​​លោក​​ ជ័យ​ ថាវី ​ គ្រូ​បង្រៀន​គួរ​​ល្បី​ឈ្មោះ​​​ប្រចាំ​នៅ​កម្ពុជា ​ជា​នរណា?

  • 2014-09-30 17:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​​សាលា​ជ័យ​ ថាវី​​ បាន​បើក​ទ្វា​ទទួល​សិស្ស​​រៀន​​គួរ​​​ក្រៅ​ម៉ោង ដើម្បី​​​​ត្រៀម​ប្រលង​​ឌីប្លូម​​ បាក់​ឌុប​ និង​​រៀន​ត្រៀម​​ប្រលង​យក​​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស​។ កេរ្តិ៍​ឈ្មោះ​​​ល្បី​រន្ទឺ ​​​​​បាន​នាំ​ឲ្យ​យុវជន​​​​​តាំង​ពី​ក្រុង ​រហូត​ដល់​ជន​​បទ​​​សុទ្ធតែបាន​ស្គាល់លោក​គ្រូ​។ ប៉ុន្តែ​​មិត្ត​អ្នក​អាន​ អាច​មិន​ទាន់​ស្គាល់​​​​ខ្សែ​ជីវិត​ពិត ​របស់​សាស្ត្រាចារ្យ​ ជ័យ ថាវី អ្នក​បង្កើត​សាលា​​ខាង​លើ​នៅ​​ឡើយ​។​​ តើ​លោក​​មាន​ប្រវត្តិ​តស៊ូ​យ៉ាង​ណា​ខ្លះ​​ទម្រាំ​មាន​​ថ្ងៃ​នេះ​?

 

Sabay៖ ជម្រាបសួរ​លោក​សាស្ត្រាចារ្យ​ តើ​លោក​អាច​​ប្រាប់​ពី​ជីវ​ប្រវត្តិ​សង្ខេបផ្ទាល់​ខ្លួន​​របស់​លោក​ដល់​មិត្ត​អ្នក​អាន​បាន​ទេ?

 

ជ័យ ថាវី៖ បាទ អរគុណ​ណាស់​ប្អូន! ខ្ញុំ​ឈ្មោះ​ជ័យ ថាវី កើត​នៅ​ថ្ងៃ២១​ ​ខែ​ឧសភា ឆ្នាំ​១៩៦២។ មាន​​​ស្រុកកំណើត​នៅ​ ភូមិស្បែក ឃុំ​កណ្ដោល​ជ្រំ ស្រុក​ពញាក្រែក ​​ខេត្ត​កំពង់ចាម។ ខ្ញុំ​ជា​កូន​ច្បង​​ក្នុង​ចំណោម​បងប្អូន​​១០នាក់។ ឪពុក​របស់​​ខ្ញុំ​​ជា​វិស្វករ​គី​មី​នៃ​មន្ទីរ​ពិសោធន៍​ចម្ការ​កៅស៊ូ​ជប់ នឹង​ជា​ឱសថការី​ផ្នែក​ផលិត​ថ្នាំ​គ្រាប់​ ក្នុង​សម័យ​អាណានិគមនិយម​បារាំង។​ ចំណែក​ម្ដាយ​របស់​​ខ្ញុំ​​ជា​មេផ្ទះ គាត់​មិន​​ចេះ​អក្សរ​នោះ​​ទេ ពី​ព្រោះ​ថា នៅ​សម័យ​ដែល​​​ម្ដាយ​របស់​ខ្ញុំ​​​ដឹង​ក្ដី​អាណាព្យាបាល​មិន​ឲ្យ​កូន​ស្រី​ រៀន​ទេ។

 

Sabay៖ លោក​សាស្ត្រាចារ្យ ចុះ​ប្រវត្តិ​ការ​សិក្សា​របស់​លោក​យ៉ាង​ណា​ដែរ​បាទ?

 

ជ័យ ថាវី៖ បាទ! ​នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ក្ដី​ឆ្នាំ​១៩៦៨ ខ្ញុំ​ត្រូវ​បាន​ឪពុក​របស់​ខ្ញុំ​បញ្ជូន​​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​ ម្រាម​ទាល ហៅ​ជប់ ។ នៅ​សម័យ​​នោះ​​គេ​រៀន​បញ្ច្រាស​មក​វិញ ​គឺ​ចាប់​​ពី​ថ្នាក់​ទី១២​ចុះ​មក​ទី​១​​​។ ខ្ញុំ​រៀន​បាន​ពី​ឆ្នាំ​ក៏​ឈប់​ទៅ​វិញ ព្រោះ​មាន​រដ្ឋ​ប្រហារ​​១៨​មីនា ឆ្នាំ​១៩៧០​កើត​ឡើង។ កាល​នោះ​ ពួក​អាមេរិក​ទម្លាក់គ្រាប់បែក​​ច្រើន​ណាស់​មក​លើ​ប្រទេស​កម្ពុជា សូម្បី​សាលារៀន​ក៏​មិន​លើក​លែង​ដែរ។​ ឆ្នាំ​១៩៧០​ខ្ញុំ​​បាន​ឡើង​មក​ ភ្នំពេញ​​នៅ​ជា​មួយ​ម្ដាយ​ធំ ហើយ​​​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​​ចៅពញា​ហុក សង្កាត់​បឹង​កេង​កង១។ ខ្ញុំ​រៀន​​បាន​ចប់​ថ្នាក់​ទី៧។ ដោយ​សារ​សង្គ្រាម​កាន់​​តែ​ធ្ងន់ធ្ងរ ឪពុក​ខ្ញុំ​បាន​យក​ខ្ញុំ​ពី​ភ្នំពេញ​ទៅ​នៅ​ស្រុក​កំណើត​វិញ។ សម័យ​ ប៉ុល​ពត​ចូល​មក​ដល់​ ខ្ញុំ​មិន​បាន​រៀន​រហូត​ដល់​ទៅ​៨​ឆ្នាំ ទើប​នៅ​ឆ្នាំ​១៩៨១ ឪពុក​របស់​ខ្ញុំ​បាន​បញ្ជូន​ចូល​សាលា​ឡើង​វិញ​​គឺ​នៅ​សាលា​មធ្យមសិក្សា​ កម្រិត​២​សួង។ ខ្ញុំ​រៀន​នៅ​​សួង​៣ឆ្នាំ ​កាល​នោះ​មិន​មាន​គ្រូ​ល្អ​ទេ ព្រោះ​គ្រូ​នៅ​សម័យ​នោះ​ត្រូវ​បាន​ប៉ុលពត​សម្លាប់​ស្ទើរ​អស់​​ទៅ​ហើយ។ រដ្ឋាភិបាល​នៅ​សម័យ​នោះ​ អនុវត្ត​ផែនការ [អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច]។

 

ឆ្នាំ​១៩៨៣​ ខ្ញុំ​បាន​​ប្រឡង​ជាប់​​ថ្នាក់​ឌីប្លូម កាល​នោះ​ខ្ញុំ​អាយុ២១​​ឆ្នាំ​ឯណោះ។ អាយុ​ខ្ញុំ​លើស​ ខ្ញុំ​ត្រូវ​កែ​អាយុ ដើម្បី​ចូល​រៀន​​នៅ​សាលា​កម្រិត​៣​កំពង់ចាម។ នៅ​ឆ្នាំ​១៩៨៦​​ ខ្ញុំ​បាន​ប្រលង​ជាប់​បាក់II។ ខ្ញុំ​បាន​ដាក់​ពាក្យ​ប្រលង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​សុខាភិបាល។ ប៉ុន្តែ​ជា​អកុសល ​ខ្ញុំ​ប្រលង​មិន​​ជាប់។ ខ្ញុំ​ប្រឡង​ធ្លាក់​នៅ​សាលា​នោះ ​ដោយ​សារ​តែ​ ក្នុង​​ប្រវត្តិរូប​​មិន​មាន​អ្នក​ធានា​ដែល​មាន​​ឋានៈ​ខ្ពស់ៗ។ ​ព្រោះ​សម័យ​នោះ​ ជា​សម័យ​​រដ្ឋកម្ពុជា ​​អ្នក​ធានា​ប្រវត្តិ​រូប​សំខាន់​​ណាស់។ ខ្ញុំ​ក៏​​ប្រលង​​ចូល​ធ្វើ​ជា​គ្រូ​បង្រៀន​ផ្នែក​គីមី​វិទ្យា ហើយ​ត្រូវ​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​៥ឆ្នាំ​​ទៀត។ តាម​ពិត​ទៅ​ ខ្ញុំ​មិន​ចង់​ធ្វើ​​ជា​គ្រូ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ខ្ញុំ​​មិន​ធ្វើ​ខ្លាច​គេ​ចាប់​ទៅ​ធ្វើ​ជា​ទាហាន ហើយ​ម្យ៉ាង​ទៀត​ គ្រូ​នៅ​សម័យ​នោះ​មិន​សូវ​មាន​ផង។ បច្ចុប្បន្ន​នេះ​ខ្ញុំ​រៀន ត្រឹម​តែ​អនុបណ្ឌិត​MBA​ប៉ុណ្ណោះ។

 

 

Sabay៖ ចុះ​ប្រវត្តិ​​ការងារ​វិញ​ តើ​លោក​​ធ្វើ​ការងារ​អ្វី​ខ្លះ?

 

ជ័យ ថាវី៖ ឆ្នាំ​១៩៨៩​ខ្ញុំ​រៀន​មហាវិទ្យាល័យ​បាន​៣ឆ្នាំ ដោយ​សារ​ប្រទេស​យើង​ខ្វះ​គ្រូ​​បង្រៀន ខ្ញុំ​ត្រូវ​ចេញ​មក​ធ្វើ​គ្រូ​​នៅ​សាកលវិទ្យាល័យ​តែ​ម្ដង។ កាល​នោះ​ខ្ញុំ​មិនទាន់​មាន​បរិញ្ញាបត្រ​ទេ គឺ​ខ្ញុំ​បង្រៀន​ផង​​រៀន​​ខ្លួន​ឯង​ផង។ កាល​នោះ​ខ្ញុំ​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង មក​បង្រៀន​គួរ​នៅ​​បាក់​ទូក​ផង ហើយ​បច្ចុប្បន្ន​នេះ​ខ្ញុំ​គឺ​ជា​ប្រធាន​ដេប៉ាតេម៉ង់​គីមីវិទ្យា​នៃ​ សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ។

 

Sabay៖ ហេតុ​អ្វី​បាន​​ជា​លោក​សាស្ត្រាចារ្យ​បើក​សាលា​បង្រៀន​គួរ​នេះ​​ឡើង? បើក​តាំង​ពី​ពេល​​ណា​មក? ការ​បើក​ដំបូង​​មាន​រូប​ភាព​ដូច​ម្ដេច​ដែរ?

 

ជ័យ ថាវី៖ មូល​ហេតុ​ដែល​ខ្ញុំ​បើក​សាលា​បង្រៀន​គួរ​នេះ​ឡើង​ដោយ​សា​​​​តែ​ខ្ញុំ​ចង់​​ ពង្រីក​ចំណេះ​​ដឹង​របស់​ខ្ញុំ  ហើយ​ម្យ៉ាង​ទៀត​វា​ជា​អាជីព​ក្នុង​​នាម​ជា​គ្រូ​​បង្រៀន​ម្នាក់។ នៅ​ឆ្នាំ​១៩៨៩​ជា​ឆ្នាំ​​ដែល​ខ្ញុំ​ចេញ​បង្រៀន​ដំបូង​​ កាល​នោះ​យើង​បើក​​នៅ​ផ្ទះល្វែង​។ សាលា​ជ័យ​ថាវី ​គឺ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ​កាល​នោះ​​មាន​តែ​២ទៅ​៣​ថ្នាក់​​ប៉ុណ្ណោះ។ ​នៅ​ពេល​ល្បី​កាន់តែ​​ខ្លាំង ខ្ញុំ​​ក៏​បាន​ពង្រីក​បន្ថែម​ទៀត​ ហើយ​​​គ្រូៗ​ទាំងអស់​ដែល​បាន​បង្រៀន​ជា​មួយ​គ្នា​​ បាន​មូលមតិ​គ្នា​​ដាក់​​ឈ្មោះ​ថា សាលា​ជ័យ ថាវី​នេះ​ទៅ។

 

Sabay៖ លោក​សាស្ត្រាចារ្យ ​តើ​សាលា​ជ័យ ថាវី​ចាប់​ផ្ដើម​ល្បី​​ខ្លាំង​នៅ​​ពេល​​​ណា? មូលហេតុ​អ្វី​?

 

ជ័យ ថាវី៖ បាទ​សាលា​នេះ​​​ចាប់​ផ្ដើម​ល្បី​ខ្លាំង​នៅ​ឆ្នាំ​១៩៩៧។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាលា​នេះ​​ល្បី​ខ្លាំង​ ព្រោះ​កម្មវិធី​អប់រំ​ នៅ​​កាល​នោះ​វា​ខុស​ពី​បច្ចុប្បន្ន។ អ្នក​ដែល​ជាប់​បាក់​ឌុប​ចង់​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​ត្រូវ​តែ​ប្រលង​ចូល។ អីចឹង​​ហើយ​ សិស្ស​ទាំង​នោះ​ត្រូវ​តែ​មក​រៀន​វិញ្ញាសា​ត្រៀម​ដើម្បី​ប្រលង​ ចូល​មហាវិទ្យាល័យ។

 

Sabay៖ ចុះ​ហេតុ​អ្វី​បាន​ជា លោក​សាស្ត្រាចារ្យ​មិន​​​ទៅ​​​បង្រៀន​នៅ​សាលា​ជ័យ ថាវី បែរ​ជា​មក​បង្រៀន​នៅ​សាលា​ចំណេះ​​ដឹង​ទូទៅ​​ភ្នំពេញ​​​វិញ​?

 

ជ័យ ថាវី៖ នៅ ​ពេល​ដែល​សាលា​របស់​​យើង​​កាន់​តែ​ល្បី ឆ្នាំ​២០០៦ ខ្ញំ​ក៏​មាន​​បំណង​មួយ​ចង់​បើក​សាលា​ដោយ​ខ្លួន​ឯង នៅ​ពេល​នោះ​ខ្ញុំ​​មិន​ចង់​ដាក់​​ឈ្មោះ​​ថា សាលា​ចំណេះដឹង​ទូទៅ​​ភ្នំពេញ​ទេ ​គឺ​យើង​ចង់​ដាក់​ឈ្មោះ​ថា សាលា​ជ័យ ថាវី​ ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ឈ្មោះ​នេះ​ទៅ​ចុះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​មុន។ ហេតុ​នេះ​ក្រសួង​ពាណិជ្ជកម្ម​​មិន​ចុះ​ឲ្យ​ខ្ញុំ​​ទេ។ ប៉ុន្តែ​​ខ្ញុំ​បាន​ដាក់​រូប​របស់​ខ្ញុំ​នៅ​​ខាង​មុខ​សាលា​ដើម្បី​បញ្ញាក់​ ថា ខ្ញុំ​បង្រៀន​នៅ​ទី​នេះ។

 

Sabay៖ មក​ទល់​ពេល​នេះ​តើ លោក​សាស្ត្រាចារ្យ​​បាន​និពន្ធ​សៀវភៅ​បាន​ប៉ុន្មាន​ក្បាល ហើយ​សៀវភៅ​មួយ​ណា​ដែល​ល្បី​ជាង​គេ?

 

ជ័យ ថាវី៖ បើ​​តាម​ខ្ញុំ​រាប់​ប្រហែល​១០០​ក្បាល ស្ទើរ​​គ្រប់​សៀវភៅ​ទាំង​អស់​ដែល​ខ្ញុំ​សរសេរ​ គឺ​គេ​ទទួលស្គាល់​ទាំង​អស់។ ប៉ុន្តែ​បើ​និយាយ​តាម​កាលៈទេសៈ កាល​ដែល​នៅ​កម្មវិធី​ចាស់​ខ្ញុំ​បាន​ដកស្រង់​តាម​សៀវភៅ​វៀតណាម​​នោះ​គឺ​ សៀវភៅ​ប្រជុំ​​វិញ្ញាសា​ភាគ១ រហូត​ដល់​ភាគ៣ កាល​នោះ​ល្បី​ខ្លាំង​ណាស់។

 

Sabay៖ ខ្ញុំ​សូម​រំលឹក​ពី​អតីតកាល​បន្តិច  តើ​អ្វី​ទៅ​ដែល​លោក​​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត?

 

ជ័យ ថាវី៖ បាទ​​អ្វី​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​នៅ​​១៩៧០ ​គឺ​ខ្ញុំ​បាន​ដឹក​ដៃ​ប្អូន​ស្រី​របស់​ខ្ញុំ​រត់​គេចពី​ការ​ទន្លាក់​គ្រាប់​ ផ្លោង​​ពី​ចក្រ​ពត្តិ​​អាមេរិក ហើយ​ភ្នែក​ខ្ញុំ​សម្លឹង​ឃើញ​គ្រាប់​របស់​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់​ ចំកន្លែង​ធ្វើ​ការ​របស់​ខ្ញុំ។ រឿង​​ជា​ច្រើន​ទៀត​គឺ នៅ​​របប​ប៉ុល​ពត ខ្ញុំ​ត្រូវ​បាន​​ឲ្យ​មើល​ក្របី​ ហើយ​នឹង​ឡើង​ត្នោត។

 

 

Sabay៖ លោក​សាស្ត្រាចារ្យ អ្វី​ជា​ភាព​ជោគ​ជ័យ​របស់​លោក?

 

ជ័យ ថាវី៖ បាទ​ភាព​ជោគ​ជ័យ​របស់​ខ្ញុំ​នោះ​គឺ តាម​រយៈ​គ្រូ​បង្រៀន និង​ប្រាក់​ដែល​បាន​មក​ពី​ការ​បង្រៀន ​ខ្ញុំ​អាច​ដោះ​ស្រាយ​ជីវភាពរស់នៅ​ក្នុង​គ្រួសារ​​ខ្ញុំ​បាន​​ដោយ​ស្រួល។ មួយ​វិញ​ទៀត ​គ្រប់​គ្នា​ដែល​ជា​អ្នក​សិក្សា​នៅ​ក្នុង​ប្រទេស​ ​បាន​ស្គាល់​ខ្ញុំ ហើយ​គ្រូ​គីមីវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​ជា​៩០% ជា​​កូន​សិស្ស​របស់ខ្ញុំ។

 

Sabay៖ អ្វី​ជា​ការ​ចែករំលែក​ដល់​យុវវ័យ​ផ្សេង​ទៀត​ដែល​ចង់​ក្លាយ​ខ្លួន​ជា​ សាស្ត្រាចារ្យ​ល្បី​ដូច​ជា​រូប​លោក?

 

ជ័យ ថាវី៖ បាទ ​អគុណ​ណាស់ ការ​ចែក​រំលែក​គឺ​ខ្ញុំ​ចែករំលែក​ជា​រៀង​រាល់​ថ្ងៃ​ហើយ។ យុវវ័យ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​សាស្ត្រាចារ្យ​ល្បី​ គឺ​ត្រូវ​ខិតខំ​ស្រាវជ្រាវ​បន្ថែម​​ជា​ដាច់​ខាត មិន​ត្រូវ​នៅ​ស្ងៀម​នោះ​ទេ។ ការ​បង្រៀន​ទៀតសោត​គឺ​ត្រូវ​មាន​គរុកោសល្យ​ជា​ចាំបាច់៕

 

អានអត្ថបទ៖ បណ្ឌិត​ សុខ​ ទូច​ អ្នកវិភាគ​​​នយោបាយ​​ដ៏​មាន​​ថ្វី​មាត់​​​​ ទម្លាយ​ប្រវត្តិ​តស៊ូ​​គ្មាន​នរណា​ដូច ចុច​ត្រង់​នេះ​

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម