តារា​វាយ​តប់ សុខ សុវណ្ណាដែន ត្រៀមថត​ភាពយន្ត​វាយ​តប់​​ហុងកុង

  • 2015-06-08 17:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វាយ​តប់ សុខ សុវណ្ណា​ដែន ប្រាប់​ថា លោក​កំពុង​មាន​ភាព​សប្បាយ​រីករាយ​ក្រោយ​ទើប​ទទួល​បាន​ការ​ងារ​ថ្មី​ទៀត ដោយ​ត្រៀម​ចូល​រួម​សម្ដែង​ភាពយន្ត​របស់​ហុងកុង​មួយ​រឿង​ដែល​មក​ថត​នៅ​ស្រុក​ខ្មែរ។

 

ភាពយន្ត​ខាង​លើ​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា​មាន​ចំណង​ជើង​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​តារា​សម្ដែង​ដែល​យក​វត្ត​ជា​ទី​ជម្រក​រូប​នេះ ប្រាប់​ថា លោក​បាន​ចូល​ខ្លួន​ទៅ​សម្ដែង​សាក​ល្បង​ជាមួយ​ក្រុម​ផលិត​របស់​គេ​រួច​ហើយ ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។

 

 

ដែន ថ្លែង​ថា “មាន​តួ​សម្ដែង​ច្រើន​នាក់​ណាស់​បង ដែល​បាន​ទៅ​ចូល​រួម​សម្ដែង​សាក​ល្បង​ឲ្យ​គេ​មើល អ្នក​ខ្លះ​ធ្វើ​ច្រើន​ដង​បាន​ត្រូវ ខ្លះ​គេ​អត់​យក​តែ​ម្ដង តែ​ខ្ញុំ​ដឹង​ម៉េច​ដែរ លេង​តែ​ម្ដង​ត្រូវ​ហ្មង!”។ ក្រៅ​ពី​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​ពី​ចំណង​ជើង សាច់​រឿង​យ៉ាង​ណា ក៏​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ដែរ។ ដូច្នេះ​ហើយ សុខ សុវណ្ណា​ដែន ថ្លែង​ថា សូម្បី​លោក​ដើរ​ជា​តួ​អ្វី​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ តែ​លោក​សង្ស័យ​ខ្លួន​ឯង​ថា អាច​ជា​តួ​វាយ​តប់​ដែល​ត្រូវ​នឹង​ជំនាញ​របស់​លោក។

 

លោក បន្ត​ថា ការ​ជួប​គ្នា​លើក​ដំបូង​រវាង​លោក និង​ក្រុម​អ្នក​ផលិត​មក​ពី​ហុងកុង​សប្ដាហ៍​មុន​នេះ គឺ​មិន​ទាន់​បាន​និយាយ​គ្នា​អី​វែង​ឆ្ងាយ ក្រៅ​តែ​ពី​ការ​សម្ដែង​សាក​ល្បង​ឲ្យ​ពួក​គេ​មើល​ទេ អីចឹង​ហើយ​បច្ចុប្បន្ន គឺ​លោក​កំពុង​រង់ចាំ ការ​កោះ​ហៅ​និយាយ​ពី​កុងត្រា និង​ពិភាក្សា​ការងារ​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​ដែរ ក្រោយ​លោក​បាន​ជាប់​ក្នុង​ការ​សម្ដែង​សាក​ល្បង។

 

" គេ​យក​ហើយ...ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​បាន​ជួប​គ្នា​និយាយ​លម្អិត​ការងារ​ផ្សេង​ៗ​ហ្នឹង​ណា គេ​ថា​នឹង​ហៅ​ឆាប់​ៗ អាច​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ​អី​ហ្នឹង អីចឹង​ហើយ​ខ្ញុំ​កំពុង​តែ​ចាំ​ដែរ​ហ្នឹង!”។ សុវណ្ណា​ដែន ថ្លែង។

 

 

សុវណ្ណា​ដែន ពេល​ចូល​រួម​ថត​រឿង "ល្បុកតោ​ចម្លែក"(រូបថត៖ FB សុវណ្ណាដែន)

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​សម្ដែង​មក​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ បាន​សម្ដែង​ភាពយន្ត​ធ្វើ​ជា​អ្នក​ប្រយុទ្ធ។ សាមី​ខ្លួន​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ក៏​ត្រូវ​ធ្លាប់​បាន​ផលិតកម្ម​ក្នុង​មួយ​ហៅ​ឲ្យ​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​គ្នា​មាន​ចំណង​ជើង​ថា "លុត​ដែក​ថែប" ដែរ។ ប៉ុន្តែ​ទន្ទឹម​រឿង​នេះ ត្រូវ​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត សុវណ្ណាដែន ក៏​បាន​ចូល​រួម​សម្ដែង​ភាពយន្ត​ប្រយុទ្ធ​ប្រើ​ក្បាច់​គុន​ដូន​តា​មួយ​រឿង​ដែរ​នា​ពេល​ថ្មី​ៗ​នេះ នោះ​គឺ​រឿង "ល្បុកតោ​ចម្លែក"។

 

ដែន ប្រាប់​ថា រឿង​នេះ លោក​បាន​ចូល​រួម​សម្ដែង​ជាមួយ​តារា​ក្បាច់​គុន កីឡា​ប្រដាល់​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ហើយ​ថា "ល្បុកតោ​ចម្លែក" ថត​ជិត​ចប់ ដែល​នឹង​អាច​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ក្នុង​រយៈ​ពេល​មិន​យូរ​ខាង​មុខ​នេះ​ហើយ៕

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី