តោ គឹមស៊ី និទ្ទេសAម្នាក់គត់បាក់ឌុប២០១០ បញ្ចប់ការសិក្សាចំណាត់កំពូលគេក្នុងថ្នាក់នៅ អាមេរិក
- 2015-05-27 19:09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោ គឹមស៊ី និទ្ទេសAម្នាក់គត់បាក់ឌុប២០១០ បញ្ចប់ការសិក្សាចំណាត់កំពូលគេក្នុងថ្នាក់នៅ អាមេរិក
ចន្លោះមិនឃើញ
ចាកចេញពីកម្ពុជា៤ឆ្នាំមុន ឥឡូវនេះសិស្សឆ្នើមបំផុតបាក់ឌុប២០១០ កញ្ញា តោ គឹមស៊ី បានបញ្ចប់បរិញ្ញាបត្រគណិតវិទ្យានៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែអ្វីដែលពិសេសទៀត គឹមស៊ី ត្រូវបានជ្រើសរើសជា បេក្ខជនឡើងថ្លែងក្នុងឱកាសទទួលសញ្ញាប័ត្រមហាវិទ្យាល័យ Manhattan College ប្រចាំឆ្នាំ២០១៥ ដែលមនុស្សជាច្រើនបញ្ចប់ការសិក្សាជាមួយនាង គ្មានឱកាស។ នេះបើតាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកនៅភ្នំពេញ។
ប្រភពដដែលថា គឹមស៊ី ដែលមានប្រភពពីខេត្តសៀមរាប បានបញ្ចប់ការសិក្សាដោយចំណាត់ថ្នាក់កំពូលគេក្នុងថ្នាក់ ហើយជាអ្វីដែលនាងត្រូវបានជ្រើសរើសជាអ្នកថ្លែងចំណាប់អារម្មណ៍ តំណាងឲ្យនិស្សិតទូទាំង Manhattan College នៃទីក្រុងញីវយ៉ក នៅថ្ងៃបញ្ចប់ការសិក្សាឆ្នាំនេះ។
គឹមស៊ី ធ្លាប់សិក្សាមុខជំនាញគណិតវិទ្យា ជាង១ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនទទួលបានអាហារូបករណ៍ទៅសហរដ្ឋអាមេរិក។ យុវតីវ័យ២៤ឆ្នាំថ្លែងពីឱកាសដែលនាងបានជ្រើសរើសជាជនពិសេសថ្ងៃបញ្ចប់ការសិក្សានៅដែនដីមហាអំណាចថា៖ «វាជាកិត្តិយសធំធេង ដែលខ្ញុំត្រូវបានជ្រើសរើស។... Manhattan College បានប្រឹងប្រែងខ្លាំងណាស់ដើម្បីនាំខ្ញុំមកទីនេះ ហើយខ្ញុំសូមយកឱកាសនេះដើម្បីអរគុណពួកគេសម្រាប់អ្វីគ្រប់យ៉ាងដែលធ្វើសម្រាប់ខ្ញុំ។ ខ្ញុំជំពាក់គុណពួកគេច្រើនណាស់»។
កាល៥ឆ្នាំមុន គឺ២០១០ តោ គឹមស៊ី ធ្លាប់ជាបុគ្គលលេចធ្លោបំផុតក្នុងសម័យកាលបាក់ឌុប ដែលបានទាញចំណាប់អារម្មណ៍ពីមហាជនទូទៅ ពិសេសរង្វង់អ្នកសិក្សា គឺនាងជាបេក្ខជនម្នាក់គត់ជាប់និទ្ទេស A ចំណោមអ្នកប្រលងបាក់ឌុបទូទាំងប្រទេសជាង៩ម៉ឺននាក់។ អតីតសិស្សវិទ្យាល័យ១០មករា ក្រុងសៀមរាប ដែលមានគោលបំណងយកបណ្ឌិតគណិត នៅសហរដ្ឋអាមេរិក មុនមកបម្រើវិស័យអប់រំកម្ពុជា ពេលនោះទទួលបាននិទ្ទេស A លើមុខវិជ្ជា៣មុខ គឺគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា៕
អត្ថបទ៖ ប៉ែន សុផាន់ណា រូបភាព៖ FB/ U.S. Embassy Phnom Penh