ហ៊ោ​ទៀត​ហើយ! កម្ពុជា ធ្វើ​​ម្ចាស់​ផ្ទះ​​​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​អាស៊ាន

  • 2015-06-19 23:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​សម្រេច​ចិត្ត​​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​បាល់ទាត់​​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ីភាគអាគ្នេយ៍ 2015 AFF U-16 Youth Championship ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ធានា​ថា​នឹង​រៀបចំ​​ការ​ប្រកួត​នេះ​ត្រូវ​បាន​​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក​ពិន័យ​រួច​មក។

 

 

សកម្មភាពអ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិ​នាពេល​កន្លងមក

  លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា អះអាង​ថា​ លោក សៅ សុខា ប្រធាន​សហព័ន្ធ​បាន​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​កីឡា​​បាល់ទាត់​អាស៊ីភាគអាគ្នេយ៍​ (AFF) ដើម្បី​សុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ការ​ប្រកួត​មួយ​នេះ។ លោក​ថា​ការ​ប្រកួត​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ដោយ​ដក​តែ​ឥណ្ឌូណេស៊ី ចេញ​តែ បូក​អូស្ត្រាលី ចូល​វិញ ដោយ​ចាប់​រៀបចំ​ពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ដល់ ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១៥ លើ​វាល​ស្មៅ​សិប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ។   លោក Yusuke Iki គ្រូ​បង្វឹក​ប្រចាំ​សាលា​បាល់ទាត់ជាតិ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា តែងតាំង​ឱ្យ​ធ្វើ​ជា​គ្រូ​បង្គោល​សម្រាប់​ដឹកនាំ​ក្រុម​កម្ពុជា ចូលរួម​​ក្នុង​ពាន​រង្វាន់​ ខាង​លើ​អម​ដោយ​លោក គឹម ភក្ដី និង លោក ជឿន សុភី ជា​គ្រូ​ជំនួយ ហើយ​លោក ប្រាក់ វណ្ណនី និង លោក ស្រ៊ុន សីហា ជា​អ្នក​បកប្រែ។   យោង​តាម​ការ​ចាប់​ឆ្នោត​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​សម្រាប់​ព្រឹត្តិការណ៍​យុវជន​ថ្នាល​មួយ​នេះ ពូល A មាន​ ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូល B មាន​ អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, កម្ពុជា និង មីយ៉ាន់ម៉ា។

 

ពាន AFF U-16 Youth Championship បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០២ មក​ម៉្លេះ ដោយ​ក្រុម​ ថៃ វៀតណាម និង មីយ៉ាន់ម៉ា ធ្លាប់​ឈ្នះ​ជើង​ឯក​បាន ២ លើក​ម្នាក់​ ហើយ​ម៉ាឡេស៊ី ជប៉ុន និង អូស្រ្តាលី ធ្លាប់​ឈ្នះ​មួយ​លើក​ម្នាក់។  សម្រាប់​កម្ពុជា ធ្លាប់​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ម្ដង​ហើយ​ការ​ពី​ឆ្នាំ ២០០៧ កាលនោះជើងឯកបានទៅប្រទេសថៃ៕

 

អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ FB

អត្ថបទថ្មី