លោកតាអាយុ៨៦ឆ្នាំប្រលងបាក់ឌុបលើកទី១៥ ដើម្បីចូលរៀនសាកលវិទ្យាល័យ
- 2015-06-10 20:53:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតាអាយុ៨៦ឆ្នាំប្រលងបាក់ឌុបលើកទី១៥ ដើម្បីចូលរៀនសាកលវិទ្យាល័យ
ចន្លោះមិនឃើញ
ពាក្យថារៀនគ្មានគិតវ័យ ទោះចាស់យ៉ាងណា ក៏នៅអាចក្រេបយកវិជ្ជាដែលគ្មានព្រំដែនកំណត់។ លោកតាអាយុ ៨៦ឆ្នាំម្នាក់ នៅក្រុង Nanjing បានចូលរួមប្រលងបាក់ឌុបដ៏តឹងតែងបំផុតរបស់ប្រទេសចិនជាលើកទី១៥ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងទៅ។
លោកតា Wang Xia បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យតាំងពីឆ្នាំ១៩៤៩ ប៉ុន្តែរហូតមកដល់ឆ្នាំនេះមិនទាន់ប្រលងជាប់នៅឡើយទេ។ ការប្រលងចូលមហាវិទ្យាល័យលើកទីមួយ ធ្វើឡើងក្នុងឆ្នាំ ១៩៥៤។ បើទោះបីប្រលងមិនជាប់ ក៏លោកតាមិនបោះបង់ ហើយព្យាយាមប្រលង ៣ដងទៀត ក្នុងឆ្នាំ១៩៥៥, ១៩៥៦ និង ១៩៦០។
បន្ទាប់ពីបរាជ័យ ៤លើក លោកតា Wang ហាក់ដូចជាសម្រេចចិត្តបញ្ឈប់ការប្រលង និងបន្តអាជីពជាឱសថការី។ នាពេលនោះ បដិវត្តន៍វប្បធម៌បានចាប់ផ្ដើម ហើយសាកលវិទ្យាល័យទាំងឡាយ បានបញ្ឈប់ការចុះឈ្មោះនិស្សិត ដែលប្រលងបាក់ឌុបចាប់ពីឆ្នាំ១៩៦៦ រហូតដល់ឆ្នាំ១៩៧៦។ ការប្រលងបាក់ឌុប បានចាប់ផ្ដើមឡើងជាថ្មីក្នុងឆ្នាំ១៩៧៧ ប៉ុន្តែជ្រើសរើសតែអ្នកមិនទាន់រៀបការ និងមានអាយុក្រោម ២៥ឆ្នាំ ដែលធ្វើឲ្យលោកតាគ្មានឱកាសប្រលងបន្ត។
នៅក្នុងឆ្នាំ២០០១ ប្រទេសចិន បានលុបចោលការកំណត់អាយុប្រលង ហើយពេលនោះលោកតា Wang ដែលមានអាយុ ៧២ឆ្នាំ ក៏សម្រេចចិត្តចូលរួមប្រលងជាថ្មីនៅឆ្នាំបន្ទាប់។ ក្រោយប្រលងធ្លាក់ក្នុងឆ្នាំ២០០២ លោកតាបានដាក់គោលដៅប្រលងយកសញ្ញាប័ត្របាក់ឌុប ដើម្បីចូលរៀនសាកលវិទ្យាល័យឲ្យខាងតែបាន និងធ្វើឲ្យចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មាននានាយ៉ាងខ្លាំង។
កាលពីឆ្នាំ២០១៤ កន្លងទៅ សាកលវិទ្យាល័យវេជ្ជសាស្ត្រ Nanjing បានផ្ដល់ឱកាសឲ្យលោកតា Wang ចូលសិក្សាថ្នាក់បន្ត ៥ឆ្នាំ ប៉ុន្តែលោកតាគ្មានសញ្ញាប័ត្របាក់ឌុប។ លោកតាចំណាស់នេះ បានប្រាប់អ្នកយកព័ត៌មានថា លោកតាធ្វើជាឱសថការីរយៈពេលជិត ៤០ឆ្នាំមកហើយ ប៉ុន្តែបែរជាគ្មានឱកាសទទួលបានសញ្ញាប័ត្រពិតប្រាកដ ដើម្បីពង្រឹងជំនាញពេទ្យបន្ថែម។
ដោយមានជំនួយពីក្រុមប៉ូលិស និងអ្នកស្ម័គ្រចិត្ត ព្រមទាំងឈើច្រត់មួយ លោកតា Wang ban បានធ្វើដំណើរចេញពីមណ្ឌលប្រលងទៅផ្ទះវិញ ដោយគ្មានបញ្ហា។ "ខ្ញុំបានត្រៀមខ្លួនល្អណាស់ សម្រាប់ការប្រលង gaokao(ស្មើនិងបាក់ឌុប) ឆ្នាំ ២០១៥នេះ។ លោកតា Wang បញ្ជាក់ពីទំនុកចិត្តក្នុងការប្រលងលើកទី១៥៕
ចុចអាន៖ លោកតាអាយុ៨១ឆ្នាំ ឃ្លានពេកហៅទូរសព្ទទៅលេខ៩១១
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist