ចិញ្ចើម​ផ្លូវ​ជា​របស់​អ្នក​ណា?

  • 2015-05-21 16:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិញ្ចើម​ផ្លូវ​​ គឺ​ទុក​សម្រាប់​អ្នក​ថ្មើរ​ជើង​ ឆ្លង​កាត់ ប៉ុន្តែ​ផ្ទុយ​ពី​កន្លែង​មួយ​ចំនួន​ ពិសេស​នៅ​​ជិត​​តំបន់​ផ្សារ ចិញ្ចើម​ផ្លូវ​ត្រូវ​អ្នក​លក់​ដូរ​​ប្រើ​ប្រាស់​ទាំង​ស្រុង។ អ្នក​លក់​ដូរ​ទាំង​នោះ​ មិន​បាន​ទុក​ចំណែក​​សម្រាប់​អ្នក​ថ្មើរ​ជើង​ឡើយ​។ តើ​អ្នក​ថ្មើរ​ជើងមាន​​សិទ្ធិ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ដែរ ​ឬ​យ៉ាងណា​?

 

​យុវជន ដេវីដ ​និស្សិត​ឆ្នាំ​ទី២ ជំនាញ​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា រឿង​នេះ​កើត​ឡើង​ភាគ​ច្រើន​នៅ​តំបន់​ ​ជិត​ៗ​ផ្សារ​តែ​ម្ដង​ មាន​ការ​លក់​ដូរ​ពី​ក្នុង​ផ្ទះ​រហូត​ដល់​ចិញ្ចើម​ផ្លូវ មាន​ម្ចាស់​ផ្ទះ​​ខ្លះ​ទៀត​ ដាក់​លក់​លើ​ផ្លូវ​តែ​ម្ដង​ ធ្វើ​ឲ្យ​អ្នក​ដើរ​បង្ខំ​ចិត្ត ចុះ​​ដើរ​លើ​ផ្លូ​វ ប្រឈម​នឹង​គ្រោះ​ថ្នាក់​​។ ដេវីដ  ​បាន​បន្ថែម​ថា ៖ “លក់​ដូរ​ពេញ​ចិញ្ចើម​ផ្លូវ រក​ផ្លូវ​ដើរ​មិន​បាន ហ៊ាន​តែ​ដើរ​ ប៉ះ​បន្តិច​បន្តួច អ្នក​លក់​​សម្លឹង​មុខ​តែ​ម្ដង ព្រោះ​គេ​សម្អាង​មុខ​ផ្ទះ​គេ​”។

 

កញ្ញា លីណា រស់នៅ​ម្ដុំ ជិត​ផ្សារ​ថ្មី​ បាន​ឲ្យ​ដឹង​ស្រដៀង​​នឹង​ ដេវីដ ដែរ​ ថា កន្លែង​ខ្លះ មាន​របៀប​រៀបរយ​គ្រាន់​បើ​ហើយ ម្ចាស់​ផ្ទះ​ ចេះ​រៀបចំ​ ផ្លូវ​ដើរ​បាន​សមរម្យ ប៉ុន្តែ​កន្លែង​ខ្លះ​ទៀត ម្ចាស់​ផ្ទះ​ដាក់​ស្លាក​យីហោ​បញ្ឈរ​ កាត់​ចិញ្ចើម​ផ្លូវ​ បាំង​ជិត​តែ​ម្ដង​ ខ្លះ​ទៀត គ្មាន​អី​សោះ​ ដាក់​ផើង​ផ្កា រក​ផ្លូវ​ដើរ​មិន​ឃើញ​។កញ្ញាបាន​បន្ថែម​ថា៖ “ពេល​ដើរ​ម្ដង​ៗ មិន​ដឹង​ដើរ​តាម​ណា​ទេ​ ព្រោះ​ចិញ្ចើម​ផ្លូវ​គ្មាន​សូម្បី​ចន្លោះ ពិសេស​ចត​ឡាន ឡើង​ជិត​ឈឹង​តែ​ម្ដង”។

 

បងស្រី ​ស្រី​ពៅ ​ម្ចាស់​ហាង​លក់​គ្រឿង​អេឡិចត្រូនិច ដែល​បាន​ដាក់​​ឥវ៉ាន់​លើ​ចិញ្ចើម​ផ្លូវ​នោះ​ នៅ​ម្ដុំ​ផ្សារ​តូច បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​បង្ហៀរ​ ឥវ៉ាន់​លើ​ចិញ្ចើម​ផ្លូវ​បែប​នេះ​ គឺ​បណ្ដាល​មក​ពី អ្នក​លក់​នៅ​ជួរ​ ខាង​មុខ ​គេ​ដាក់​បាំង​លើ​ចិញ្ចើម​ផ្លូវ​​យ៉ាង​​នេះ​ដែរ ​ទើប​​គាត់​​ដាក់​តាម​គេ​ទៅ​ ។ ​បង​ស្រី​ ស្រីពៅ​​បាន​និយាយ​ដូច្នេះ​ថា​ ៖ “ខ្ញុំ​ដាក់​ចូល​ក្នុង​តែ​ឯង​ ដូច​ខុស​គេ​ បើ​គេ​បាំង​ លក់​ម៉េច​ដាច់”។

 

ឆ្លើយតប​បញ្ហា​ខាង​លើ លោក​វរសេនីយ៍​ ចេវ ហាក់ នាយរង​ការិយាល័យ នគរបាល​ចរាចរ​ជើង​គោក រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់ ​ចិញ្ចើម​ផ្លូវ ទាំង​សង​ខាង​​ គឺ​ជា​ចំណែក​សម្រាប់​​អ្នក​ថ្មើរជើង ប្រើប្រាស់​ នៅ​ក្នុង​ទីប្រជុំជន ប៉ុន្តែ​​​គេ​​សង្កេត​ឃើញ​ថា ​​​​​ម្ចាស់​ផ្ទះ​មួយ​ចំនួន​ បាន​ធ្វើអាជីវកម្ម ឬ ​ដាក់​តាំង​លក់​ទំនិញ​ផ្សេងៗ រំលោភ​លើ​ចិញ្ចើម​ផ្លូវ ដោយ​មិន​បាន​​​ដឹង​ថា​ ចិញ្ចើម​ផ្លូវ​នោះ​ជា​ចំណែក​របស់​​អ្នក​ថ្មើរ​ជើង​ឡើយ​ ពួក​គាត់​បែរ​ជា​យល់​ថា ដី​មុខ​ផ្ទះ​របស់​គាត់​ជា​កម្មសិទ្ធិ​ ផ្ដាច់​មុខ​​ទៅ​វិញ។ ​ប៉ុន្តែ​​តាម​ច្បាប់​ គាត់​មាន សិទ្ធិ​តែ​មួយ​ទេ គឺ ថែទាំ និង​ប្រើប្រាស់ ដូច្នេះ ​ដី​ចិញ្ចើម​ផ្លូវ​ នេះ​ជា​របស់​រដ្ឋ ទុក​សម្រាប់​អ្នក​ថ្មើរ​ប្រើប្រាស់ ដែល​នគរបាល​សណ្ដាប់​តែងតែ​ចុះ​អប់រំ និង​ធ្វើការ​ណែនាំ​ ជា​ប្រចាំ​។

 

លោក ​ចេវ ហាក់​ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះ​ទាំងអស់ត្រូវ​ជួយ​ថែរក្សាចិញ្ចើម​ផ្លូវ និង​ទុក​ចន្លោះ​សម្រាប់​អ្នក​ថ្មើរជើង​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​ផង។ ពាក់ព័ន្ធ​នឹង​បញ្ហា​លក់​លើ​ចិញ្ចើម​ផ្លូវ​នេះ កាល​ពី​ថ្ងៃ​ទី ២៦​ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១២​​កន្លង​ទៅ​​ សាលា​រាជធានី​ភ្នំពេញ​ បាន​កំណត់​ឲ្យ​ម្ចាស់​អាជីវកម្ម​ ទាំងអស់​ ដែល​មាន​ទីតាំង​នៅ ​សង្ខាង​​ មហាវិថី​​ព្រះ​មុនីវង្ស ​បញ្ឈប់​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ និង​ទ្រូង​ផ្លូវ​ ធ្វើ​ជា​ទីតាំង​អាជីវកម្ម​ ឬ​ជា​ចំណត​យានយន្ត​​ ​​ចាប់​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ ឆ្នាំ​២០១២​​​​ដោយសារ​តែ​​អាជីវកម្ម​ទាំង​នោះ​ បាន​ធ្វើ​ឲ្យ​ បាត់បង់​ចំណែក​ចិញ្ចើម​ផ្លូវ ​នាំ​ឲ្យ​រថយន្ត​ថត​លើ​ទ្រូង​ផ្លូវ​​  បង្ក​ឲ្យ​មាន​ការ​​កក​ស្ទះ​ចរាចរ​ និងបង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់ចរាចរ​ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​។

 

អាន​អត្ថបទ៖គេ​ថា​ម៉ូតូ​កង់​បី​​ធ្វើ​ឲ្យ​​ស្ទះ​ចរាចរណ៍​​​!​ ​

អត្ថបទ​៖​ កង ចាន់​បញ្ញា

អត្ថបទថ្មី