U-23 កម្ពុជា ចាប់​ផ្ដើម​ស៊ីហ្គេម​យប់​នេះ ជួប U-23 ហ្វីលីពីន

  • 2015-06-03 15:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​​ U-23 កម្ពុជា​​នឹង​បើក​ទំព័រ​ស៊ីហ្គេម​លើក​ទី​២៨ ដោយ​​ប៉ះ​ក្រុម U-23 ហ្វីលីពីន ក្នុង​ពូល A នា​ម៉ោង​៧:៣០នាទី​យប់​នេះ នៅ​កីឡដ្ឋាន​ Jalan Besar របស់​សិង្ហបុរី។ នេះ​ជា​ការ​ប្រកួត​ទី​១​សម្រាប់​កម្ពុជា តែ​សម្រាប់​ហ្វីលីពីន​​វិញ​គឺ​ជា​លើក​ទី​២​ហើយ ខណៈ​កាល​ពី​ប្រកួត​ដំបូង ក្រុម​នេះ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​ ១-០។ តើ​កម្ពុជា អាច​យក​៣ពិន្ទុ​ក្នុង​ប្រកួត​ដំបូង​នេះ​បាន​ដែរ​ឬទេ?

 

គ្រូ​បង្វឹក​​បង្ហាញ​ទំនុក​ចិត្ត​ដូច​គ្នា

 

គ្រូ​បង្វឹក​ក្រុម U-23 កម្ពុជា លោក Lee Tae Hoon

 

U-23 កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក Lee Tae Hoon បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ​នៅ​មុន​ការ​ប្រកួត​នេះ ពោល​​គឺ​បាន​ប្រកួត​មិត្តភាព​​ដក​ស្រង់​បច្ចេកទេស​ជា​ច្រើនប្រកួត។ គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​​ដែល​បាន​អង្គុយ​មើល​ទម្រង់​លេង​ក្រុមហ្វីលីពីន​ពេល​ប៉ះ​សិង្ហបុរី​នោះ បាន​​និយាយ​ប្រាប់​ Oracle of Cambodia ថា៖ "បច្ចុប្បន្ន​យើង​មាន​ក្រុម​ដ៏​រឹង​មាំ ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្ពស់​នៅស៊ីហ្គេម​ឆ្នាំ​នេះ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​គោលដៅ​របស់​​​យើង​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ក្លាយ​ជា​ការ​ពិត"។

 

ចំណែក​លោក Marlon Maro គ្រូ​បង្វឹក​ក្រុម U-23 ហ្វីលីពីន ក៏ធ្លាប់​បាន​​បង្ហាញ​ទំនុក​ចិត្ត​ខ្លាំង​ណាស់​ដែរ ទោះ​បី​ជា​ត្រូវ​បាត់​បង់​កីឡាករ​សំខាន់​មួយ​ចំនួន​ដែល​ជាប់​ក្នុង​ក្រុម​ឈុត​ធំ​សម្រាប់​ត្រៀម​ជម្រុះ World Cup ដូច​កម្ពុជា​ដែរ​ក្ដី។ គ្រូ​បង្វឹក​ដែល​ទើប​ចូល​ដឹក​នាំ​ឈុត U-23 ហ្វីលីពីន កាល​ពី​ខែ​មុន​រូប​នេះ បានប្រាប់ ESPN FC ថា៖ "យើង​បាន​បាត់បង់​កីឡាករ​សម្បូរ​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​ជាប់​ភារកិច្ច​ក្នុង​ក្រុមជម្រើស​ជាតិ​ឈុត​ធំ​ត្រៀម​ជម្រុះ World Cup។ ទោះ​បី​ជា​ក្រុម​យើង​ក្មេង​ខ្ចី តែ​យើង​បាន​បោះ​ជំរំ​ហ្វឹកហាត់​នៅ​អូស្រ្ដាលី។ ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ក្រុម​របស់​ខ្ញុំ”។

 

កីឡាករ​ពេញ​ជើង​ដូច​គ្នា

 

ក្រុម​កីឡាករ​ U-23 កម្ពុជា​ហ្វឹកហាត់​កាល​ពី​ម្សិលមិញ

 

កម្ពុជា​មិន​មាន​បញ្ហា​កីឡាករ​របួស​នោះ​ទេ ប៉ុន្តែ​កីឡាករ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា មិន​ទាន់​ fit ១០០% នោះ​ឡើយ។ យ៉ាង​ណា​ក្ដី លោក Lee បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​ក្លិប​បឹងកេតអង្គរ​រូប​នេះ អាច​ចូល​លេង​បាន​​ក្នុង​ការ​ប្រកួត​នេះ។ កីឡាករ​សំខាន់​ម្នាក់​ដែល​មិន​មាន​ឈ្មោះ​ចូល​រួម​ជាមួយ​ក្រុម​​កម្ពុជា​នៅ​សិង្ហបុរី គឺ​ខ្សែ​ការពារ រស់ សំអឿន ​ដោយ​សារ​​​​មាន​បញ្ហា​របួស​ដៃ​។

 

ចំណែក​ហ្វីលីពីន វិញ ក៏​គ្មាន​កីឡាករ​របួស ឬ​ជាប់​បម្រាម​អ្វី​នោះ​ដែរ។ អ្វី​ដែលក្រុម​នេះ​ប្រឈម​ គឺ​ការ​បាត់បង់​កីឡាករ​សំខាន់​វ័យ​ក្មេង​​​​មួយ​ចំនួន​ដែល​ជាប់​ក្នុង​ក្រុម​ឈុត​ធំ ដូច​ជា​ Amani Aguinaldo, Kenshiro Daniels, Manuel Ott និង​កីឡាករ​​កូន​កាត់​ជប៉ុន Daisuke Sato ជា​ដើម។

 

បើ​និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​វិញ គឺ​ក្រុម U-23 កម្ពុជា ទើប​តែ​បំបាក់ U-23 ហ្វីលីពីន ៣-១ នា​ការ​ប្រកួត​ពាន​រង្វាន់ AFC U-23 Championship កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា​កន្លង​ទៅ​ នៅ​កីឡដ្ឋាន​ Rajamangala ប្រទេស​​ថៃ។ ចំណែក​ប្រវត្តិ​ជួប​គ្នា​នៅ​ស៊ីហ្គេម​វិញ គឺ​ U-23 ហ្វីលីពីន ធ្លាប់​ឈ្នះ U-23 កម្ពុជា ៤-២ នៅ​ស៊ីហ្គេម​ ២០០៥ ​ដែល​ពេល​នោះ​​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

ការ​ប្រកួត​រវាង​​ក្រុម​ទាំង​ពីរ​កាល​​ពី​មីនា​កន្លង​ទៅ

 

លទ្ធផល​ប្រកួត​ពាន​រង្វាន់​ផ្លូវការ ៥ប្រកួត​ចុង​ក្រោយ​នៃ​ក្រុម​ទាំង​២៖

 

កម្ពុជា

ហ្វីលីពីន

៣១/០៣/១៥ (AFC U-23)

កម្ពុជា ៣-១ ហ្វីលីពីន

០១/០៦/១៥ (ស៊ីហ្គេម ២០១៥)

សិង្ហបុរី ១-០ ហ្វីលីពីន

២៩/០៣/១៥ (AFC U-23)

កម្ពុជា ១-៤ ​កូរ៉េខាងជើង

៣១/០៣/១៥ (AFC U-23)

កម្ពុជា ៣-១ ហ្វីលីពីន

២៧/០៣/១៥ (AFC U-23)

ថៃ ២-១ កម្ពុជា

២៩/០៣/១៥ (AFC U-23)

ហ្វីលីពីន ១-៥ ថៃ

១៦/១២/១៣ (ស៊ីហ្គេម ២០១៣)

ថៃ ០-០ កម្ពុជា

២៧/០៣/១៥ (AFC U-23)

កូរ៉េខាងជើង ៤-០ ហ្វីលីពីន

១២/១២/១៣ (ស៊ីហ្គេម ២០១៣)

កម្ពុជា ២-៣ ទីម័រខាងកើត

១៥/១១/១១ (ស៊ីហ្គេម ២០១១)

ហ្វីលីពីន ១-២ ប្រ៊ុយណេ

 

ទោះ​មិន​បាន​ទៅ​គាំទ្រ​ដល់​សិង្ហបុរី ក៏​ប្រិយមិត្ត​អាច​ចូល​រួម​​លើក​ទឹក​ចិត្ត​​ក្រុម​កម្ពុជា​ពី​ចម្ងាយ​បាន​ផង​ដែរ ដោយ​ទស្សនា​​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​រយៈ​ទូរទស្សន៍រស្មី​ហង្សមាស ក៏ដូច​ជា​តាម​ YouTube ដោយ​​ចុច​ត្រង់​នេះ

 

តោះ! សាក​ទាយ​ទាំង​អស់គ្នា ថា​តើ​លទ្ធផល​នៃ​គូ​នេះ​យ៉ាង​ណា​ដែរ?

 

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី