អ្នក​បង្កើត​វចនានុក្រម​ខ្មែរ​ដំបូង​គេ​លើ​ទូរសព្ទ ​លាត​ត្រដាង​ពី​ជីវិត​ពិត

  • 2015-05-19 17:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង់​ចំណូល​ចិត្ត, សមត្ថភាព និង​បូក​ផ្សំ​ភាព​អំណត់​ព្យាយាម​បាន​ធ្វើ​ឲ្យ​ ខេង វ៉ាន់ថា ​សម្រេច​បាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ​លើ​វិថី​នៃ​ការ​សិក្សា​និង​នៅ​ក្នុង​ការងារ។ អ្វី​គួរ​ឲ្យ​កត់​សម្គាល់ វ៉ាន់ថា បាន​សម្រេច​សមិទ្ធផល​ដ៏​អស្ចារ្យ​គឺ​ការ​បង្កើត​បាន​វចនានុក្រម​ខ្មែរ​ដំបូង​គេ សម្រាប់​ប្រើ​នៅ​លើ​ទូរសព្ទ ដែល​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់។

 

 

Sabay សូម​លើក​បង្ហាញ​ពី​ជីវប្រវត្តិ​ត្រួសៗ​របស់​យុវជន​ដ៏​ឆ្នើម​រូប​នេះ តើ​មាន​ដំណើរ​​ជីវិត​យ៉ាង​ណា និង​​ការ​សម្រេច​បាន​សមិទ្ធផល​នានា​​ជាមួយ​​ការ​កំណត់​គោលដៅ​នា​ពេល​អនាគត​?

 

ប្រវត្តិ​ការ​សិក្សា និង​គ្រួសារ

 

វ៉ាន់ថា កើត​ក្នុង​គ្រួសារ​វណ្ណៈ​មធ្យម​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ឪពុក​ជា​ជាង​ផ្សារ និង​ម្តាយ​ជា​មេផ្ទះ។ ក្នុង​ចំណោម​បង​ប្អូន ៤ នាក់ (ប្រុស ៣ ស្រី ១) វ៉ាន់ថា គឺ​ជា​កូន​ច្បង​គេ។ វ៉ាន់​ថា បាន​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ក្នុង​ឆ្នាំ ២០០២ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ និង​បាន​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Rule) លើ​មុខ​ជំនាញ​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា។ នៅ​ទី​នោះ វ៉ាន់ថា ទទួល​បាន​អាហារូបករណ៍​សិក្សា​រយៈ​ពេល ៤ ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ទទួល​និទ្ទេស​ពិន្ទុ​ដ៏​ល្អ ក្នុង​ពេល​ប្រឡង​បញ្ចប់​កម្រិត​ទុតិយភូមិ។ ក្រោយ​ពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ លើមុខ​ជំនាញ​សេដ្ឋកិច្ច​ព័ត៌មានវិទ្យា​ក្នុង​ឆ្នាំ ២០០៧ វ៉ាន់ថា ក៏​បាន​បន្ត​ថ្នាក់​អនុបណ្ឌិត (MBA) ជំនាញ​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត ហើយ​ក៏​បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ ២០១០។

 

ចំណូល​ចិត្ត​លើ​ផ្នែក​បច្ចេកវិទ្យា

 

វ៉ាន់ថា ប្រាប់​ថា តាំង​ពី​តូច​មក រូប​គេ​ហាក់​មាន​ចំណង់​ចំណូល​ចិត្ត​លើ​ផ្នែក​បច្ចេកវិទ្យា និង​តែង​តែ​ចង់​ដឹង​ចង់​ស្គាល់​លើ​មុខ​វិទ្យា​មួយ​នេះ។

 

“ខ្ញុំ​តែង​តែ​ទិញ​ទិញ​សៀវភៅ​ផ្សេងៗ ដែល​និយាយ​ទាក់ទិន​នឹង​ផ្នែក​បច្ចេកវិទ្យា​យក​មក​អាន,មើល និង​រៀន​អនុវត្ត​ចុះ​ឡើងៗ​ជា​ប្រចាំ"។ ការ​អាន​សៀវភៅ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​យុវជន​រូប​នេះ ដក់ចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​វិស័យ​បច្ចេកវិទ្យា។ ដោយសារ​មាន​ដុង​ពី​ កំណើត គួប​ផ្សំ​មាន​ការ​ខិតខំ​ប្រឹងប្រែង វ៉ាន់ថា ប្រាប់​ថា កាល​នៅ​វិទ្យាល័យ​រូបគេ​អាច​ចេះ​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ដូចជា Word, Excel ជា​ដើម ដោយ​មិន​ដែល​ឆ្លង​កាត់​សាលា​បណ្ដុះបណ្ដាល ឬ​គ្រូ​បង្ហាត់​បង្ហាញ​ណាមួយ​នោះ​ទេ គឺ​ចេះ​តែ​រៀន​តាម​រយៈ​សៀវភៅ​ណែនាំ​ទាំង​នោះ និង​ព្យាយាម​ស្វែង​យល់​និង​ដោះស្រាយ​ដោយ​ខ្លួន​ឯង។ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ជា​ប្រចាំ សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​របស់​គេ ក៏​មាន​ការ​អភិវឌ្ឍ​ឈាន​ឡើង និង​អាច​ចេះ​សរសេរ​កូដ​កម្មវិធី​បាន​ខ្លះ​ៗ​ថែម​ទៀត​ផង​។

 

សមិទ្ធផល​សម្រេច​បាន

 

ក្នុង អំឡុង​ឆ្នាំ​២០០៣ វ៉ាន់ថា បាន​ចូលរួម​ប្រកួត​ប្រជែង​ខាង​សរសេរ​វ៉េបសាយ (Web Developer) ក្នុង​កម្មវិធី អ៊ីនធឺណិត​អូឡាំពិក ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ។ ពេល​នោះ វ៉ាន់ថា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​ទៀត​ដែល​បាន​ចូលរួម។ តាម​រយៈ​លទ្ធផល​ដ៏​ល្អ​នេះ បាន​ជំរុញ​លើក​ទឹកចិត្ត​ដែល​នាំ​ឲ្យ វ៉ាន់ថា កាន់​តែ​ខិតខំ​សិក្សា​និង​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​រំលេច​ចេញ​ជា​ស្នាដៃ​ជា​បន្ត​បន្ទាប់។

 

 

ក្នុង​ឆ្នាំ ២០០៤ វ៉ាន់ថា បាន​បង្កើត​វចនានុក្រម​អង់គ្លេស-ខ្មែរ, ខ្មែរ-អង់គ្លេស និង​ខ្មែរ-ខ្មែរ ដំបូង​គេ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ស៊េរី​ទូរស័ព្ទ Symbian S60 របស់​ក្រុមហ៊ុន Nokia។ បន្ត​មក​ក្នុង​អំឡុង​ឆ្នាំ ២០០៥ ក៏​បាន​បង្កើត​វចនានុក្រម​មួយ​ទៀត​សម្រាប់​ប្រើ​នៅ​លើ Window Mobile និង​បាន​បន្ថែម Keyboard និង​ហ្វុង​អក្សរ​ខ្មែរ សម្រាប់​អាន​ឬ​មើល​អក្សរ​ខ្មែរ​បាន​នៅ​លើ​ទូរសព្ទ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ចុង​ឆ្នាំ ២០១១ វ៉ាន់ថា បាន​បង្កើត​វចនានុក្រម​មួយ​ទៀត​គឺ​វចនានុក្រម​ភូមិ​ សម្រាប់​ប្រើ​នៅ​លើ​ទូរសព្ទ​មួយ​ចំនួន ដែល​ដំណើរការណ៍​ដោយ Android។

 

អំឡុង​ឆ្នាំ ២០១៣ វ៉ាន់ថា បាន​សម្រេច​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​ទៀត ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន ទូរស័ព្ទ LG គឺ​ការ​ប្រើ​អក្សរ​ខ្មែរ​យូនីកូដ សម្រាប់​ដំណើរការ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ចាប់​ពី​កំណែ Gingerbread (2.3.x) ឡើង ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ជំនួយ។ ការ​ធ្វើ​កិច្ច​ការងារ​នេះ វ៉ាន់ថា បាន​ការ​សហការ​ពី​យុវជន​ខ្មែរ​ម្នាក់​ទៀត​គឺ ធីម ច័ន្ធ​ឬទ្ធី ដែល​ជា​អ្នក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ភាសា​ខ្មែរ​ដំបូង​គេ Moon OS។

 

ជុំ​វិញ​ការ​ធ្វើ​គម្រោង​មួយ​នេះ វ៉ាន់ថា បញ្ជាក់​ថា ទម្រាំ​អាច​ធ្វើ​បាន​ក៏​មិន​ស្រួល​នោះ​ដែរ ដោយសារ​គម្រោង​នេះ​ថ្មី​មិន​ទាន់​មាន​គេ​ធ្លាប់​ធ្វើ​កន្លង​មក ហេតុ​នេះ​ទាមទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ច្រើន ដែល​នេះ​ចៀស​មិន​ផុត​ដែល​ត្រូវ​ប្រឈម​ការ​លំបាក​នោះ។ យ៉ាង​ណា​មិញ​ដោយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​គួប​ផ្សំ​មាន​ដៃគូ​សហការ ទើប​គម្រោង​នេះ​សម្រេច​បាន​ដោយ​ជោគជ័យ។

 

គោលបំណង​ទៅ​ថ្ងៃ​អនាគត

 

វ៉ាន់ថា បញ្ជាក់​ថា នៅថ្ងៃ​អនាគត​បើ​លទ្ធភាព​និង​ពេល​វេលា​សមស្រប រូប​គេ​មាន​គោលបំណង​បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ មិន​ថា​ជា​ប្រភេទ​ក្រុមហ៊ុន​លក់​ផលិតផល​ ឬ​ផលិត​កម្មវិធី​នោះ​ទេ។ វ៉ាន់ថា គិត​ថា ទីផ្សារ​បច្ចេកវិទ្យា​នៅ​កម្ពុជា នាពេល​អនាគត​នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង និង​អភិវឌ្ឍ​ឈាន​ឡើង។ ជាមួយ​គ្នា​នេះ វ៉ាន់ថា គិត​ថា រកស៊ី​ខ្លួន​ឯង ប្រសើរ​ជាង​ធ្វើ​ការ​ឲ្យ​គេ។ យ៉ាងណា វ៉ាន់ថា ទទួល​ស្គាល់​ថា ការ​បើក​ក្រុមហ៊ុន​ឬ​របរ​រកស៊ី​អាច​ទទួល​ជោគជ័យ​នោះ គឺ​ត្រូវ​ប្រឈម​ការ​លំបាក​ជា​ច្រើន ដែល​នេះ​ទាមទារ​បទពិសោធន៍ និង​ចំណេះដឹង​ផ្សេងៗ​ឲ្យ​បាន​រឹង​មាំ ទើប​ជា​ការ​ប្រសើរ​បំផុត។

 

យោបល់​ចុងក្រោយ

 

ចុងក្រោយនេះ វ៉ាន់ថា សូម​ផ្តាំ​ផ្ញើ​ដល់​យុវជន​ខ្មែរ​ទាំង​អស់​ត្រូវ​ខិតខំ​ពង្រឹង​ការ​សិក្សា ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​តែ​សាលា​មួយ​បាន​ទេ បើ​ចង់​សម្រេច​ផល​ដ៏​ល្អ។ សាលា​គ្រាន់​តែ​ជា​កន្លែង​ណែនាំ និង​បង្ហាញ​ផ្លូវ ប៉ុន្តែ​ជោគជ័យ​ឬ​មិន​ជោគជ័យ​គឺ​ត្រូវ​ពឹង​អាស្រ័យ​លើ​ខ្លួន​ឯង។ ដូច្នេះ ការ​សិក្សា​ចាំបាច់​ត្រូវ​ការ​ព្យាយាម និង​ផ្សារភ្ជាប់​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ទើប​ធ្វើ​ឲ្យ​ការ​សិក្សា​មាន​ដំណើរការ​ទៅ​បាន​រលូន​ល្អ និង​ទទួល​ជោគជ័យ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា