CoCa-Cola ​បង្ហាញ​ដប​ថ្មី​ធ្វី​ពី​​ស្ករ​អំពៅ​​​១០០% ​ជួយ​កាត់​បន្ថយ​បំពុល​បរិស្ថាន

  • 2015-06-05 17:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Coca-Cola ​បាន​បង្ហាញ​ដប​ប្រភេទ​ថ្មី​ដែល​ត្រូវ​បាន​ផលិត​ចេញ​ពី​​​វត្ថុធាតុ​​ធម្មជាតិ​សុទ្ធសាធ​ ​និង​អាច​កែច្នៃ​ឡើង​វិញបាន​ ១០០% ​នៅ​ក្នុងសន្និសីទ​​​ Expo Milano food technology ​​ក្នុង​ប្រទេស​អ៊ីតាលី ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

 

 

​ប្រភេទ​ដប​ថ្មី​ដែល​ក្រុមហ៊ុន​ Coca-Cola បាន​បង្ហាញ​នេះ​គឺ​មាន​ឈ្មោះ​ថា​​ PlantBottle​ ហើយ​ដប​​ប្រភេទ​នេះ​គឺត្រូវ​បាន​ប្រើ​ចាប់​តាំង​ពី​ឆ្នាំ​​២០០៩ ​​តែ​ពេល​នោះ​ដប​នេះ​បាន​ផលិត​ដោយ​​លាយ​ផ្សំ​ជា​មួយ​នឹង​ផលិត​ផល​ធម្មជាតិ​តែ​ ៣០%​ ប៉ុណ្ណោះ។ ប៉ុន្តែ​ PlantBottle ថ្មីក្រុមហ៊ុន​​បាន​បញ្ជាក់​ថា​​ផលិត​ចេញ​ពី​ស្ករ​អំពៅ​ ១០០% ហើយ​ដប​​ថ្មី​នេះ​ដែរ​នឹង​​ប្រើ​នៅ​លើ​ផលិតផល​ភេសជ្ជៈ ទឹក​ផ្លែឈើ​ តែ​ និង​​ទឹក។

 

ក្រុមហ៊ុន Coca-Cola ​បាន​និយាយ​ថា ​ស្ករ​អំពៅ​ដែល​បាន​ប្រើ​នេះ​គឺ​យក​មក​ពី​ប្រទេស​ប្រេស៊ីល ហើយ​ក្នុង​វត្ថុធាតុ​ដើម​នេះ​ក៏​មាន​ផ្ទុក​កាក​សំណល់​ចេញ​ពី​ដំណើរ​ការ​ផលិត​ស្ករ​អំពៅ​ផង​ដែរ។

 

ក្រុមហ៊ុន​បាននិយាយ​​ថា នេះ​គឺ​ជា​កិច្ចសហការ​គ្នា​​​​ជា​មួយ​នឹង​ក្រុមហ៊ុន​​ជីវបច្ចេកវិទ្យា​​ដើម្បី​ផលិត​ដប​​ប្លាស្ទិក​​​ផលិត​ចេញ​ពី​ធម្មជាតិ​ ១០០% និង​កែ​ច្នៃ​បាន ​១០០%​ ដែរ។

 

ក្រុមហ៊ុន​បាន​បន្ថែម​ថា ​កាល​ពី​ឆ្នាំ​​២០០៩​ ​ខ្លួន​បាន​ចែក​ចាយ​ផលិត​ផល​របស់​ខ្លួន​ជា​មួយ​នឹង​ដប​ PlantBotle ច្រើន​ជាង​ ៣៥ ពាន់លាន​​ ប្រមាណ​​ជា​ ​៤០ ប្រទេស ហើយ​ការ​ចែក​ចាយ​នេះ​បាន​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ដូច​ជា​ការ​បំភាយ​ឧស្ម័ន​កាបូនិក​​ប្រមាណ​ជា​ ៣១៩​ ០០០ ​តោន​ចូល​ទៅ​ក្នុង​បរិយាកាស។ ​​​ក្នុង​ឆ្នាំ​ ២០២០ ខ្លួន​នឹង​​ប្រើដប​​ PlantBottles ​ជំនួស​ដប​ដែល​ផលិត​ចេញ​ពី​ឥន្ធនៈ​ហ្វូស៊ីល ​និង​វត្ថុធាតុ​ដើម​ដែល​មិន​អាច​កែ​ច្នៃ​ឡើង​វិញ​​ផ្សេង​ទៀត​បាន​​​​ទាំង​ស្រុង ហើយ​ក៏​សង្ឃឹម​ថា​​​​នឹង​អាច​​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​បាន​កាន់​តែ​ច្រើន​ផង​ដែរ៕

 

 

អាន​បន្ត៖ ចម្លែក​មែន! Audi ផលិត​ឥន្ធនៈរថយន្ត​​ចេញ​ពី​​ទឹក​និង​ខ្យល់

 

ប្រែសម្រួល៖ សំនៀង

ប្រភព៖ time