វិភាគ៖ តើ Ramos កំពុងតែយក Man Utd ជាខ្នងដើម្បីចរចាឡើងលុយ Real Madrid ឬយ៉ាងណា?
- 2015-06-26 13:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ៖ តើ Ramos កំពុងតែយក Man Utd ជាខ្នងដើម្បីចរចាឡើងលុយ Real Madrid ឬយ៉ាងណា?
ចន្លោះមិនឃើញ
ក្នុងមួយសប្ដាហ៍មកនេះ ព័ត៌មានដែលចុះផ្សាយថា Sergio Ramos នឹងចាកចេញពី Real Madrid កាន់តែមានច្រើនឡើងៗ ខណៈដែលកាលពីដើមសប្ដាហ៍ ឮថាចង់ទៅ Barcelona រីឯពេលនេះវិញចង់ទៅលេងនៅ Manchester United វិញ រហូតដល់ហ៊ានសុំម្ចាស់ក្លិប Real ចាកចេញទៀតផង។ តែទោះជាយ៉ាងនេះក្ដី អ្វីដែលប្រាកដប្រជាគឺមិនទាន់មាននៅឡើយទេ ទើបធ្វើឱ្យមានមតិមួយចំនួនបែរជាយល់ផ្សេងថា នេះគ្រាន់តែជាយុទ្ធសាស្ត្រមួយរបស់ខ្សែការពាររូបនេះចង់បន្តកុងត្រា និងបានប្រាក់បៀវត្សរ៍ច្រើនជាងមុនប៉ុណ្ណោះ។
យោងទៅតាមការវិភាគរបស់វិបសាយ Goal បានបកស្រាយដូចខាងក្រោមនេះ៖
Ramos អាចនឹងចាកចេញពី Real Madrid មែន ប្រសិនបើរូបគេពិតជាមានចិត្តចង់ចាកចេញមែន ព្រោះក្លិបបិសាចក្រហមពិតជាត្រូវការរូបគេពិតប្រាកដណាស់។ តែផ្ទុយទៅវិញ វាក៏អាចជាវិធីសាស្ត្ររបស់អតីតកីឡាករ Sevilla រូបនេះក៏ថាបានដែរ ព្រោះថាក្នុងវិស័យបាល់ទាត់មិនខ្វះទេ កីឡាករដែលថាចង់ចាកចេញណាស់តែចុងក្រោយបែរជាបន្តកុងត្រានៅក្លិបចាស់ទៀតនោះ។
តួយ៉ាងដូចកីឡាករ Dani Alves អីចឹង តាំងពីជិតចប់រដូវកាលមុនមកហើយដែលមានក្លិបធំៗជាច្រើនចង់បានរូបគេទៅ ហើយក៏លេចឮថាសុទ្ធតែព្រមព្រៀងលក្ខខ័ណ្ឌផ្ទាល់ខ្លួនហើយទៀតផង តែចុងក្រោយនៅតែតកុងត្រាជាមួយ Barcelona ដដែល បន្ទាប់ពីម្ចាស់ក្លិបនិងកីឡាករមួយចំនួនជួយនិយាយ និងផ្ដល់ប្រាក់លើកទឹកចិត្ត។
ឧទាហរណ៍មួយទៀតកាលពីឆ្នាំ២០១០ ក្រុម Man Utd និង Bayern Munich លេចឮថាព្រមព្រៀងគ្នារួចរាល់អស់ហើយក្នុងការផ្ទេរកីឡាករ Bastian Schweinsteiger ពី Munich មក Old Trafford តែចុងបញ្ចប់នៅតែខ្សែបម្រើរូបនេះនៅលេងនៅអាល្លឺម៉ង់ដដែល ដោយបន្តកុងត្រាត្រឹមតែពេល២៤ម៉ោងចុងក្រោយប៉ុណ្ណោះ។
បើគេក្រឡេកមើលទៅលើប្រាក់បៀវត្សរ៍ប្រចាំសប្ដាហ៍របស់ Ramos ធៀបនឹងមិត្តរួមក្រុមរបស់ខ្លួននារដូវកាល ២០១៤/១៥ ឃើញថា ខ្សែការពារ និងកាន់តួនាទីជាអនុប្រធានក្រុម (បន្ទាប់ពី អ្នកចាំទីដៃស្អិត Iker Casillas) មានគំលាតខុសគ្នាឆ្ងាយ ឬជាង ២ដងបើធៀបនឹង Ronaldo។
-Sergio Ramos ប្រាក់ប្រចាំអាទិត្យបាន ១៤០ ០០០ផោន (ជាប់ពន្ធ) -Cristiano Ronaldo ប្រាក់ប្រចាំអាទិត្យបាន ២៨៨ ០០០ផោន (ក្រោយពន្ធ) -Gareth Bale ប្រាក់ប្រចាំអាទិត្យបាន ២៥៦ ០០០ផោន (ជាប់ពន្ធ)
មួយវិញទៀត Real Madrid មុននឹងអាចទិញខ្សែការពារវ័យ២៩ឆ្នាំរូបនេះពី Sevilla មកបានកាលពីឆ្នាំ ២០០៥ គឺមិនងាយនោះទេ ពោលគឺក្លិបត្រូវពិភាក្សាជាមួយសាមីខ្លួនផង និងស្នើសុំ Sevilla ជាច្រើនលើកទើបអាចបញ្ចុះបញ្ចូលឱ្យលក់កីឡាករពាក់អាវលេខ៤នេះបាន។ ហើយរយៈពេល១០ឆ្នាំមកនេះ រូបគេក៏បានជួយក្លិបលើកពានមិនតិចនោះដែរ ហើយដោយសារតែមាន Ramos នេះហើយ ទើបអាចជួយអធិរាជសលើកពាន UEFA Champions League បានសម្រេចជាលើកទី១០ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ហេតុផលខាងលើនេះ សបញ្ជាក់ឱ្យឃើញថាក្នុងវិស័យបាល់ទាត់ ប្រសិនបើមិនទាន់មានការចុះកុងត្រាលើក្រដាសស្នាមអ្វីទេនោះ គឺអាចប្រែប្រួលបានគ្រប់វិនាទីទាំងអស់ មិនថារឿងអ្វីនោះទេ។ ដូចករណី Ramos កំពុងរសើបគ្រប់កន្លែងនេះអីចឹងថាមានភាគរយខ្ពស់នឹងទៅលេងនៅ Man Utd បន្ទាប់ពីចាកចេញពី Real Madrid ប៉ុន្តែក៏អាចនិយាយបានថានេះគ្រាន់តែជាយុទ្ធសាស្ត្ររបស់ភ្នាក់ងារកីឡាករដើម្បីចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបចាស់ដើម្បីបានប្រាក់ប្រចាំឆ្នាំច្រើនជាងមុនក៏ថាបានដែរ។
ចុះចំពោះប្រិយមិត្តវិញ គិតថារឿងកំពូលខ្សែការពារ Ramos ចាកចេញពី Real ទៅ Man Utd នោះគឺជារឿងពិតឬជាយុទ្ធសាស្ត្ររបស់កីឡាករដើម្បីចរចាជាមួយក្លិបចាស់?
ចុចអាន៖Ramos សុំ Real ដើរចេញ ខណៈ Man Utd ឱ្យតម្លៃខ្លួនជិត៥៥លានដុល្លារ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ goal, Marca