Rodgers៖ បើម្ចាស់ក្លិបចង់ឲ្យខ្ញុំចេញ ខ្ញុំនឹងចាកចេញ
- 2015-05-25 15:55:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rodgers៖ បើម្ចាស់ក្លិបចង់ឲ្យខ្ញុំចេញ ខ្ញុំនឹងចាកចេញ
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុម Liverpool លោក Brendan Rodgers បាននិយាយថា លោកនឹងចាកចេញពីក្លិប បើសិនជាម្ចាស់ក្លិប ចង់ឲ្យលោកចេញ។
ការលើកឡើងរបស់អ្នកចាត់ការវ័យ៤២ឆ្នាំដូចនេះ គឺបន្ទាប់ពីក្រុមហង្សក្រហម ចាញ់ Stoke City ដល់ទៅ ៦-១ ក្នុងការប្រកួត Premier League សប្ដាហ៍ចុងក្រោយនៅ Britannia Stadium កាលពីយប់មិញ និងជាប្រកួតចុងក្រោយរបស់ Steven Gerrard ដែលបញ្ចប់អាជីពជាកីឡាករហង្សក្រហម។
លទ្ធផលនេះផងដែរមានន័យថា Liverpool ចាញ់គូប្រកួត៦គ្រាប់លើកដំបូង ក្នុងការប្រកួតក្នុងលីក រយៈពេល៥២ឆ្នាំ បើគិតតាំងពីចាញ់ Spurs ៧-២ ម្ដង កាលពីឆ្នាំ១៩៦៣។
ម្ចាស់ផ្ទះ Stoke បានលត់ Liverpool ៥-០ នៅតង់ទី១ បន្ទាប់ពី Mame Biram Diouf រកបាន២គ្រាប់ នាទី២២ និង២៦, Jonathan Walters នាទី៣០, Charlie Adam នាទី៤១ និង Steven Nzonzi ថែមគ្រាប់ទី៥ នៅនាទី៤៥។ ចូលដល់តង់ទី២ Gerrard ស៊ុតឲ្យក្រុមភ្ញៀវបាន១គ្រាប់ នៅនាទី៧០ ប៉ុន្តែត្រូវ Peter Crouch តែតគ្រាប់ទី៦ ឲ្យ Stoke បានសម្រេចទៀត នៅនាទី៨៦។
អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើងបាននិយាយថា៖ "ប្រាកដណាស់ ដូចខ្ញុំតែងតែនិយាយអញ្ចឹង បើម្ចាស់ក្លិបចង់ឲ្យខ្ញុំចេញ ខ្ញុំនឹងចាកចេញ។ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថា ខ្ញុំនៅមានរឿងច្រើន ដែលត្រូវធ្វើជាមួយក្លិបទៀត"។
Liverpool បញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៦ និងមិនបានឈ្នះពានអ្វីមួយសោះរដូវកាលនេះ។ ប៉ុន្តែចំណាត់ថ្នាក់នេះ មានន័យថាហង្សក្រហម នឹងត្រូវប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់ Europa League៕
ចុះប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះការលើកឡើងរបស់លោក Rodgers?
-ចុចអាន៖ ៨យ៉ាង ដែលធ្វើឲ្យអ្នកគាំទ្រ Liverpool គ្មានថ្ងៃបំភ្លេច Gerrard បាន
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc | telegraph