លេច មុខ ទេព រិនដារ៉ូ ផ្អើលអ្នកឃុំរកាកោង ២ ម្សិលមិញ
- 2015-05-31 21:25:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេច មុខ ទេព រិនដារ៉ូ ផ្អើលអ្នកឃុំរកាកោង ២ ម្សិលមិញ
ចន្លោះមិនឃើញ
តារាភាពយន្តជើងចាស់ ទេព រិនដារ៉ូ កាលពីម្សិលមិញ បានទៅចូលរួមសម្ពោធសមិទ្ធផលមួយចំនួន នៅសាលាបឋមសិក្សារកាកោង ២ នាស្រុកមុខកំពូល ខេត្ត កណ្ដាល ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ព្រោះមិនដែលបានជួបផ្ទាល់ពីមុនមកទេ។
តារារូបនេះបញ្ជាក់ថា ការពិតទៅ វត្តមានរបស់លោកនៅមូលដ្ឋានខាងលើ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានក្លឹបសិល្បៈឌីភីលោក កុយ ស៊ីឌឿន ក្នុងនាមជាមិត្តភ័ក្ដិរាប់អានគ្នា។ តារាសម្ដែងរូបនេះបានចាត់ទុកថា ការចំណាយពេលវេលារបស់លោក ពិតជាមានតម្លៃជ្រាលជ្រៅ ព្រោះបានមកជួបប្រជាពលរដ្ឋអ្នកគាំទ្រដោយផ្ទាល់ដូច្នេះ។
ជាមួយគ្នានោះ ក្នុងនាមជាសិល្បករមួយរូប លោកបានសម្ដែងការកោតសរសើរ ចំពោះប្រធានក្លឹបសិល្បៈខាងលើ ដែលចេះនឹកនាកសាងស្រុកកំណើតរបស់ខ្លួន ក្រោយទទួលបានជោគជ័យក្នុងជីវិតដូច្នេះ។ តារារូបនេះបន្ថែមថា ដោយសារតែគាំទ្រពេញទំហឹងសកម្មភាពនេះ ទើបជាដើមចមនាំឱ្យមានការចូលរួម បើទោះបីជាកំពុងថតរឿងថ្មី មមាញឹកយ៉ាងណាក៏ដោយ។ “ឃើញថា នេះជាអំពើល្អមួយបង្ហាញឱ្យកូនខ្មែរទាំងអស់មើលឃើញ ហើយកុំចេះតែទិតៀនគ្នា តែត្រូវចេះរួមគ្នាកសាងជាតិទាំងអស់គ្នា"។ ទេព រិនដារ៉ូ បញ្ជាក់។
តារាភាពយន្តជាង ២ ទសវត្ស ខាងលើបន្ថែមថា លោកកាន់តែសប្បាយចិត្តទៅទៀត ប្រសិនបើបានឃើញអ្នកសិល្បៈជំនាន់ក្រោយរូបណា ដែលមានជីវភាពធូរធារ ហើយនឹកឃើញ និង ចេះចែករំលែកទ្រព្យធនកសាងស្រុកកំណើត ឬកន្លែងនានា ដែលជាផ្នែកមួយនៃការកសាងសង្គមជាតិផងដែរ។
ប្រធានក្លឹបសិល្បៈ កុយ ស៊ីឌឿន ទើបតែបានដឹកនាំសិល្បករជើងចាស់មួយចំនួន ដើម្បីចូលរួមធ្វើពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងទីវត្ត គិរីបព្វតាសិលាគង្គា កាលពីពេលថ្មីនេះ រួមមានស្រះទឹក និង របងជាដើម ។
ទោះបីជាយ៉ាងណា នៅក្នុងកម្មវិធីសំណេះសំណាលកាលពីម្សិលមិញ ទីប្រឹក្សាក្រសួងព័ត៌មានខាងលើ បានលើកឡើងថា នេះជាការរលឹកចំពោះសាលារៀន ជាទីកន្លែងធ្លាប់ផ្ដល់ចំណេះដឹងតាំងពីតូច ជាពិសេសបានជួបលោកគ្រូអ្នកគ្រូចូលនិវត្ត ធ្លាប់បង្ហាត់បង្រៀនពីមុនមក ទើបបង្កើតឱកាសនេះឡើង ដោយមានទាំងការចូលរួមពីសិល្បករជើងចាស់ជាច្រើនរូប៕
អានអត្ថបទ៖ យុវវ័យ រាប់ម៉ឺននាក់ ចូលរួមកម្សាន្ដកម្មវិធី Color Race លើកដំបូងនៅភ្នំពេញ យប់មិញ
អានអត្ថបទ៖ ប្រិយមិត្តចាំទេ បទល្បីៗរបស់ ខាន់ ជេមស៍ កាលនៅផលិតកម្ម Rock មានបទអ្វីខ្លះ?
អត្ថបទ៖ សំ ជំនាញ