ស្រវឹង​ស្រា​ចាប់​ត្រី​បាន​ជាង១០០​ក្បាល ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ព្រោះ​បទ​ល្មើស៥

  • 2015-05-28 18:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ស្រវឹង​ស្រា​មនុស្ស​មួយ​ចំនួន​ចាប់​ផ្ដើម​បញ្ចេញ​អត្តចរិត​ប្លែកៗ ខ្លះ​កាច​សាហាវ ខ្លះ​សប្បាយ​ភ្លេច​ខ្លួន ឯ​ខ្លះ​ទៀត​ប្រើ​អំពើ​ហិង្សា​ជា​ដើម។ យ៉ាង​ណា​មិញ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ដោយសារ​បទ​ល្មើស​៥ បន្ទាប់​ពី​ស្រវឹង​ខ្លាំង​ពេក ចាប់​ត្រី​ក្នុង​សមុទ្រ​បាន​ជាង ១០០​ក្បាល។

 

 

​ប៉ូលិស​បរិស្ថាន​នៅ​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក បាន​ធុំក្លិន​ត្រី ពេល​កំពុង​ល្បាត​នៅ​ព្រែក​ជីក​​ក្រុង Boston។ ក្រោយ​មក​ពួក​គេ​បាន​ប្រទះ​ឃើញ​អូប័រ​មួយ ដែល​ពោរពេញ​ដោយ​ត្រី​ក្នុង​បរិមាណ​យ៉ាង​ច្រើន។ នៅ​ក្នុង​ព្រែក​ជីក​នេះ ចំនួន​ត្រី​សមុទ្រ​ដែល​ដែល​អនុញ្ញាត​ឲ្យ​ចាប់ មាន​ត្រឹម ៨​ក្បាល​ប៉ុណ្ណោះ ដោយសារ​ខ្លាច​ការ​នេសាទ​ហួស​ហេតុ​ពេក។

 

ចំពោះ​ត្រី​ដែល​បុរស​ស្រវឹង​ស្រា​ចាប់​បាន មាន​រហូត​ដល់ ១២២​ក្បាល ជា​ចំនួន​ដ៏​ច្រើន​មួយ បើ​ប្រៀប​ធៀប​នឹង​អ្នក​ជំនាញ​នេសាទ​ផ្សេង​ទៀត។ បុរស​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​នេះ​ត្រូវ​ប៉ូលិស​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​សារជាតិ​អាល់កុល និង​ត្រូវ​ឃាត់​ខ្លួន​ភ្លាមៗ។

 

បុរស​ប្រមឹក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​៥ គឺ ១. ចាប់​ត្រី​រហូត​ដល់ ១២២​ក្បាល ២. អូប័រ​ពាក់​ស្លាក​លេខ​មិន​ត្រឹម​ត្រូវ ៣. អូប័រ​មិន​ចុះ​បញ្ជី ៤. បើក​អូប័រ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ៥. ​ចាប់​ត្រី​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​នេសាទ​ត្រី​ទឹក​ប្រៃ​របស់​រដ្ឋ Massachusetts។

 

ទោះ​យ៉ាង​ណា ប្រភព​មិន​ទាន់​បញ្ជាក់​ថា បុរស​ម្នាក់​នេះ ត្រូវ​ជាប់​ពន្ធនាគារ ឬ​ពិន័យ​ជា​ប្រាក់​កម្រិត​ណា​នោះ​ទេ។ ចំណែក​ត្រី​ទាំង​អស់ មន្ត្រី​ប៉ូលិស​បាន​សម្រេច​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌៕ ​​​​​​

 

ចុចអាន៖ ជួប​គ្រោះ​ថ្នាក់​ដេក​ពេទ្យ ទើប​បែក​ធ្លាយ​ថា​មាន​សង្សារ ១៧​នាក់

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ telegraph