​​យក​ក្រពើ​ជ័រ​ដាក់​កន្លែង​ដក់​ទឹក​​​ ដើម្បី​​ឲ្យ​​អាជ្ញាធរ​ដោះ​​ស្រាយ​បញ្ហា​ផ្លូវ​​​ខូច

  • 2015-06-20 00:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​​ម្នាក់​​បាន​យក​ក្រពើ​ជ័រ​មក​ដាក់​នៅ​លើ​ជង្ហុក​​ផ្លូវ​នៃ​ទី​ក្រុង ​​Bangalore នៃ​ប្រទេស​ឥណ្ឌា​​​ ក្នុង​គោល​បំណង​ស្នើ​សុំ​ឲ្យ​​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ខូច។

 

 

បុរស​ជន​ជាតិ​ឥណ្ឌា​ វ័យ​៣៦​ឆ្នាំ​ ​ឈ្មោះ​ ​​Baadal Nanjundaswamy រូប​នេះ​​​​​បាន​​យក​​ក្រពើ​ជ័រ​ដ៏​ធំ​ដូច​ក្រពើ​មែនទែន មក​ដាក់​​កណ្ដាល​ផ្លូវ ​​Sulthanpalya ដោយ​បាន​ច្នៃ​​ត្រង់​កន្លែង​​ជង្ហុក​ផ្លូវ​ខូច​នោះ​​​ទៅ​ជា​ទស្សនីយភាព​បឹង​ក្រពើ។ គោល​បំណង​ដែល​ធ្វើ​បែប​នេះ​ឡើង ​គឺ​ដើម្បី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​លើ​​បញ្ហា​ផ្លូវ​ខូច ​និង​បំពង់​លូ​ស្តុក​​ទឹក​ដែល​បាន​បែក​កាល​ពី​១​ខែ​កន្លង​ទៅ។

 

អ្នក​រស់​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា​នេះ​មិន​មែន​ជា​លើក​ទី​​មួយ​ទេ​ ដែល​លោក​ Nanjundaswamy​ ធ្វើ​បែប​នេះ។​ កាល​ពី​ឆ្នាំ​មុន​ វិចិត្រករ​រូប​នេះ​បាន​ច្នៃ​បំពង់​លូ​នៅ​ទី​ក្រុង ​​Bangalore​ ទៅ​ជា​មាត់​នៃ​ទេវ Yamaraj (យមរាជ) ដែល​​មាន​ន័យ​ថា​បំពង់​នៃ​សេចក្ដី​ស្លាប់។

 

អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​មាន​​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ។ ​​យ៉ាង​ណា​ក្ដី អ្វី​ដែល​​​ Nanjundaswamy​​ធ្វើ​ ​​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អាជ្ញាធរ​ក្រុង ​​​Bangalore ​​ឲ្យ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បញ្ហា​នេះ​ឡើង​វិញ​ផង​ដែរ៕

 

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ indianexpress