ទារក​អាយុ​១១ខែ​នៅ​រស់ ពេល​បាក់ដី​នៅ​កូឡុំប៊ី​ស្លាប់​យ៉ាង​តិច​៧៨នាក់

  • 2015-05-22 15:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​អាយុ​១១ខែ​ម្នាក់​បាន​រស់​រាន​មាន​ជីវិត​​មិន​គួរ​ឲ្យ​ជឿ នៅ​ក្នុង​គ្រោះ​មហន្តរាយ​បាក់​ដី​ភក់​នៅ​ប្រទេស​កូឡុំប៊ី​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​​៧៨នាក់​ថ្មីៗ​នេះ។

 

ម្តាយ​របស់​ទារក​នោះ បូក​រួម​ទាំង​សាច់ញាតិ​ជាង១០នាក់​ផ្សេង​ទៀត​​អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ។ ពួក​គេ​ត្រូវ​ភក់​ល្បាប់​ទាញ​យក​ទៅ​ជាមួយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ នៅ​ទីក្រុង Salgar ខេត្ត Antioquia ភាគ​ពាយព្យ​នៃ​ប្រទេស។

 

 

ក្រុម​វេជ្ជបណ្ឌិត​បាន​គិត​ថា​ទារក​ដែល​មាន​ឈ្មោះ Jhosep Diaz ​បាន​រួច​ផុត​ពី​ស្លាប់​ដោយ​សារ​គ្រែអង្រឹង​​ដែល​ទារក​នោះ​គេង​ បាន​អណ្ដែត​តាម​ទឹក​រយៈ​ចម្ងាយ​ជាង​១គីឡូម៉ែត្រ។ ​ក្រោយ​ជួយ​សង្រ្គោះ ទារក​នោះ​ត្រជាក់​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​មាន​របួស​ ឬ​ប៉ះពាល់​អ្វី​នោះ​ទេ។​

 

វេជ្ជបណ្ឌិត Jesus Antonio Guasao បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា៖ "គាត់ (ទារក) មិន​បើក​ភ្នែក​នោះ​ទេ ប៉ុន្តែ​នៅ​មាន​ដង្ហើម"។ ចំណែក​លោក​តា​ Alvaro Hernandez របស់​ទារក​​នោះ បាន​និយាយ​ថា៖ "ក្រៅ​ពី​ដំណឹង​អាក្រក់​​នៃ​សាច់ញាតិ​១៦នាក់​​អាច​​ស្លាប់ ការ​នៅ​រស់​របស់​ចៅ​ខ្ញុំ​គឺ​ជា​អភូតហេតុ​មួយដ៏​អស្ចារ្យ"។

 

រំលឹក​ផង​ដែរ​ថា​ការ​បាក់​ដី​កាល​ពី​ថ្ងៃ​ចន្ទ​នោះ គឺ​ជា​​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​​បំផុត​​របស់​កូឡុំប៊ី​តាំង​ពី​ឆ្នាំ​១៩៩៩​មក។ ​វា​បាន​កើត​ឡើង​នៅ​ម៉ោង​៣ទៀប​ភ្លឺ ដែល​ជា​ពេល​ជនរងគ្រោះ​ភាគ​ច្រើន​កំពុង​លង់លក់​ក្នុង​ដំណេក​នៅ​ឡើយ៕​​​​​​​​

 

 
 

ប្រភព៖ bbc