Ronaldo ​ផ្ញើ​សារ​​វីដេអូ​ពិសេស​ ជូនពរ​​ Gerrard

  • 2015-05-22 15:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ផ្ញើ​សារ​​ជូនពរ​ដល់ ​Steven Gerrard ប្រធាន​ក្រុម​ Liverpool ​នៅ​ក្នុង​វីដេអូ​ឃ្លិប​ខ្លី​ ១៣​វិនាទី ដែល​ត្រូវ​បាន​បង្ហោះ​លើ​ YouTube ដោយ​គណនី​ YouTube ផ្លូវ​ការ​របស់​ក្លិប​ហង្ស​ក្រហម​​យប់​មិញ​នេះ។

 

 

អតីត​ប្រធាន​ក្រុម​អង់គ្លេស ​បាន​បង្ហាញ​ខ្លួន​ចុង​ក្រោយ​នៅ​កីឡដ្ឋាន Anfield ​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ Liverpool ចាញ់​ Crystal Palace ៣-១ ហើយ​ Gerrard នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រុម​ហង្ស​ក្រហម នៅ​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​ក្រៅ​ដី​​ទល់​​នឹង Stoke City មុន​នឹង​ចាក​ចេញ​ទៅ LA Galaxy។

 

កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ CR7 ​ពុំ​ដែល​បាន​លេង​ជា​មិត្ត​រួម​ក្រុម​ជាមួយ Gerrard ទេ ប៉ុន្តែ​អ្នក​ទាំង​២ ធ្លាប់​លេង​​​នៅ​ក្រុម​ប្រឆាំង​គ្នា​ច្រើន​ដង ​ក្នុង​ការ​ប្រកួត​រវាង Liverpool ទល់ Manchester United ​អំឡុង​ពេល​​ Ronaldo ​លេង​ឲ្យ​បិសាច​ក្រហម​ រយៈពេល​៥​ឆ្នាំ​នៅ Old Trafford ហើយ​ក៏​ធ្លាប់​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។

 

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ របស់ Real Madrid បាន​និយាយ​នៅ​ក្នុង​វីដេអូ​ថា៖ "សួស្ដី Steve! ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា ​វា​ជា​សេចក្ដី​រីករាយ​មួយ ​ដែល​បាន​លេង​​ជាមួយ​អ្នកជា​ច្រើន​ឆ្នាំ ពេល​ដែល​យើង​លេង​ក្នុង​ការ​ប្រកួត Man Utd ទល់​នឹង Liverpool។ អ្នក​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ខ្ញុំ​​សូម​ជូនពរ​ឲ្យ​អ្នក​សំណាង​ល្អ​គ្រប់​យ៉ាង ទាំង​​អាជីព និង​ជីវិត​របស់​អ្នក"។

 

Gerrard នឹង​ចាកចេញ​ពី​ Liverpool បន្ទាប់​ពី​លេង​ឲ្យ​ក្រុម​ឈុត​ធំ​អស់​រយៈពេល​១៧​ឆ្នាំ និង​លេង​ឲ្យ​ហង្ស​ក្រហម​ រយៈពេល​២៨​ឆ្នាំ បើ​គិត​តាំង​ពី​វ័យ​កុមារ​មក៕

 

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​កាយ​វិការ​​របស់​ CR7 មួយ​នេះ?

 

-ចុចអាន៖ ឆ្នាំ​នេះ Floyd និង Pacquiao ​រក​លុយ​បាន​ច្រើន​ជាង​ Messi + Ronaldo ឆ្ងាយ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals | mirror