Star Model Cambodia ទើបបង្កើត តែដណ្ដើមបានពាន ៤ នៅកូរ៉េក្នុងពេលតែមួយ
- 2015-05-27 17:10:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Star Model Cambodia ទើបបង្កើត តែដណ្ដើមបានពាន ៤ នៅកូរ៉េក្នុងពេលតែមួយ
ចន្លោះមិនឃើញ
ក្រុម Star Model Cambodia ដែលទើបបង្កើតឡើងនៅដើមឆ្នាំ ២០១៥ ដោយលោក ជា រ៉ាដា ជាប្រធានក្រុម តែអាចដណ្ដើមបានពាន ៤ នៅប្រទេសកូរ៉េក្នុងកម្មវិធី Asia Model Award 2015។
លោក រ៉ាដា បានប្រាប់ Sabay ថា "តាមពិតក្រុមខ្ញុំទើបបង្កើតឡើងកាលពីដើមឆ្នាំ ២០១៥ នេះទេបង ហើយគិតមកដល់ពេលនេះ គឺមានរយៈពេលជិតកន្លះឆ្នាំ តែអាចទទួលបានជោគជ័យជាបណ្ដើរៗហើយ។ អំណះអំណាង ដែលអាចបញ្ជាក់ថា អាចជាជោគជ័យនោះ គឺគ្រាន់តែចេញទៅប្រកួតនៅកូរ៉េក្រុមរបស់លោក អាចទទួលបានពានរហូតដល់ទៅបួនឯណោះ។
មូលហេតុដែលធ្វើឲ្យ រ៉ាដា បង្កើតក្រុមនេះឡើង គឺដោយសារតែ "ទីមួយខ្ញុំជាតារាបង្ហាញម៉ូដមួយរូបស្រាប់ ទីពីរខ្ញុំស្រលាញ់អាជីពនេះតាំងពីនៅតូចៗ ហើយទីបី គឺចង់បណ្ដោះបណ្ដាលអ្នកដែលមានក្ដីស្រមៃចង់បង្ហាញម៉ូដ ព្រោះជួនកាលអ្នកទាំងនោះមិនដឹងថា ត្រូវទៅរកអ្នកណាឲ្យជួយ។ ហើយបើទោះបីជាគ្មានរបរមួយនេះ ក៏ខ្ញុំអាចរស់បានស្រួលដែរ ដោយមានលោកប៉ាជាម្ចាស់សិប្បកម្មឡឥដ្ឋ តែមកពីចិត្តស្រលាញ់ច្រើនជាងគិតលុយកាក់"។
ក្នុងក្រុម Star Model Cambodia មានតារាម៉ូដែល ១០០ នាក់ ស្រី ៥០ ប្រុស ៥០ នាក់។ ចំណែក ឯលក្ខណដែលអាចក្លាយជាតារាម៉ូដែលវិញត្រូវបានកំលោះរូបសង្ហាខាងលើឲ្យដឹងថា នារីមានកម្ពស់ ចាប់ពី ១,៦៥ ម៉ែត្រឡើងទៅ បុរស ១,៧៥ ម៉ែត្រឡើង និង ជាមនុស្សមានឆន្ទចង់បង្ហាញរាងរៅនៅលើឆាក ព្រោះអ្នកខ្លះបានត្រឹមតែចូលចិត្ត តែមិនហ៊ានបង្ហាញសមត្ថភាពលើវេទិកា។
និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងបានរំលឹកពីព្រឹត្តិការណ៍ពេលទៅប្រកួតនៅកូរ៉េថា "ក្នុងចំណោមបេក្ខភាព ២២ ប្រទេសចូលរួមប្រកួត ក្នុងនោះប្រទេសកម្ពុជា មាន ៦ នាក់។ ក្នុងចំណោម ៦ នាក់ គឺមានតារាដើរបង្ហាញម៉ូដចំនួន ៤ នាក់ រួមមាន លោម ម៉ម សុធារ៉ា, កញ្ញា ប្រិមប្រិយ សូវឌ្ឈនា (អ្នកទាំងពីរទទួលបានពានដំណើរស្អាត), នីតា និង វណ្ណៈ។ ឯពីររូបផ្សេងទៀត គឺជា តារាកិត្តិយសប្រចាំប្រទេសកម្ពុជា ក្នុងនោះ រួមមាន លោក អ៊ុន សិទ្ធា និង កញ្ញា អ៊ុន អាលីហ្សា ដែលអ្នកទាំងពីរ ទទួលបានពានម្នាក់មួយតំណាងឲ្យ Super Star នៅក្នុងប្រទេសកម្ពុជា"។
ក្រៅពីជាតារាម៉ូដែលម្ចាស់កូនអាជីវកម្មឡឥដ្ឋរូបនេះក៏ជានិស្សិតបញ្ចប់ការសិក្សាផ្នែក Eco- Businessn នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមានអាយុ ២៨ ឆ្នាំ។ លោកក៏ជាអតីតកូនសិស្សរបស់ក្រុមសាពណ៌ និង ឡារ៉ែនផងដែរ។
ជាចុងក្រោយប្រធានក្រុម Star Model Cambodia បានបន្ថែមថា ក្រុមរបស់ខ្លួននៅត្រូវការម៉ូដែលជាច្រើនអ្នកទៀត ហើយប្រសិនបើប្អូនៗមានចំណាប់អារម្មណ៍អាចបង្ហាញសមត្ថភាពបានតាមរយៈក្រុមលោក៕
អត្ថបទ៖ទ្រី រ៉ាវី