កំពូល​តារា​ល្បី​ៗ​ដែល​ច្រៀង​ផ្ទាល់​ពីរោះល្អ មិន​ចាំបាច់​ចាក់​ឌីស

  • 2015-06-03 14:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​បាន​ចេញ​លក់​លើ​ទី​ផ្សារ បទ​ចម្រៀង ឬ​សំឡេង​របស់​តារា​ចម្រៀង​តែង​តែ​មាន​ជំនួយ​ខ្លះ​ៗ​ពី​បច្ចេកទេស។ ទោះ​យ៉ាង​ណា តារា​ចម្រៀង​ដែល​មាន​ទឹក​ដម​សំឡេង​ពីរោះ​ពិត​ប្រាកដ​គឺ​មិន​សូវ​ជា​ត្រូវ​ការ​ជំនួយ​ពី​បច្ចេកទេស​ឡើយ ហើយ​នៅ​ពេល​សម្ដែង​ផ្ទាល់​ សំឡេង​របស់​ពួក​គេ​គឺ​ពីរោះ និង​អាច​ពីរោះ​ជា​បទ​ចម្រៀង​ក្នុង​ស្ទូឌីយោ​ទៅ​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភពលោក​ដែល​អាច​ច្រៀង​ផ្ទាល់​បាន​ពីរោះ​ជាង​គេ៖​​

 

 

១ Beyoncé

Queen Bey បាន​ទទួល​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទូទាំង​ពិភពលោក​តាម​រយៈ​បទ​ចម្រៀង​ពីរោះ​ៗ ការ​លេង​ម៉ូដ​ទាក់ទាញ និង​ក្បាច់​រាំ​ខ្លាំង​ៗ ប៉ុន្តែ​ចំណុច​ដែល​ខ្លាំង​ជាង​គេ​គឺ​សំឡេង​របស់​នាង​តែ​ម្ដង។ ទស្សនា​ការ​សម្ដែង​របស់​នាង​ក្នុង​បទ "If I Were A Boy” ក្នុង​កម្មវិធី Grammy Awards លើក​ទី​៥២៖

 

២. Ed Sheeran

តារា​ចម្រៀង​វ័យ ២៤ឆ្នាំ​រូប​នេះ បាន​ចាប់​ផ្ដើម​និពន្ធ​ និង​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង​តាំង​ពី​អាយុ ១៤ឆ្នាំ។ អាល់ប៊ុម "X” របស់​គេ​ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់​គេ​ក្នុង​បទ "Give Me Love” ប្រិយមិត្ត​នឹង​ដឹង​ថា​គេ​មាន​ទេពកោសល្យ​បែប​ណា​ក្នុង​ការ​ប្រើ​សំឡេង៖

 

 

៣. Lady Gaga

បច្ចុប្បន្ន​នេះ តារា​ចម្រៀង​ Mother Of Monster Lady Gaga បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​មហាជន​តាម​រយៈ​ការ​លេង​ម៉ូដ​ចម្លែក​ៗ។ ប៉ុន្តែ​ក្រៅ​ពី​ភាព​ទាក់ទាញ​ខាង​ក្រៅ Gaga គឺ​ជា​តារា​ចម្រៀង​ដែល​មាន​ទឹក​ដម​សំឡេង​ក្រអួន​ក្រអៅ​មួយ​រូប។ ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់​នាង​ក្នុង​បទ "Speechless”៖​

 

៤. Bruno Mars

Bruno Mars ដែល​មាន​ឈ្មោះ​ពិត​ថា Peter Hernandez គឺ​ជា​តារា​លេចធ្លោ​ម្នាក់​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នា​ពេល​បច្ចុប្បន្ន។ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចាត់​ទុក​គេ​ជា ស្ដេច​ចម្រៀង​ប៉ុប​ទី​ពីរ​បន្ទាប់​ពី Michael Jackson ទៀត​ផង។ ការ​សម្ដែង​ផ្ទាល់​របស់​គេ​ក្នុង​បទ "When I Was Your Man” ខាង​ក្រោម​នេះ មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា ពីរោះ​ជាង​ថត​ក្នុង​ស្ទូឌីយោ​ទៅ​ទៀត៖​

 

៥. Demi Lovato

តារា​ក្មេង​ៗ​ពី​ប៉ុស្តិ៍ Disney ភាគ​ច្រើន​ត្រូវ​​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ច្រៀង​ល្មម​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ Demi គឺ​​ពិត​ជា​តារា​ចម្រៀង​ដែល​មាន​ទឹក​ដម​សំឡេង​ល្អ​ពិត​ប្រាកដ ហើយ​នៅ​ពេល​ច្រៀង​ផ្ទាល់ សំឡេង​របស់​នាង​សឹង​តែ​ល្អ​ជាង​បទ​ចម្រៀង​ក្នុង​ស្ទូឌីយោ​ទៅ​ទៀត។ ទស្សនា​ការ​សម្ដែង​របស់​នាង​ក្នុង​បទ "Skyscraper”៖​

 

 

៦. Jessie J

តារា​ចម្រៀង​អង់គ្លេស Jessie J ប្រហែល​មិន​មាន​បទ​ចម្រៀង​ល្បី​ច្រើន​ដូច​តារា​ផ្សេង​ៗ​ឡើយ ក្រៅ​ពី​បទ "Price Tag” ប៉ុន្តែ​ទឹក​ដម​សំឡេង និង​សមត្ថភាព​ច្រៀង​របស់​នាង​ គឺ​ពិត​ជា​មិន​ធម្មតា​ឡើយ។ វីដេអូ​ខាង​ក្រោម​នេះ ត្រូវ​បាន​ថត​ក្នុង​បន្ទប់​ទឹក​ប៉ុណ្ណោះ ប៉ុន្តែ​​សំឡេង​របស់​តារា​វ័យ ២៧ឆ្នាំ​រូប​នេះ នៅ​តែ​ល្អ​មិន​ចាញ់​បទ​ចម្រៀង​ពី​ស្ទូឌីយោ​នោះ​ទេ៖

 

 

៧. Miley Cyrus

មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​ចម្រៀង​វ័យ ២២ឆ្នាំ Miley Cyrus កាន់​តែ​មាន​អ្នក​ស្អប់​ច្រើន​ទៅ​ៗ ដោយ​សារ​ការ​តុបតែង​ខ្លួន និង​អាកប្បកិរិយា​ប្លែក​ៗ​របស់​នាង ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​គឺ​នាង​មាន​សមត្ថភាព​ច្រៀង​បាន​យ៉ាង​ពីរោះ។ ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់​នាង​ក្នុង​បទ "Wrecking Ball”៖

 

 

៨. Justin Bieber

Justin Bieber បាន​ក្លាយ​ជា​តារា​ល្បី​តាំង​ពី​មិន​ទាន់​ពេញ​វ័យ ប៉ុន្តែ​មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ គឺ​ដោយ​សារ​គេ​គឺ​ជា​តារា​ចម្រៀង​មាន​សំឡេង​ល្អ​ពិត​ប្រាកដ។ ការ​សម្ដែង​បទ "As Long As You Love Me” ខាង​ក្រោម​នេះ​អាច​បង្ហាញ​បាន​ថា​ទឹក​ដម​សំឡេង​ និង​ការ​ច្រៀង​របស់​គេ​ល្អ​ប៉ុណ្ណា៖

 

៩. Adam Lambert

បើ​ទោះ​ជា​មិន​បាន​ទទួល​ជយលាភី​ក្នុង​កម្មវិធី American Idol ពិត​មែន ប៉ុន្តែ Adam បាន​បង្ហាញ​អ្នក​គាំទ្រ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គេ​ពិត​ជា​តារា​ចម្រៀង​ដ៏​មាន​សំឡេង​ពីរោះ​មិន​ធម្មតា។ ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់​គេ​ក្នុង​បទ "What Do You Want From Me”៖

 

 

១០. Rihanna

ស្ទីល​តុបតែង​ខ្លួន​របស់​នាង​បាន​ផ្លាស់​ប្ដូរ​ជា​ច្រើន​តាំង​ពី​​ចូល​ច្រៀង​នៅ​ឆ្នាំ​២០០៥​មក ប៉ុន្តែ​អ្វី​ដែល​មិន​ផ្លាស់​ប្ដូរ​គឺ​សំឡេង​របស់​នាង គឺ​នៅ​តែ​ពីរោះ​ជា​និច្ច។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​សម្ដែង​បទ​ចម្រៀង​ល្បី​ដំបូង​ៗ​របស់​នាង​មួយ​បទ គឺ​បទ "Take A Bow”៖

 

១១. Sam Smith

Sam Smith គឺ​ជា​តារា​ចម្រៀង​ជំនាន់​ថ្មី​ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នា​ពេល​បច្ចុប្បន្ន។ បទ​ចម្រៀង​របស់​គេ​ភាគ​ច្រើន​គឺ​ជា​បទ​មនោសញ្ចេតនា ហើយ​សំឡេង​របស់​គេ​ក៏​បង្កប់​ដោយ​មនោសញ្ចេតនា​មិន​ធម្មតា​ដែរ។ ទស្សនា​ការ​សម្ដែង​ផ្ទាល់​របស់​គេ​ក្នុង​បទ "I'm Not The Only One”៖

 

ចុចអាន៖ធ្លាប់​ឃើញ Bruno Mars ច្រៀង​ត្រាប់​តាម​ Justin BieberនិងMichael Jackson អត់?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ buzzfeed