យស្តង់ដារត្រឹមត្រូវ។ ស្របពេលជាមួយគ្នា ISO បានបង្កើតឡើង ដើម្បីផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍កម្រិតស្តង់ដារជាលក្ខណៈអន្តរជាតិ។
ផលិតកម្ម សេវាកម្ម ពាណិជ្ជកម្ម ទូទាំងសកលលោក នឹងឆ្លើយតបជាមួយកម្រិតស្តង់ដារតាមការចង់បានជារួម ក្រោមការត្រួតពិនិត្យរបស់ ISO។ ក្រៅពីនេះ ISO មានទិសដៅផ្សព្វផ្សាយស្តង់ដាររួម ដើម្បីជំរុញឲ្យការផ្លាស់ប្ដូរទំនិញ និងសេវាកម្ម ពីប្រទេសមួយទៅប្រទេសមួយ មានលក្ខណៈល្អប្រសើរ។
អ្វីជាស្តង់ដារ?
ស្តង់ដារអន្តរជាតិ ធ្វើឲ្យគ្រប់យ៉ាងដំណើរការបានល្អ។ កម្រិតស្តង់ដារ ផ្ដល់ការបញ្ជាក់លំដាប់ថ្នាក់ពិភពលោក ដល់ផលិតផល សេវាកម្ម ព្រមទាំងប្រព័ន្ធនានា ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះ វាជាឧបករណ៍សម្រួលដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ។
រហូតមកដល់ពេលនេះ ISO បានបោះពុម្ពផ្សាយស្តង់ដារលើសពី ១៩៥០០ ដែលគ្របដណ្ដប់ស្ទើរគ្រប់ផ្នែកឧស្សាហកម្ម។ ទាំងបច្ចេកវិទ្យា សុវត្ថិភាពចំណីអាហារ កសិកម្ម និងសុខាភិបាល សុទ្ធតែស្ថិតនៅក្រោម ISO។ អង្គការស្តង់ដារអន្តរជាតិ ISO មានឥទ្ធិពលទៅលើមនុស្សគ្រប់រូប គ្រប់ទីកន្លែង។
ប្រភេទស្តង់ដារដែលពេញនិយម៖
ISO 9000 សំដៅលើការគ្រប់គ្រងគុណភាព (Quality management) ISO 14000 សំដៅលើការគ្រប់គ្រងបរិស្ថាន (Environmental management) ISO 3166 សំដៅលើលេខកូដប្រទេស (Country codes) ISO 26000 សំដៅលើទំនួលខុសត្រូវសង្គម (Social responsibility) ISO 50001 សំដៅលើការគ្រប់គ្រងថាមពល (Energy management) ISO 31000 សំដៅលើការគ្រប់គ្រងហានិភ័យ (Risk management) ISO 22000 សំដៅលើការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ (Food safety management) ISO 27001 សំដៅលើការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន (Information security management) ISO 20121 សំដៅលើការរៀបចំព្រឹត្តិការណ៍ដោយនិរន្តរភាព (Sustainable events)
ដោយ៖ គង់ វិសាល ប្រភព៖ iso.org