ឡានបីជួរ អ្នកជិះម៉ូតូទៅផ្លូវណា?
- 2015-05-27 16:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានបីជួរ អ្នកជិះម៉ូតូទៅផ្លូវណា?
ចន្លោះមិនឃើញ
យានយន្តគ្រប់ប្រភេទចរាចរណ៍ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទាំងនេះអាចជាមូលហេតុមួយនាំឱ្យការកកស្ទះកាន់តែកាន់តែខ្លាំងឡើង។ អ្នកបើកបរម៉ូតូមួយបានត្អូញត្អែរថា ការកកស្ទះចរាចរណ៍ពេលខ្លះ បណ្ដាលមកពីអ្នកបើកឡាននៅលើផ្លូវតែមួយឡើងដល់ទៅពីរឬក៏បីជួរ ដែលធ្វើឱ្យអ្នកជិះម៉ូតូត្រូវជិះកៀនៗឬក៏ជិះលើចិញ្ចើមផ្លូវ។ តើការលើកឡើងរបស់យុវវ័យមួយចំនួនបែបនេះត្រឹមត្រូវទេ?
តាមរយៈ Sabay កញ្ញា រស់ ណាលី ជានិស្សិតឆ្នាំទីបីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានបង្ហាញចំណាប់អារម្មណ៍ថា អ្នកដែលបើកបររថយន្តទាំងនោះគិតតែចង់ទៅមុនមិនបានគិតពីការជិះទៅប៉ះ ឬកៀរគេឯងទេ គ្មានភាពថ្លៃថ្នូរ ពេលខ្លះជេរគេជេរឯងខណៈពេលឈប់ស្តុបក៏មាន។ និស្សិតផ្នែកច្បាប់រូបនេះក៏បានបន្តថា ឥរិយាបថទាំងនេះវាបង្កឱ្យគ្មានសណ្ដាប់ធ្នាប់ ផ្លូវកាន់តែស្ទះ ។ «គ្មានផ្លូវសល់សម្រាប់ម៉ូតូទេ មានតែប្រជ្រៀតតាមផ្លូវតូច! ហើយម្នាក់ៗគួរតែបង្កើនការយល់ដឹងផង! ព្រោះតែម្នាក់ឯងដោះស្រាយមិនបានទេ!»។ ណាលីបន្ថែម។
ស្រដៀងគ្នានេះដែរលោក កង លីដា និស្សិតធនាគារនិងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឱ្យដឹងថា អ្នកបើកបរឡានដែលលោកធ្លាប់ជិះជួបមិនត្រឹមតែប្រជ្រៀតទេ ថែមទាំងជួនកាលស៊ីផ្លេដេញគេ ប្រជ្រៀតទាំងកៀរអ្នកជិះម៉ូតូ ពោលគឺមានគ្រប់កាយវិការទាំងអស់ ដែលជារឿងមួយខុសច្បាប់សម្រាប់អ្នកបើកបររថយន្ត។
ចំណែកកញ្ញាថាន់ វល័ក្ខជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឱ្យដឹងថា ឡានដែលបើកមកលើផ្លូវម៉ូតូវាធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គ្មានសណ្ដាប់ធ្នាប់ ហើយជនបរទេសដែលមកលេងខ្មែរតែងតែរអ៊ូពីចរាចរណ៍ស្រុកខ្មែរដោយសារការបើកបំពានលើផ្លូវគ្នា។
លោក តូច ឧត្ដមជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបញ្ចេញយោបល់ផងដែរថា ជាទូទៅការធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈគឺទាមទារឲ្យគោរពតាមច្បាប់ចរាចរណ៍ សញ្ញាចរាចរណ៍ និងមន្ត្រីចរាចរណ៍នៅកន្លែង។ បើសិនជាអ្នកបើកបរ បានបើកបរដោយបំពានទៅលើគំនូសសញ្ញាចរាចរណ៍តួយ៉ាងដូចជាការបំពានទៅលើផ្លូវម៉ូតូ ឬផ្លូវអ្នកថ្មើរជើង វានឹងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ ឬបង្កឱ្យមានភាពកកស្ទះចរាចរណ៍។ « សម្រាប់ខ្ញុំ អ្វីដែលសំខាន់នឹងត្រូវដោះស្រាយគឺការផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកបើកបរ ក្នុងការប្រទាញគ្នាដោយសារគិតថាខ្លួនប្រញាប់ហើយមិនមានការយោគយល់គ្នាចំពោះការបើកបរ។ ម្យ៉ាងវិញទៀត វិធានការបន្ទាន់គឺពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាធានាឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍! បន្ថែមពីនេះយន្តការក្នុងការផ្សព្វផ្សាយអប់រំ ស្ដីពីច្បាប់ចរាចរណ៍ ក៏ដូចជាកត្តាចលករសំខាន់ក្នុងការដោះស្រាយផងដែរ»។ លោកឧត្ដមបានបន្ថែម។
អានអត្ថបទ៖ គេថាម៉ូតូកង់បីធ្វើឲ្យស្ទះចរាចរណ៍!
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង