គេថាម៉ូតូកង់បីធ្វើឲ្យស្ទះចរាចរណ៍!
- 2015-05-20 16:53:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេថាម៉ូតូកង់បីធ្វើឲ្យស្ទះចរាចរណ៍!
ចន្លោះមិនឃើញ
ម៉ូតូ កង់បី ជាយានមួយប្រភេទ ដែលកំពុងទទួលបានការពេញនិយមនៅក្នុងទីក្រុងភ្នំពេញ។ ចំនួនម៉ូតូកង់បី បានបានកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសប៉ុន្មានពីរបីឆ្នាំចុងក្រោយនេះ។ អ្នកខ្លះលើកឡើងថា បច្ចុប្បន្ន អ្នកបើកបរម៉ូតូកង់បី ហាក់មិនសូវគោរពច្បាប់ទេ ពោលគឺបើកបំពានលើផ្លូវរបស់ម៉ូតូ និងពេលខ្លះបើកបរដោយខ្វះការយោគយល់ទៀតផង ដែលជាហេតុធ្វើឲ្យមានការកកស្ទះ ចរាចរណ៍តែម្ដង។ ការលើកឡើងនេះ ត្រូវបានយុវជនខ្លះគាំទ្រ និងខ្លះថា មិនមែនដូច្នេះនោះទេ។
ជាក់ស្ដែង យុវជន ច័ន្ទ សុធា និស្សិតឆ្នាំទី១ ជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថា៖ “សព្វថ្ងៃនេះខ្ញុំឈឺក្បាលណាស់ ពេលណា ម៉ូតូកង់បី បើកពីមុខ គឺជិះគេច វង្វេងតែម្ដង ព្រោះគាត់អាចជិះចូលទៅផ្លូវឡាន ឬងាកចូលផ្លូវម៉ូតូភ្លាមៗ ឲ្យតែមានប្រឡោះ ពិសេសគឺគ្មានប្រើភ្លើងស៊ីញ៉ូ ឬធ្វើដៃជាសញ្ញាអ្វីទាំងអស់ ធ្វើឲ្យខ្ញុំវិះៗតែបុកម្ដងទៅហើយ” ។
ប្រហាក់ប្រហែលគ្នានេះដែរ យុវជន ស៊ុន តារា និស្សិតឆ្នាំទី៤ ជំនាញសំណង់ស៊ីវិល នៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានឲ្យដឹងថា ៖”សម្រាប់ប្អូនគិតថា មិនមែនតែម៉ូតូកង់បីទេ ដែលបានបង្កធ្វើឲ្យមានការកក់ស្ទះនោះ រថយន្តខ្លះក៏យ៉ាងនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ យុវជនរូបត្អូញត្អែរដែរថា៖ “អ្វីដែលជាការលំបាកបំផុតនោះ គឺ ដណ្ដើមម៉ូយគ្នា ដូចជាពេលខ្លះ ស្រាប់តែឃើញម៉ូយតាមផ្លូវ គាត់ជាន់ហ្វ្រាំងឈប់ទាំងបង្ខំ បង្ករ ឲ្យអ្នកជិះពីក្រោយភ័យស្លន់ស្លោក៏មានដែរ តែក៏មានអ្នកបើកបរខ្លះបានគោរពច្បាប់ល្អហើយដែរ”។
បដិសេធ គំនិតខាងលើ លោក រុទ្ធី អ្នករត់រ៉ឺម៉កកង់បី នៅម្ដុំផ្សារថ្មី បានបកស្រាយថា៖ “ពិតណាស់ដែលថា អ្នករត់ម៉ូតូកង់បីមួយចំនួនមិនបានរៀនពីបច្ចេកទេសបើកបរឡើយ ប៉ុន្តែខ្ញុំគិតថា ស្ទះក៏មិនមែនមកពីអ្នកបើកម៉ូតូកង់បីទាំងស្រុងនោះទេ ព្រោះពេលស្ទះម្ដងៗ គឺខំប្រឹងប្រជ្រៀតរៀងៗខ្លួន ដើម្បីបានទៅមុន ដូច្នេះ មិនមែនកំហុសទាំងអស់ធ្លាក់មកលើអ្នករត់កង់បីនោះទេ”។
ចុះអ្នកវិញយល់យ៉ាងណាដែរ?
អានអត្ថបទ៖ដឹងអ្វីខ្លះ ពីការប្រើប្រាស់ស៊ីផ្លេម៉ូតូ-ឡាន?
អត្ថបទ៖ កង ចាន់បញ្ញា