ជំងឺប្រភេទថ្មីគ្មានថ្នាំព្យាបាលកំពុងរីករាលដាលនៅកូរ៉េ
- 2015-06-04 20:28:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺប្រភេទថ្មីគ្មានថ្នាំព្យាបាលកំពុងរីករាលដាលនៅកូរ៉េ
ចន្លោះមិនឃើញ
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីថ្ងៃអង្គានេះថា ប្រទេសកូរ៉េខាងត្បូងអាចនឹងរងការវាយប្រហារដោយមេរោគ MERS បន្តទៅទៀត ខណៈអ្នកស្លាប់មានពីរនាក់ ដោយសារគ្មានថ្នាំព្យាបាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន USA Today។
មេរោគ (MERS) មានពាក្យពេញ “Middle East Respiratory Syndrome” មានន័យថា "មេរោគផ្លូវដង្ហើមមជ្ឈិមបូព៌ា"។ មេរោគដ៏កំណាចនេះ មានប្រភពផ្ទុះឡើងដំបូងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ចំណែកករណីទីមួយនៅប្រទេសកូរ៉េខាងត្បូងនេះវិញ បានកើតឡើងកាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters របស់ចក្រភពអង់គ្លេស បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អះអាងពីករណីនៃការឆ្លងមេរោគ ៥នាក់ថ្មីទៀតកាលពីថ្ងៃពុធសប្ដាហ៍មុន ដែលនាំឲ្យចំនួនអ្នកឆ្លងមេរោគនេះកើនឡើងរហូតដល់ ៣០នាក់ ជាការផ្ទុះឡើងធំបំផុតនៅក្រៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ប្រទេសកូរ៉េខាងត្បូង បានដាក់មនុស្ស ៧៥០នាក់ឲ្យនៅដាច់ពីគេ បន្ទាប់ពីក្រុមមនុស្សទាំងនេះបានទាក់ទងជាមួយអ្នកមានផ្ទុកមេរោគ។ នៅថ្ងៃនេះ អាជ្ញាធរបានសម្រេចចិត្តបិទទ្វារសាលាចំនួន៧០០ បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល។
ករណីទីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើតទៅលើបុរសវ័យ ៦៨ឆ្នាំម្នាក់ ដែលធ្វើដំណើរទៅបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាកាលពីពេលថ្មីៗនេះ។ បន្ទាប់ពីចេញរោគសញ្ញាកាលពីថ្ងៃទី១១ ខែឧសភា លោកបានទទួលការពិនិត្យពីសេវាព្យាបាល ២កន្លែង និងចូលសម្រាកក្នុងមន្ទីរពេទ្យ២ ផ្សេងទៀត។
ទោះយ៉ាងណា បុរសចំណាស់នោះ មិនត្រូវបានដាក់ឲ្យនៅដាច់ឆ្ងាយពីគេឡើយ ដោយសារលោកមិនបង្ហាញពីការជាប់ពាក់ព័ន្ធជាមួយមេរោគ។ នៅពេលកំពុងទទួលការព្យាបាល មានមនុស្សជាច្រើនដែលប៉ះពាល់ជាមួយបុរសចំណាស់នោះ ដូចជាបុគ្គលិកពេទ្យ អ្នកជំងឺ និងអ្នកទៅសួរសុខទុក្ខជាដើម។
មេរោគផ្លូវដង្ហើម MERS អាចរីករាលដាលបានយ៉ាងស្រួលនៅក្នុងមន្ទីរពេទ្យ ហើយហានិភ័យនៃការឆ្លងមេរោគនេះកាន់តែឆាប់រហ័ស នៅពេលអ្នកជំងឺចាប់ផ្ដើមចុះខ្សោយ និងក្អកកាន់តែច្រើន។ នេះបើតាមលោក Michael Osterholm ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់គោលនយោបាយនិងការស្រាវជ្រាវជំងឺឆ្លង Center for Infectious Disease Research and Policy នៃសាកលវិទ្យាល័យ Minnesota និយាយប្រាប់សារព័ត៌មាន USA Today។
រោគសញ្ញានៃមេរោគ MERS គឺ ក្អក គ្រុន មានដង្ហើមខ្លីៗ និងអាចឈានទៅដល់រលាកសួត និងខូចក្រលៀន។ ដោយសារ MERS ជាជំងឺប្រភេទថ្មី ដែលកើតឡើងដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងឆ្នាំ២០១២ មានវេជ្ជបណ្ឌិតតិចតួចណាស់បានស្គាល់។ បច្ចុប្បន្ន ពុំមានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជំងឺផ្លូវដង្ហើមប្រភេទនេះទេ៕
ចុចអាន៖ វិធីការពារខ្លួនពីមេរោគអេបូឡា ដែលកំពុងរីករាលដាលខ្លាំងលើលោក
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ usatoday