​១០​​​ចំណុច ដើម្បី​ស្វែង​រក​ស្នេហា​ថ្មី បន្ទាប់​ពី​ខូច​ចិត្ត

  • 2015-05-17 18:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​អ្នក​ដែល​ជួប​ស្នេហា​ខក​បំណង​ ​អាច​នឹង​មាន​ការ​​ខ្លាច​រអា​ទៅ​លើ​ស្នេហា ឬ​អាច​នឹង​អស់​ជំនឿ​រឿង​ស្នេហា​​ទៀត ប៉ុន្តែ​​​​យ៉ាង​ណា​ក្ដី​អតីត​កាល​ពិត​​មិន​អាច​រស់​នៅ​ជាមួយ​យើង​រហូត​នោះ​ទេ។ ​បើ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ ចង់​បាន​ស្នេហា​ថ្មី​ម្ដង​ទៀត ​១០​ចំណុច​ខាង​ក្រោម​នេះ អាច​នឹង​ជួយ​ឲ្យ​លោក​អ្នក​ឆាប់​រក​បាន​ដៃ​គូ ​យ៉ាង​​ងាយ​ស្រួល៖

 

រូប​តំណាង

 

​១. បើក​បេះដូង៖ អ្នក​មិន​អាច​ស្វែង​រក​ស្នេហា​បាន​ទេ បើ​អ្នក​មិន​ព្រម​បើក​បេះ​ដូង។ អ្នក​អាច​នឹង​ខ្លាច​ឈឺ​ម្ដង​ទៀត​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ហ៊ាន​ប្រថុយ។

 

២. បើក​ចិត្ត​ឲ្យ​ទូលាយ៖ អ្នក​គួរ​តែ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​សម្លឹង​មើល​ទង្វើ​អ្នក​ថ្មី ហើយ​កុំ​គិត​ចង់​បាន​អ្នក​ល្អ​ឥត​ខ្ចោះ ដូច​ចិត្ត​របស់​អ្នក​ត្រូវ​ការ​។ ជា​ពិសេស​គឺ​មិន​ត្រូវ​ ប្រៀប​ធៀប​​អ្នក​ថ្មី ទៅ​នឹង​ទង្វើ​ល្អ​របស់​អ្នកចាស់​ឡើយ។

 

៣. ​សម្រប​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក៖ បើ​អ្នក​ចង់​បាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃ​គូ អ្នក​ត្រូវ​តែ​ចេះ​សម្រប​សម្រួល ដល់​ឥរិយាបថ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​បើ​អ្នក​ចង់​បាន​ដៃ​គូ​ឥត​ខ្ចោះ ​អ្នក​នឹង​នៅ​ឯកា​រហូត។

 

៤. កុំ​យល់​ព្រម​គ្រប់​រឿង​ពេក៖ អ្នក​អាច​សម្រប​សម្រួល​គ្នា ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​យល់​ព្រម​គ្រប់​ទង្វើ​របស់​គេ​ទាំង​អស់ ទាំង​ដែល​ខ្លួន​ឯង​មិន​ចូល​ចិត្ត​សោះ​នោះ​ទេ។ ដូច្នេះ​អ្នក​មិន​ត្រូវ​យល់​ព្រម​បើក​បេះ​ដូង​ទៅ​ឲ្យ​មនុស្ស​ណា ដែល​អ្នក​ជឿ​ថា គេ​គ្មាន​ចិត្ត​ស្មោះ ឬ​​មនុស្ស​ដែល​អ្នក​មិន​ស្រលាញ់​ឡើយ។

 

៥. ត្រូវ​ចេះ​ប្រាកដ​និយម៖ ស្នេហា​មិន​មែន​ចេះ​តែ​ផ្អែម​ល្ហែម​ដូច​ ផ្កា​និង​ឃ្មុំ​ទេ។ នេះ​មាន​ន័យ​ថា ពេល​ខ្លះ​ អាច​នឹង​មាន​ជម្លោះ​កើត​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​ខូច​ចិត្ត តូច​ចិត្ត ឬ​យំ។ ដូច្នេះ​សំខាន់​អ្នក​ទាំង​ពីរ​ត្រូវ​ចេះ​​ទទួល​ស្គាល់​ការ​ពិត និង​​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

 

​​៦. ​ចំណាយ​ពេល​វេលា​ជាមួយ​អ្នក​ថ្មី៖ ស្នេហា​ពិត​ជា​សំខាន់​ណាស់ ដែល​ត្រូវ​តែ​ប្រើ​​ពេល​វេលា​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន ​ដើម្បី​បង្កើត​អនុស្សាវរីយ៍ ឬ​អារម្មណ៍​ល្អៗ​ជាមួយ​គ្នា និង​អាច​ទទួល​បាន​អារម្មណ៍​ស្រលាញ់​គ្នា​ពិតៗ។

 

៧. រៀន​ពី​អតីត​កាល៖ ​អ្នក​មិន​អាច​​ល្អ​ឥត​ខ្ចោះ​ទេ ដូច្នេះ​កត្តា​សំខាន់​គឺ​ត្រូវ​តែ​រៀន​ពី​កំហុស​ឆ្គង​ពី​អតីតកាល។ តើ​កាល​ពី​ពេល​មុន អ្នក​បាន​ធ្វើ​អ្វី​មិន​ល្អ​ប៉ះ​ពាល់​ដល់​គូ​ស្នេហ៍​របស់​អ្នក? អ្នក​ត្រូវ​តែ​យល់ និង​ត្រូវ​តែ​ដឹង។

 

៨. កុំ​ធ្វើ​ទម្លាប់​អាក្រក់​ម្ដង​ទៀត៖ នៅ​ពេល​អ្នក​ដឹង​ថា អ្នក​បាន​ធ្វើ​អ្វី​មិន​ល្អ​ខ្លះ​ដល់​ដៃ​គូ​របស់​អ្នក​កាល​ពី​មុន អ្នក​ត្រូវ​តែ​ជៀស​វាង​នូវ​ទម្លាប់​មិន​ល្អ​ទាំង​នោះ​ ​សម្រាប់​អ្នក​ថ្មី។

 

៩. ជឿ​ជាក់​បេះ​ដូង​របស់​អ្នក៖ នៅ​ពេល​អ្នក​ជួប​អ្នក​ថ្មី​ច្រើន​នាក់​ នោះ​អ្នក​ប្រាកដ​ជា​មិន​ច្បាស់​ក្នុង​ចិត្ត​ទេ​ថា ម្នាក់​ណា​ជា​ដៃ​គូ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​អ្នក។ ដូច្នេះ​អ្នក​ត្រូវ​តែ​ជ្រើស​​តាម​បេះ​ដូង​របស់​អ្នក​ ​ថា​​អ្នក​ត្រូវ​ការ​នរណា និង​ស្រលាញ់​ម្នាក់​ណា​មួយ​ពិត​មែន។

 

១០. ទុកចិត្ត និង​ជឿ​ជាក់​លើ​ស្នេហា​​ម្ដង​ទៀត៖ កត្តា​សំខាន់​បំផុត​ ដើម្បី​ឲ្យ​អ្នក​ស្វែង​រក​ស្នេហា​ថ្មី​បាន​ម្ដង​ទៀត​នោះ គឺ​ត្រូវ​តែ​ទុក​ចិត្ត និង​ជឿ​ជាក់​លើ​ស្នេហា​ជា​ថ្មី​​ម្ដង​ទៀត។ បើ​អ្នក​នៅ​តែ​មិន​ជឿ​ជាក់ អ្នក​ប្រហែល​ជា​នៅ​តែ​មិន​អាច​ស្វែង​រក អ្នក​ដែល​អ្នក​ចង់​បាន​ជា​រៀង​រហូត៕

 

ចុះ​ប្រិយ​មិត្ត​យល់​ស្រប ឬ​មាន​អ្វី​ចង់​បន្ថែម​លើ​ចំណុច​ខាង​លើ​នេះ​ដែរ​ទេ?

 

-ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​​​មាន​ស្នេហា​អាច​ធ្វើ​ឲ្យ​ស្រក​ទម្ងន់

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ YouQueen