អ្នក​ជំនាញ​ថា ប៉ែន​ ចំរុង​ ឡប់​ដាច់​គេ​២​ឆ្នាំ​ចុង​ក្រោយ

  • 2015-07-01 21:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញ​ខាង​វិស័យ​ភាពយន្ត​លោក​ ទិត្យ ធារិទ្ធ​ បាន​ពោល​សរសើរ​ តារា​សម្ដែង​​វោហា​មិន​ចេះ​រីង​ស្ងួត​ ​ប៉ែន ចំរុង ក្នុង​កម្មវិធី​ក្រុង​ពាលី​រឿង "អាមោក​លក់​មុំា" ថា​ជា​តារា​ដែល​ពូកែ​សម្ដែង​តួ​ឡប់​ៗដាច់គេ​២​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

 

អ្នក​ដឹកនាំ​រឿង ទិត្យ ធារិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ក្រោយ​ពី​សង្កេត​ឃើញ​ថា ​តារា​មាន​ដើម​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ខាង​លើ​នេះ ក្រសោប​បាន​តំណែង​តួឯក​ក្នុង​រឿង​បែប​កំប្លែង​មាន​ចរិត​ឡិបឡុប​ស្ទើរ​ទាំង​អស់​ក្នុង​នា​រយៈ​កាល​ចុង​ក្រោយ​នេះ និង​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ជា​តារា​ឡប់​ៗ និង​ពេល​ខ្លះ​ត្រូវ​គេ​ហៅ​ថា "អាឡប់" ទៀត​ផង"។

 

ប្រការ​នេះ លោក ធារិទ្ធ បាន​ពន្យល់​ថា ចំរុង មិន​មែន​ប្រភេទ​ជា​តួ​កំប្លែង​ទេ ប៉ុន្តែ​ជា​តួ​ម្នាក់​ដែល​ពូកែ​សម្ដែង ពូកែ​ចូល​តួ និង​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​សម្ដែង ចេះ​បង្កើត​តួ​ថ្មី​មួយ​តាម​សាច់​រឿង។ លោក​ថា តារា​ប្រុស​រូប​នេះ ​ហាក់​មាន​ទេពកោសល្យ​ធម្មជាតិ​ខាង​សម្ដែង​ឡប់​ៗ មាន​ស្ទីល និង​តិចនិក​សម្ដែង​អាច​ឆ្លើយ​តប​នូវ​អ្វី​ដែល​ក្រុម​ការងារ​ចង់​បាន ខុស​ពី​តារា​មួយ​ចំនួន​ទៀត​ដែល​ធម្មជាតិ​របស់​ពួក​គេ ពិបាក​ចូល​តួ។

 

 

ដូច្នេះ​ហើយ តាម​ការ​សង្កេត​របស់​លោក ២ឆ្នាំ​ចុង​ក្រោយ​នេះ​  លោក​សង្កេត​ឃើញ​ថា ប៉ែន​ ចំរុង បាន​វ៉ា​ដាច់​តារា​ប្រុស​ផ្សេង​ទៀត លើ​ការ​សម្ដែង​របៀប​ឡប់​ៗ ក្នុង​នោះ​​មាន​ទស្សនិកជន​គាំ​ទ្រ​ច្រើន​​ទៀត​ផង។

 

"ក្រៅ​ពី​ហ្នឹង ធម្មជាតិ​គាត់​ពិបាក​សម្ដែង ដូច​ពូ​រ៉ូ​អីចឹង យើង​ចង់​ឲ្យ​គាត់​លេង​កំប្លែង តែ​គាត់​ពិបាក​នឹង​ធ្វើ តែ​ដូច​នេះ(ចំរុង) គាត់​ងាយ​នឹង​ធ្វើ ដូច​គាត់​មាន​ដុង​ពី​ធម្មជាតិ​អីចឹង។ អីចឹង​ពីរ​ឆ្នាំ​ចុង​ក្រោយ គាត់​លេច​ធ្លោ...ខ្ញុំ​ទទួល​ស្គាល់​ថា​គាត់​អាច​សម្ដែង​បាន​ក្នុង​តួ​ឡប់​ៗ គឺ​គ្រាន់​តែ​ឡប់​ៗ​ទេ តែ​បើ​ឲ្យ​លេង​កំប្លែង​ឲ្យ​គេ​សើច​មិន​ថា​យ៉ាង​ម៉េច​ទេ!។ ទិត្យ ធារិទ្ធ ថ្លែង។

 

សាមី​ខ្លូន​លោក ប៉ែន ចំរុង បាន​ប្រាប់​ថា លោក​បាន​ដឹង​លឺ​ខ្លះ​ៗ​ពី​បញ្ហា​នេះ ហើយ​បាន​មាន​ចំណាប់​អារម្មណ៍​ថា​៖"ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​​ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ខ្ញុំ​ទទួល​បាន​ការ​សម្ដែង​បែប​លក្ខណៈ​ឡប់ៗ​ចឹង​ច្រើន​មែន។ បើ​ត្រលប់​ទៅ​៨​ឬ​១០​ឆ្នាំ​មុន​ខ្ញុំ​ជា​តួ​ម្នាក់​ដែល​សម្ដែង​ជា​តួ​ត្រឹមត្រូវ​កម្សត់​មនោសញ្ចេតនា​ទឹក​ភ្នែក គឺ​ខ្ញុំ​ធ្លាប់​បាន​ច្រើន​មក​ហើយ"។

 

តារា​រូប​នេះ បន្ត​ថា ដំបូង មាន​ការ​ទើស​ទាល់​ខ្លះ​ដែរ​ពេល​ដែល​ទស្សនិកជន​​ហៅ​រូប​លោក​ថា​ឡប់​។​ប៉ុន្តែ​ពេល​ដែល​គិត​យូរ​ លោក​បែរ​ជា​ត្រេក​អរ​វិញ ព្រោះ​យល់​ថា ប្រិយមិត្ត​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​របស់​ខ្លួន ទើប​ពួក​គេ​ហៅ​បែប​នេះ។ ចំរុង បន្ថែម​ថា "ខ្ញុំ​ទទួល​រាល់​ការ​រិះ​គន់​គ្រប់​ទម្រង់​រូបភាព​ទាំង​អស់​ អាច​ប្រាប់​ខ្ញុំ​ពេល​ដែល​បាន​ជួប​ផ្ទាល់​ខល​តាម​ទូរសព្ទ​ឬ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ៊្វេសប៊ុក​ឬ​តាម​បណ្ដាញ​សារព័ត៌មាន​នានា​"៕

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី