Falcao ​ព្រមព្រៀង​​លក្ខខណ្ឌ​ផ្ទេរ​ទៅ Chelsea ហើយ

  • 2015-06-15 18:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Radamel Falcao​ បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​ជាមួយ​ក្លិប​ Chelsea ហើយ​ ​នេះ​មាន​ន័យ​ថា​តោ​ខៀវ ​នៅ​សល់​តែ​​​ការ​​ចរចា​តម្លៃ​​​ខ្លួន​ជាមួយ​ក្លិប​ Monaco ​ទៀត​​ប៉ុណ្ណោះ​ ​នឹង​អាច​នាំ​យក​កីឡាករ​វ័យ​២៩​ឆ្នាំ ​ទៅ​កាន់​ទឹក​ដី Stamford Bridge ផ្លូវ​ការ​ហើយ។

 

 

​Chelsea ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​រូប​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ​ដោយ​គ្មាន​ការ​សន្យា​ថា នឹង​អាច​ទិញ​ដាច់​​ក្រោយ​ចប់​រដូវ​កាល​ឡើយ។ ប៉ុន្តែ​​ក្លិប​ Monaco ​ចង់​បាន​ការ​ព្រមព្រៀង​មួយ​ ឲ្យ​ប្រសើរ​ជាង​ ការ​​ឲ្យ​ Manchester United ខ្ចី​ជើង​រដូវ​កាល​មុន។

 

​ថ្លៃ​ឈ្នួល​របស់​ Falcao ​បច្ចុប្បន្ន​គឺ ២៦៥ ០០០​ផោន ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​​កីឡាករ​រូប​នេះ ព្រម​បញ្ចុះ​ថ្លៃ​ឈ្នួល​ទាប​ជាង​នេះ ដើម្បី​អាច​​លេង​នៅ​ Premier League ជា​បន្ត និង​អាច​ផ្ទេរ​ទៅ​កាន់​ទីក្រុង​ឡុងដុង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ Mirror Sport។

 

Falcao ទៅ​ចូល​រួម​ជាមួយ​នឹង​ក្រុម​របស់​លោក​ Jose Mourinho ត្រូវ​បាន​គេ​ជឿ​ថា នឹង​កើត​ឡើង​ឆាប់ៗ​ដ៏​ខ្លី​នេះ ឬ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ ចប់​ភារកិច្ច​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ក្នុង​យុទ្ធនាការ​​ប្រកួត​ Copa America​ នៅ​ប្រទេស​ឈីលី។

 

 

​​ខ្សែ​ប្រយុទ្ធ​វ័យ​ ២៩​ឆ្នាំ ​ធ្លាប់​ស៊ុត​ឲ្យ​ Porto បាន​៧២​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៨៧​ប្រកួត និង​ស៊ុត​ឲ្យ​ Atletico Madrid បាន​៧០​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៩១​ប្រកួត ប៉ុន្តែ​​នៅ​ក្រុម​ Man Utd រដូវ​កាល​មុន Falcao ធ្លាក់​ជើង​ខ្លាំង​មែន​ទែន ដោយ​ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​២៩​ប្រកួត៕

 

​ចុះ​ប្រិយ​មិត្ត​ជឿ​ថា Falcao អាច​នឹង​ឡើង​ជើង​វិញ ឬ​អត់​បើ​ផ្ទេរ​ទៅ Chelsea មែន?

 

-ចុចអាន៖ Falcao ​ស៊ុត​១​គ្រាប់​ ជាប់​កំណត់ត្រា ក្រោយ​ការ​ assist ពី​ Cuadrado​

 

​ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត ​ប្រភព៖ mirror