មាស សុខ​សោភា ជិះ​ឃើញ​ភ្លាម ចុះ​ចូល​ចែក​អំណោយ​ភ្លែត

  • 2015-06-17 16:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បំពេញ​ការងារ​ចប់​រួច​រាល់​ មាស សុខ​សោភា​ ក៏​បាន​ត្រលប់​មក​ភ្នំពេញ​វិញ​ប៉ុន្តែ​នៅ​តាម​ផ្លូវ​នៃ​ខេត្ត​មណ្ឌល​គីរី នាង​បាន​ឃើញ​សាលា​រៀន​មួយ​​មើល​ទៅ​មាន​សភាព​យ៉ាប់យ៉ឺន ដូច្នេះ​ក៏​ចូល​ទៅ​ចែក​អំណោយ​ផ្ទាល់​ខ្លួន​ភ្លែត​តែម្តង។

 

 

តារា​ចម្រៀង​សម្លេង​ស្រទន់​ មាស​ សុខ​សោភា​បាន​ប្រាប់​ពី​អារម្មណ៍​ថា​ពេលនោះ​នាង​មិនអាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ទៀត​ទេ សាលា​រៀន​នោះ​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​​ខណៈ​ពេល​ដែល​រូប​នាង​បាន​ជិះ​ហួស​៥​គីឡូម៉ែត្រ​ទៅ​ហើយ។ ដោយ​សារ​តែ​បែប​នេះ សោភា និង​ក្រុម​ការងារ​ក៏​បាន​ត្រលប់​ឡាន​មកវិញ​នាំ​យក​នូវ​ថវិកា​ផ្ទាល់​ខ្លួន​តិច​តួច​ជូន​ដល់​សាលា​ដែល​នៅ​តំបន់​ដាច់​ស្រយាល​នោះ​។

ក្នុង​នាម​ជា​តារា​ល្បី​ម្នាក់​ដែល​ត្រូវ​បាន​ទស្សនិកជន​ទទួល​ស្គាល់ និង​គាំទ្រ រហូត​បាន​ឈ្នះ​ពាន​២​ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​កម្មវិធី​អាណា​ចក្រ​តារា ​​សោភា ​បាន​ប្រាប់​ថា ពេល​ខ្លះ​នាង​មិនបាន​ជួយ​អ្វី​ដល់​សង្គម​ច្រើន​ក៏​ពិតមែន​ប៉ុន្តែ​បើ​មាន​ការងារ​អ្វី​ដែល​​អាច​ជួយ​បាន​មាស​ សុខ​សោភា​នឹង​ធ្វើ​ជានិច្ច។“​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​រាល់​ការងារ​ទាំង​នោះ​​ហើយ​វា​កើត​ចេញ​ពីចិត្ត​និង​ចរិត​របស់​ខ្ញុំ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន​ខ្ញុំ​នឹង​ជួយ"។ សោភា ថ្លែង។

 

តារា​ស្រី​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ បន្ត​ថា​ទៀត "ម្យ៉ាង​ទៀត​ខ្ញុំ​ជា​មនុស្ស​របស់​មហាជន​ដែល​ពួក​គាត់​មាន​ការ​ស្រលាញ់​រាប់អាន​ហើយ​ខ្ញុំ​ចង់​បង្ហាញ​មុខ​ទៅ​ដល់​ពួកគាត់​ផ្ទាល់ៗ ត្បិត​ថា​ពេល​ខ្លះ​មាន​ការ​ប្រគំ​តន្ត្រី​នៅ​តាម​ខេត្ត​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់ និង​ជិតស្និទ្ធ​ជាមួយ​ពួក​គាត់​ក៏​ដោយ​"។ សោភា ​ថ្លែង​។ ​

 

 

រូបភាព៖ facebook សោភា

 

តាម​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​នឹង​បាន​ធ្វើ​កិច្ចការ​ការងារ​សង្គម ​គឺ​ច្រើន​ដង​ហើយ​ដែល​នាង​បាន​ចូលរួម​ចំណែក​ជាមួយ​នឹង​ការងារ​សង្គម ក្នុង​នោះ​ពេល​ដែល​នាង​បាន​ទៅ​ដល់​កន្លែង​រស់​នៅ​របស់​​ប្រជា​ពលរដ្ឋ​ពេល​ណា ​ពួកគាត់​មា​ន​ការ​ស្វាគមន៍​រាក់​ទាក់​ជានិច្ច។ នាង អះអាង​ទៀត​ថា នាង​នឹង​បន្ត​កិច្ចការ​នេះ​តាម​និស្ស័យ និង​សមត្ថភាព​ផ្ទាល់​ខ្លួន​ទៀត មិន​ឈប់​ឡើយ៕

 

អត្ថបទ​៖ ​ថា ​ម៉ាលីដា​