លោក​​គ្រូ ជ័យ ថា​វី​ បង្ហើប​​គន្លឹះ​​ប្រឡង​ជាប់​​បាក់​​ឌុប​​ឆ្នាំ​​នេះ

  • 2015-07-13 16:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​២៤​សីហា ឆ្នាំ​២០១៥ ​ការ​ប្រលង​បាក់​ឌុប​នឹង​ចាប់​ផ្ដើម ដែល​ការ​ប្រលង​នៅ​តែ​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ដែរ។ លោក​ ជ័យ ថា​វី គ្រូ​បង្រៀន​នៅ​សាលា​ជ័យ​ថា​វី បាន​ផ្ដល់​ជា​គន្លឹះ​សំខាន់​ៗ​សម្រាប់​សិស្ស​ដើម្បី​ជា​ទុន​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​នេះ។

 

 

លោកគ្រូ ជ័យ ថាវី កំពុងបង្រៀនសិស្ស

 

លោក​គ្រូ បាន​ផ្ដល់​ជា​ដំបូន្មាន​ថា ការ​ប្រលង​គឺ​ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​រួច​ហើយ​ថា​មិន​អនុញ្ញាត​ឲ្យ​លួច​ចម្លង​ឬ​បើក​សំណៅ​ឯកសារ​ឡើយ ដូច្នេះ​សិស្ស​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ក្រៅ​ពី​រៀន​នៅ​សាលា ត្រូវ​រៀន​បន្ថែម​នៅ​ផ្ទះ​ដោយ​អនុវត្ត​លំហាត់​កិច្ចការ​ឲ្យ​បាន​ច្រើន។ ត្រូវ​រៀន​គុណ​ចែក​លេខ​ឬស​កា​រេ​ឲ្យ​បាន​ច្បាស់ ដោយ​សារ​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ម៉ាស៊ីន​គិត​លេខ​ឡើយ។ លើស​ពី​នេះ គួរ​ស្វែង​រក​វិញ្ញាសា​ធ្លាប់​ចេញ​ប្រលង​រួច​មក​មើល​ឡើង​វិញ ដើម្បី​ដឹង​ពី​តិច​និក​នៃ​វិញ្ញាសា និង​ប្រឹង​ស្វ័យ​សិក្សា​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។

 

លោក គ្រូ បាន​បន្ថែម​ថា សិស្ស​ភាគ​ច្រើន​នៅ​តាម​ខេត្ត​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​ទទួល​ចំណេះដឹង​បាន​ដូច​សិស្ស​នៅ​ទី​ក្រុង​ពេល​ប្រលង​បាក់​ឌុប​នេះ ខ្លះ​ចង់​ឡើង​មក​ភ្នំពេញ​រៀន​នឹង​គេ​ប៉ុន្តែ​គ្មាន​ប្រាក់ តែ​លោក​គ្រូ​ថា សូម​កុំ​បារម្ភ​អី​ ដោយសារ​នៅ​ពេល​លោក​គ្រូ​ឃើញ​វិញ្ញាសា​ល្អ​ៗ លោក​គ្រូ​ផុស​តាម​អ៊ីនធឺណេត​ដែរ ដូច្នេះ​ពួក​គេ​អាច​យក​ទៅ​មើល​បន្ថែម​បាន​។ ម្យ៉ាង​ទៀត លោក​គ្រូ​ថា ទោះ​រៀន​ជាមួយ​លោក​គ្រូ ឬ​រៀន​នៅ​ទី​ណា​ក៏​អាច​មាន​សមត្ថភាព​ដូច​គ្នា​ព្រោះ​នៅ​តាម​ខេត្ត​បច្ចុប្បន្ន​មាន​គ្រូ​ល្អៗ​ច្រើន​ណាស់​មក​បង្រៀន ព្រម​ទាំង​មាន​ឯកសារ​បង្រៀន​ប្រហាក់​ប្រហែល​នឹង​លោក​គ្រូ​ដែរ​ទេ។ "ការ​ប្រលង​នឹង​ទទួល​បាន​ជោគ​ជ័យ ប្រសិន​សិស្ស​ប្រឹង​ប្រែង​រៀន​ជាប់​លាប់​និង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គ្រូ​ពន្យល់​ ទោះ​រៀន​នៅ​ទី​ណា​មិន​សំខាន់​ដែរ។ ហើយ​បើ​ប្រឹង​រៀន​ទោះ​វិញ្ញាសា​បែប​ណា ចេញ​ច្រក​ណា​ក៏​សិស្ស​អាច​ធ្វើ​បាន​ដែរ បើ​សិស្ស​ពិត​ជា​បាន​សិក្សា​រៀន​សូត្រ​អំឡុង​មុន​បាក់​ឌុប​នេះ​មែន "។

 

 

ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រកាស​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប នៅ​ឆ្នាំ​២០១៥ នេះ នឹង​បន្ត​អនុវត្ត​ទៅ​តាម​គោល​ការណ៍​កំណែ​ទម្រង់​ដដែល ប៉ុន្តែ​មិន​មាន​ការ​ប្រឡង​ជា​លើក​ទី​២ ដូច​ឆ្នាំ​មុន​ទៀត​ទេ ។ ចំពោះ​ការ​ប្រឡង​បាក់​ឌុប​លើក​ទី​១ នៅ​ឆ្នាំ​២០១៤ មាន​បេក្ខជន​ប្រឡង​ជាប់​តែ​ចំនួន ២៣១២៦ នាក់​ប៉ុណ្ណោះ ដែល​ស្មើ​នឹង ២៥,៧២ ភាគរយ​នៃ​ចំនួន​បេក្ខជន​ចូល​រួម​ប្រឡង សរុប​ចំនួន ៨៩៩៣៧ នាក់​ហើយ​ការ​ប្រឡង​នេះ​ទៀត​សោត​មាន​សិស្ស​ជាប់​និទ្ទេស «A» ត្រឹម​តែ ១១ នាក់​ប៉ុណ្ណោះ។ ចំណែក​ឯ​ការ​ប្រឡង​លើក ទី២ មាន​សិស្ស​ប្រឡង​ជាប់​ចំនួន ១៧,៩៤ ភាគរយ ក្នុង​ចំណោម​បេក្ខជន​ដែល​ប្រឡង​សរុប​ជាង ៦៨ ០០០ នាក់៕

 

 

សូមអាន ៖  លោក​​ ជ័យ​ ថាវី ​ គ្រូ​បង្រៀន​គួរ​​ល្បី​ឈ្មោះ​​​ប្រចាំ​នៅ​កម្ពុជា ​ជា​នរណា?

 

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី