បទវិភាគ៖ ប៉ុន្មានចំណុចខាងក្រោម ភ្ញោចអារម្មណ៍រឿងទទួលទានអាហារក្រៅផ្ទះ
- 2015-06-24 12:21:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទវិភាគ៖ ប៉ុន្មានចំណុចខាងក្រោម ភ្ញោចអារម្មណ៍រឿងទទួលទានអាហារក្រៅផ្ទះ
ចន្លោះមិនឃើញ
តាមការសាកសួរបងប្អូនប្រជាពលរដ្ឋ ៣០នាក់ គ្មានម្នាក់ទេ ដែលថា សុខចិត្តសំកុកហូបអាហារតែនៅក្នុងផ្ទះគ្រប់ពេល មិនខ្វល់នឹងការវិវត្តនៃម្ហូបអាហារនៅខាងក្រៅ ព្រោះតែត្រូវការផ្លាស់ប្ដូរបរិយាកាស និងរសជាតិអាហារជាដើម។ ប៉ុន្តែជាមួយគ្នានោះ មានតែខ្ទង់ ៤០% ប៉ុណ្ណោះ បានគិតដល់ប៉ុន្មានចំណុចខាងក្រោមនេះដែលមានទាំងវិជ្ជមាន និងអវិជ្ជមាន តែ ៦០% ថា បានគិតដែរ តែមិនគ្រប់ចំណុច។ ចំណុចទាំងនោះមាន៖
ចំណាយប្រាក់ច្រើន (១០០% គិតដល់)
គ្រប់គ្នាសុទ្ធតែដឹងពីបញ្ហានេះ ព្រោះថាធម្មតាមិនថាតែលើចំណីអាហារទេ ទោះជាវអ្វីក៏ដោយ សុទ្ធតែត្រូវការចំណាយប្រាក់ដូចគ្នា។ ប៉ុន្តែនៅទីនេះ គឺនិយាយពីការចំណាយលើខ្ទង់ចំណាយធម្មតាបើធៀបនឹងការចំណាយធម្មតាសម្រាប់អាហារក្នុងផ្ទះ។ ឧទាហរណ៍ ប្រសិនបើអ្នកចំណាយ ត្រឹម ២០ដុល្លារ ញុំាអាហារក្រៅផ្ទះតែមួយពេល ប៉ុន្តែខ្ទង់ចំណាយនេះ ទំនងអាចរាប់រងអាហារក្នុងផ្ទះជួបជុំគ្រួសារហោចណាស់ ២ថ្ងៃសម្រាប់អ្នកមានជីវភាពមធ្យម។ ជួនខ្ទង់ចំណាយនៅខាងក្រៅប៉ុណ្ណឹងមិនអាចឲ្យយើងឆ្អែតថែមទៀត។ ប៉ុន្តែពួកគេថា ម្ដងម្កាលត្រូវតែចំណាយ។
ជីវជាតិ(៧០% គិតដល់)
អ្នកទាំង ៣០នាក់ បានគិតថា ការចំណាយប្រាក់ច្រើនមិនញឹកញាប់ គឺមិនជាបញ្ហាចោទទេ ព្រោះគ្រប់គ្នាចាំបាច់ត្រូវចំណាយ ដើម្បីប្ដូរបរិយាកាស និងរសជាតិថ្មីបំពេញន័យឲ្យជីវិតដែរ ប៉ុន្តែជីវជាតិ អាចជារឿងមួយផ្សេងទៀត។
ដោយសារជាអាជីវកម្មដែលត្រូវរកប្រាក់ចំណេញដោយមិនមានព្រំដែន ទើបអ្នកលក់ភាគច្រើន ត្រូវកេងគ្រឿងផ្សំនានាដើម្បីបន្ថយការចំណាយថ្លៃដើម ជាហេតុធ្វើឲ្យបាត់បង់រសជាតិ និងជីវជាតិខ្លះៗ។ ទន្ទឹមនឹងនោះដែរ ពួកគេនិយាយស្ទើរតែដូចគ្នាថា ញុំាអាហារខាងក្រៅផ្ទះ ឆាប់អស់កម្លាំង ឆាប់ឃ្លាន ហើយពិបាកឡើងទម្ងន់ថែមទៀត។
អនាម័យ (១០០% គិតដល់)
"អនាម័យ" គឺជាបញ្ហាចោទដ៏ចម្បងមួយ ដែលប្រិយមិត្ត១០០%បានគិតដល់ នេះនិយាយជារួម។ ប៉ុន្តែនិយាយដោយឡែក ពួកគេគិតមិនដល់ចំណុចមួយគឺថា អាហារក្នុងផ្ទះ គឺសុវត្ថិភាពជាងអាហារនៅសណ្ឋាគារផ្កាយ៥ឆ្ងាយណាស់។
បញ្ហានោះគឺថា អាហារដែលយើងធ្វើខ្លួនឯងសម្រាប់ញុំាខ្លួនឯង ប្រាកដជាធ្វើឲ្យប្រាកដថា មានអនាម័យគ្រប់គ្រាន់មិនខាន។ ផ្ទុយទៅវិញ ចំណុចនេះ ភាគច្រើនក្នុងចំណោម៣០នាក់ខាងលើ ពួកគេទទួលថា ប្រសិនបើពួកគេជាចុងភៅតាមហាង ឬសណ្ឋាគារលំដាប់ផ្កាយ៥ មួយ ដែលធ្វើអាហារសម្រាប់អ្នកដទៃដែលមិនដែលស្គាល់គ្នាសោះញុំា មិនប្រាកដថា ពួកគេអាចនឹងធ្វើប្រកបដោយភាពម៉ត់ចត់គ្រប់ចំណុចដូចគ្នា និងគ្រប់កាលៈទេសៈដែរទេ។ ភាពម៉ត់ចត់អាចនឹងបាត់បង់ខ្លះនៅ មានអារម្មណ៍ស្មុគស្មាញ(គ្រួសារ ការងារ និងសេដ្ឋកិច្ចជាដើម) ធុញទ្រាន់ ខឹង ឬហត់អស់កម្លាំងជាដើម។
នេះនិយាយតែលើករណីចំអិន ចុះការអនាម័យលើសម្ភារប្រើប្រាស់ទៀតនោះ។ ពួកគេ មិនឯកច្ឆន្ទ ដោយធានាថា អាចនឹងផ្ដល់អនាម័យបានគ្រប់ពេលនោះទេ។ បើមានភាពស្មោះត្រង់ចំពោះខ្លួនឯង ប្រិយមិត្តក៏អាចសាកឆ្លើយមកខ្លួនពីសំណួរទាំងនេះដែរ។
បើទោះជាយ៉ាងនេះក្ដី ក៏ជឿថា គ្រប់គ្នាមិនអាចសម្ងំញុំាអាហារនៅផ្ទះរហូតនោះដែរ ព្រោះគ្រប់គ្នាគ្មានជម្រើស ខ្លះត្រូវការប្ដូរបរិយាកាស។ បើដូច្នេះ ត្រូវធ្វើបែបណា? សូមមើលពី៣ចំណុចខាងក្រោមនេះទៀត ដែលអាចជាបច្ច័យល្អ សម្រាប់ជ្រើសរើសការញុំាអាហារក្រៅផ្ទះរបស់ប្រិយមិត្ត ឲ្យកាន់តែមានសុវត្ថិភាព៖
កុំញុំាអាហារនៅហាងណាដែលលក់ដាច់ខ្លាំងពេក (៨០%គិតមិនដល់)
ប្រិយមិត្ត ៨០% ក្នុងចំណោម ៣០នាក់ខាងលើ ច្រើនគិតថា ហាងអាហារ ឬអាហារដែលមានមនុស្សចូលញុំាច្រើន ប្រាកដអាហារនោះ មានរសជាតិឆ្ងាញ់ ដែលជួនកាលត្រូវ ជួនកាលមិនត្រូវដែរ ព្រោះមនុស្សមានទម្លាប់អាក្រក់មួយ គឺធ្វើតាម ឬក៏ទៅតាមគ្នា ប៉ុន្តែតាមពិតរសជាតិមិនលើសខ្វះគ្នានឹងហាងមួយចំនួនឡើយ។ យ៉ាងណាក៏ដោយ ពេលនេះ គឺនិយាយពីកត្តាអនាម័យ។
ដូច្នេះសូមផ្ដល់សំណួរមួយទៀតថា ប្រិយមិត្តធ្លាប់គិតទេថា អ្នកលក់ពេលលក់ដាច់ល្មមៗ មានពេលច្រើន សម្រាប់ការសម្អាតសម្ភារចាន ស្លាបព្រា ជាដើមឲ្យស្អាត ប៉ុន្តែពេលដាច់ខ្លាំងរវល់តែម៉ត់ចត់ពេកលើការលាងសម្អាត លក់មិនទាន់ការកុម្ម៉ង់របស់ភ្ញៀវ? ។ នេះនិយាយចំពោះអ្នកលក់ដែលមានឆន្ទៈធ្វើឲ្យស្អាត ចុះអ្នកដែលខ្វះឆន្ទៈទៀត។
ភាគច្រើនក្នុងចំណោមពួកគេខាងលើវិញ បានឆ្លើយថា "ត្រឹមត្រូវ" ហើយម្នាក់ពីរនាក់ក្នុងចំណោមនោះ ធ្លោយមាត់ថា "អ្ហើយល្មមៗបានហើយ មិនមែនស៊ីខ្លួនឯងផង!"។
ពិនិត្យលើកន្លែងធ្វើម្ហូប( ៩០% គិតមិនដល់)
ដល់ទៅ ៩០ភាគរយឯណោះ ដែលប្រិយមិត្តខាងលើ គិតមិនដល់ចំណុចនេះ។ សម្រាប់សណ្ឋាគារមិនបាច់និយាយទេ ព្រោះបន្ទប់ចុងភៅច្រើននៅដាច់ដោយឡែក។ ប៉ុន្តែសម្រាប់ហាង គឺហាងខ្លះមានកន្លែងចុងភៅនៅខាងមុខ។ ហាងប្រភេទនេះ គឺយើងអាចទុកចិត្តបានខ្លះ ព្រោះនៅកៀកភ្នែកយើង ចង់មិនចង់ ពួកគេមិនសូវហ៊ានខ្ជីខ្ជាទេ។ ចុះបើនៅខាងក្រោយ ឆ្ងាយពីភ្នែកយើង អាចមានរឿងអីខ្លះលើម្ហូបកុម្ម៉ង់របស់យើង? ភាគច្រើន ពួកគេផ្ដល់ចម្លើយថា "ត្រឹមត្រូវ និងគួរពិចារណា"។
ជូនខ្លីៗត្រឹមប៉ុណ្ណឹង ជឿថាប្រិយមិត្តក៏ប្រហែលជាមានគំនិត និងបទពិសោធន៍ខ្លះអាចចែករំលែកបាន...!
អត្ថបទ៖ ទារិកា