​ស្ដេច​ប្រដាល់​មិន​ធ្លាប់​ចាញ់ ​​​​​ថា​​ចង់​សម្រក​ទម្ងន់​​​ដើម្បី​វ៉ៃ​ជាមួយ Floyd

  • 2015-05-21 16:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នកប្រដាល់​កាហ្សាក់ស្ថាន​ Gennady Golovkin ឬ​ហៅ​​​ថា "GGG” ដែល​ត្រូវ​បាន​គេ​ដាក់​រហស្ស​នាម​ឲ្យ​ថា "ស្ដេច​ប្រដាល់" ​​បាន​លើក​ឡើង​ថា លោក​​ចង់​សម្រក​ទម្ងន់​ចុះ​នៅ​សល់​ត្រឹម​៧០​គីឡូ​ក្រាម ដើម្បី​សម្រេច​ក្ដី​សុបិន វ៉ៃ​ទល់​នឹង​កំពូល​អ្នក​ប្រដាល់​​​ពិភពលោក​របស់​អាមេរិក Floyd Mayweather។

 

 

​GGG ​ដែល​មាន​ទម្ងន់​ជិត​៧៥​គីឡូក្រាម ​កំពុង​តែ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​វ៉ៃ​ផ្ដួល​ Willie Monroe Jr ​​ត្រឹម​ទឹក​ទី​៦​ទៀត​​ កាល​ពី​ប្រកួត​ថ្ងៃ​សៅរ៍​កន្លង​ទៅ និង​បាន​បង្កើន​កំណត់​ត្រា​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​វ៉ៃ ៣៣​ដង ឈ្នះ​ទាំង​៣៣ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ដល់​ទៅ ៣០​ដង។

 

 

ចំណែក​ឯ​ Floyd ​ដែល​​ជា​កំពូល​អ្នកប្រដាល់​ពិភពលោក​បច្ចុប្បន្ន មាន​កំណត់ត្រា​ល្អ​ឥត​ខ្ចោះ​ដូច​គ្នា ពោល​គឺ​វ៉ៃ ៤៨​ដង ឈ្នះ​ទាំង​៤៨​ដង និងផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​​បាន២៦ដង​​ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao ​ដោយ​ពិន្ទុ កាល​ពី​ដើម​ខែ​នេះ។

 

កំពូល​អ្នក​ប្រដាល់ ដែល​ស្ទើរ​តែ​គ្មាន​ដៃ​គូ​វ៉ៃ​ GGG ​បាន​និយាយ​ថា៖ "Mayweather គឺជា​ដៃ​គូ​ នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំ​​ចង់​សម្រក​ទម្ងន់​ចុះ​សល់​ត្រឹម​៧០​គីឡូ​ក្រាម ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​​​ជាមួយ​គេ​អាច​កើត​ឡើង​បាន"។

 

យ៉ាង​ណា​ក្ដី Floyd ​មាន​ទម្ងន់​តែ​១៤៧​ផោន (ជាង​៦៦​គីឡូ​ក្រាម) ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ GGG អាច​បញ្ចុះ​សល់​ត្រឹម ៧០​គីឡូ ហើយ​ Floyd ​ដំឡើង​ដល់​៧០​គីឡូ​ក្រាម​ដែរ​នោះ ការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ទាំង​២​រូប​នេះ អាច​នឹង​កើត​មាន​ឡើង​មែន៕

 

​សូម​ទស្សនា​​វីដេអូ​ GGG ផ្ដួល ​Willie Monroe Jr ឲ្យ​សន្លប់​ម្នាក់​ទៀត កាល​ពី​ថ្ងៃ​សៅរ៍៖

 

 

បើ GGG ប៉ះ Floyd មែន តើ​ប្រិយ​មិត្ត​ជឿ​ថា នរណា​នឹង​ឈ្នះ​?

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ fightofthecentury

អត្ថបទថ្មី