បណ្ឌិត​ សុខ​ ទូច​ អ្នកវិភាគ​​​នយោបាយ​​ដ៏​មាន​​ថ្វី​មាត់​​​​ ទម្លាយ​ប្រវត្តិ​តស៊ូ​​គ្មាន​នរណា​ដូច

  • 2014-09-26 17:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ក៏​​ស្គាល់ លោក សុខ ទូច​​ ​​​ជា​អ្នក​​វិភាគ​​​​​​នយោបាយ​​នៅ​កម្ពុជា​ ​​​តាម​វិទ្យុ​ និង ​​ទូរទស្សន៍​ដ៏​មាន​ថ្វី​មាត់​​​​​ លើស​ពី​នេះ​ លោក​ក៏​​ជា​សកលវិទ្យាធិការ ​​​នៃ​សាកលវិទ្យាល័យ​​ខេមរៈ​​ផង​ដែរ។ លោក​គឺ​ជា​​អតីត​និស្សិត​ម្នាក់​ ស្រឡាញ់​មុខ​វិជ្ជា​ច្បាប់​ តែ​​ទី​បំផុត​លោក​​បាន​​ចាប់​យក​ និង​ បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ទៅ​វិញ​។ តើ​មូល​ហេតុ​អ្វី​បាន​ជា​លោក​ជ្រើស​រើស​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ?​​ តើ​​លោក​​​​​ឆ្លង​កាត់​ រស់​ជាតិ​​ល្វីង​ជូរចត់​​អ្វី​ខ្លះ​ទម្រាំ​មាន​​ថ្ងៃ​នេះ?​

 

 

ប្រវត្តិសង្ខេប

 

យុវជន​ សុខ​ ទូច ​កើត​នៅ​​​ឆ្នាំ​១៩៦៥។ ​លោក​ ​មាន​ស្រុក​កំណើត​នៅ​​ភូមិ​តា​កយ​ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រីសន្ធរ ​​ខេត្ត​កំពង់​ចាម។ ​គ្រួសារ​របស់​លោក​ មាន​ស្ថានភាព​មធ្យម​​ ដែល​ឪពុក​ធ្វើ​ជា​មន្ត្រី​រាជការ​ ​ ​ម្ដាយ​ជា​មេ​ផ្ទះ​ និង​ មាន​បង​ប្អូន​​ប្រាំ​នាក់​ ស្រី​​ពីរ​នាក់​ និង​ ប្រុស​បី​នាក់​។

ក្រោយបែក​​ពី​របប​កម្ពុជាប្រជាធិបតេយ្យ​ ​ប៉ុល ពត​ ​លោក​បាន​ឃ្លាត​ឆ្ងាយ​ពី​​​គ្រួសារ ​គ្មាន​ទី​ជម្រក​ ​ខ្វះ​ទី​ពំនាក់​អាស្រ័យ​ ​​និង​បំណិន​ជីវិត​ ​ ​​​យុវជន ​សុខ​​​​ ទូច​​ ក៏​បាន​​ចូល​បម្រើ​កង​ទ័ព​ ដោយ​​ឈរ​ជើង​នៅ​វរៈ ៣៣​ ខេត្ត​កំពង់​ចាម​ ​ចាប់​ពី​ឆ្នាំ​ ១៩៧៩ ដល់​ឆ្នាំ​១៩៨១។ ​​​​នៅ​​ឆ្នាំ​១៩៨១​ យុវជន​​រូប​នេះ​ ​បាន​ជួប​ជុំ​គ្រួសារ​វិញ​​​ ហើយ​ក៏​បាន​​ចាប់​ផ្ដើម​ចូល​រៀន​​ថ្នាក់​ទី​មួយ​​នៅ​សាលា​​បឋម​សិក្សា​ វឌ្ឍនៈ​ (ខេត្ត​សៀម​រាប)​។

នៅ​ពេល​​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​មួយ​ នោះ​ ​​យុវជន ​សុខ ទូច ​​មាន​អាយុ ​​​​១៧ ​​ឆ្នាំ​ លើស​​ពី​អាយុ​ដែល​គេ​អនុញ្ញាត​ឲ្យ​ចូល​រៀន​ថ្នាក់​បឋម។​​​​ អីចឹង​ហើយ​​ក៏​ដូរ​​ឆ្នាំ​កំណើត​មក​ឆ្នាំ ​១៩៦៩ ​វិញ។ ​​លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់​បឋម​ (ថ្នាក់​ទី​បួន) ក្នុង​​ឆ្នាំ​១៩៨៤។ ក្រោយ ​ពី​ប្រឡង​ជាប់​ថ្នាក់​បឋម​មក គ្រួសារ​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​មក​រស់​នៅ​ទីក្រុង​​ភ្នំ​ពេញ​។​ ​​យុវជន ​សុខ ​ទូច ​​​​ឡើង​មក​​រៀន​បន្ត​​​ថ្នាក់​មធ្យម​សិក្សា​កម្រិត​មួយ​នៅ​ក្រុង​ភ្នំ​ពេញ​ គឺ​នៅ​​​សាលា​ចតុមុខ​​ (អតីត​សាលា​កុមារី)​​។ ​រៀន​បាន​បី​ឆ្នាំ​​លោក​បាន​ប្រឡង​ជាប់​​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​កម្រិត​មួយ ហើយ​បាន​បន្ត​មធ្យម​សិក្សា​កម្រិត​ពីរ​ នៅ​សាលា​ដដែល​។

 

ក្រោយ​មក ​លោក​បាន​ប្រឡង​ជាប់​នៅ​មធ្យមសិក្សា​កម្រិត​ពីរ។​​ ​លោក​បាន​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​​គឺ​​បាន​​ចូល​រៀន​​នៅ​សាលា​គំរូ​ គេ​​ក្នុង​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​ គឺ​សាលា​ភ្នំ​ដូន​ពេញ​​ (​បច្ចុប្បន្ន​សាលា​ស៊ីសុវត្ថិ)។ ​​​នៅ​រៀន​សាលា​នេះ​ លោក ​សុខ​ ទូច ​បាន​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​ ពីព្រោះ​ស្ថានភាព​គ្រួសារ​មិន​មាន​លុយ​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ឲ្យ​​លោក​ រៀន​​ សូម្បី​សំលៀក​បំពាក់​ក៏​​ខ្វះ​ដែរ។ ​​ពេល​ខ្លះ​ត្រូវ​​ធាក់​កង់​​ឌុប​ដើម្បី​យក​លុយ​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ ។​​ លោក​ថា​ “​មាន​អាវ​ស​តែ​មួយ​គត់​រៀន​បី​ឆ្នាំ​ នៅ​ពេល​គក់​ម្ដង​ៗ​​​ត្រូវ​អង្គុយ​យាម​​ទាល់​តែ​ស្ងួត​ព្រោះ​ខ្លាច​​គេ​ លួច”។ ​បើ​ទោះ​បី​ឆ្លង​កាត់​ការ​លំបាក​ច្រើន​យ៉ាង​នេះ​ក៏​ដោយ​ ​ក៏​រូប​លោក​​​បាន​ជម្នះ​ឧបសគ្គ​ ហើយ​បាន​​ប្រឡង​​​បញ្ចប់​​ថ្នាក់​បាក់​ឌុប​​​​ទទួល​បាន​ជោគជ័យ​នៅ​ឆ្នាំ​ ១៩៨៩​​។

 

ប្រឡង​អាហារូបករណ៍​​ទៅ​បរទេស​ថ្នាក់​ឧត្ដម​សិក្សា​​ធ្លាក់​​ ​ចាប់​ជំនាញ​ឯកទេស​ជាប់​បម្រុង

 

បន្ទាប់​ពី​នោះ​​ សុខ​ ទូច ​​ត្រូវ​ប្រឡង​​​ចូល​មហាវិទ្យាល័យ​។ ​ដោយ​សារ​តែ​ជីវភាព​លំបាក​ពេក​ មិន​មាន​លុយ​​​គ្រប់​គ្រាន់​ ​​រៀន​នៅ​មហាវិទ្យាល័យ​​ លោក​ក៏​សម្លឹង​ឃើញ​អាហារូបករណ៍​ទៅ​ក្រៅ​បរទេស។ លោក​ថា “​នៅ​សម័យ​នោះ​បើ​ចង់​​ប្រឡង​ជាប់​វិញ ​ខាង​​ពេទ្យ​ ​​ ត្រូវ​ការ​​​ប្រាំ​ពីរ​ ​ទៅ​ប្រាំ​បី​តម្លឹង។​ បើ​នៅ​​សាលា​ចំការ​ដូង​​​ត្រូវ​ការ​​ប្រាំ​ឬ​បួន​​តម្លឹង​…​អីចឹង​ហើយ​បាន​ជា ​កូន​អ្នក​ក្រ ដូច​រូប​ខ្ញុំ​​​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ឡើយ”​។ នៅ​ពេល​នោះ​ លោក​ សុខ​ ទូច​ បាន​​​សម្រេច​ដាក់​ប្រឡង​​យក​អាហារូបករណ៍​ថ្នាក់​ឧត្ដម​​ទៅ​ក្រៅ​ប្រទេស​ (​សម័យ​នោះ​ត្រូវ​ទៅ​សិក្សា​នៅ​​បណ្ដា​ប្រទេស​កុម្មុយនិស្ត​)។

សំណាង​ មិន​ល្អ​ លោក​បាន​ប្រឡង​ធ្លាក់​ថ្នាក់​អាហារូបករណ៍​កម្រិត​ឧត្ដម។​ ក្រោយ​មក ​​​លោក​ សុខ ទូច ​ក៏​បាន​សម្រេច​ចិត្ត​ដាក់​អាហារូបករណ៍​ទៅ​បរទេស​បន្ត​ តែ​ដូរ​ពី​អាហារូបករណ៍​កម្រិត​ឧត្ដម​ទៅ​​អាហារូបករណ៍​​​កម្រិត​មធ្យម​ឯកទេស។ ​អាច​ចាត់​ទុក​​បាន​ថា​ ជា​សំណាង​ល្អ​របស់​លោក​ដែរ​ ពី​ព្រោះ​បាន​ប្រឡង ​[ជាប់​​​បម្រុង]។

 

បាន​ទៅ​រៀន​​បរទេស​ ដោយសារ​បេក្ខជន​​បម្រុង​ម្នាក់ ​គ្រោះ​ថ្នាក់​ចរាចរណ៍

 

នៅ​​ពេល​ជាប់​​ជា​បេក្ខជន​​បម្រុង​​ ​​យុវជន ​សុខ​ ទូច​ ​មិន​បាន​រៀន​ភាសា​ត្រៀម​ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​​ទៅ​រៀន​នៅ​ប្រទេស​ណា​ទេ​ ​ពី​ព្រោះ​ជាប់​បាន​ត្រឹម​​កម្រិត​បម្រុង (​ខាង​​ក្រសួង​មិន​ទាន់​​​ប្រាប់​) គឺ​នៅ​ចាំ​មើល​ថា​នៅ​ប្រទេស​ណា​ខ្វះ​ទើប​បាន​ទៅ​រៀន​​។ នៅ​​សល់​ត្រឹម​តែ​ពីរ​សប្ដាហ៍​ មុន​ពេល​ចេញ​ដំណើរ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ​មាន​បេក្ខជន​​កម្រិត​មធ្យម​ឯកទេស​​​ម្នាក់​ដួល​​ម៉ូតូ​បាក់​ដៃ​ មិន​អាច​ទៅ​រៀន​បាន​ លោក​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ទៅ​រៀន​​ជំនួស​​គេ​ទៅ​។

 

ប្ដូរ​​ពី​ជំនាញ​បច្ចេកទេស​​មក​ថ្នាក់​ឧត្ដម

 

លោក​ចូល​រៀន​ថ្នាក់​ឯកទេស​ដំបូង​​ក្នុង​​ឆ្នាំ​១៩៩០​​ នៅ​​រដ្ឋ​គីជីស្តង់​ (បច្ចុប្បន្ន​ប្រទេស​គីជីស្ដង់)។ រៀន​ទី​នោះ​បាន​មួយ​ឆ្នាំ​ ដោយ​សារ​​លោក​រៀន​ពូកែ​ ខាង​សាលា​​ក៏​បាន​ជំរុញ​លោក​ឲ្យ​រៀន​​ថ្នាក់​ឧត្ដម​ ដោយ​ត្រូវ​ទៅ​បន្ត​នៅ​រដ្ឋ​​មួយ​ទៀត​​​​ក្នុង​ប្រទេស​រុស្សី។

ការ​​ ទៅ​សិក្សា​នៅ​​​ប្រទេស​រុស្ស៊ី​ជា​រឿង​លំបាក​បំផុត ​ពី​ព្រោះ​ រដ្ឋ​​ផ្ដល់​ប្រាក់​​អាហារូបករណ៍​​ត្រឹម​តែ​​៥​ដុល្លារ​ ចំណែក​ខាង​រដ្ឋាភិបាល​រុស្ស៊ី​​ឲ្យ​​ត្រឹម​តែ​១០​ដុល្លារ​ ​សរុប​ទៅ​ទទួល​បាន​ត្រឹម​តែ​១៥​ដុល្លារ​ក្នុង​​មួយ​ខែ​ ដែល​ដូរ​ជា​លុយ​រូប​ (រូបិយប័ណ្ណ​របស់​រុស្ស៊ី) ​វិញ​បាន​ត្រឹម​តែ​៤០០​រូប​ប៉ុណ្ណោះ​ ហើយ​បើ​យក​៤០០​រ៉ូប​​ទៅ​ទិញ​នំប៉័ង​​​​វិញ​បាន​ត្រឹម​តែ​៤០០​នំប៉័ង​ ប៉ុណ្ណោះ។

 

ស្រឡាញ់​ច្បាប់​ តែ​ចាប់​វិទ្យាសាស្ត្រ​នយោបាយ

 

តាម​ពិត​ពី​ដើម​ឡើយ​ លោក ​​សុខ​ ទូច ​ស្រឡាញ់​ជំនាញ​​ច្បាប់​។ លោក​ថា​ ​មិន​ចូល​ចិត្ត​អំពើ​អយុត្តិធម៌​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ​ ប៉ុន្តែ​ ​នៅ​ពេល​ដែល​លោក​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​​​រដ្ឋ​ ​កម្ពុជា​ដាក់​​ឲ្យ​រៀន​មុខ​វិទ្យាសាស្ត្រ​នយោបាយ។ ​លោក​​សុំ​ប្ដូរ​មុខវិជ្ជា​​​ដែរ​ តែ​សាលា​មិន​អនុញ្ញាត​ឲ្យ​ប្ដូរ​។ ​​ម្យ៉ាង​​ដោយ​សារ​ វិទ្យាសាស្ត្រ​នយោបាយ​ស្ថិត​ក្នុង​វិទ្យាសាស្ត្រ​សង្គម​ដូច​គ្នា​ លោក​ក៏​សម្រេច​ចិត្ត​រៀន​​ជំនាញ​នេះ​ទៅ​។ ​លោក​ថា​​ “ខ្ញុំ​ជឿ​ថា​ ​មក​ពី​កត្តា​​និស្ស័យ​ក៏​អាច​ថា​បាន​ដែរ​ មិន​មែន​​មក​ពី​កត្តា​ចៃដន្យ​ទេ​ ក្នុង​ការ​ចាប់​ជំនាញ​នយោបាយ​នេះ​…”​។

 

និស្សិត​ផង​ ស្វាមី​គេ​ផង

 

នៅ​រៀន​រដ្ឋ​រុស្សី​បាន​ដល់​​ឆ្នាំ​ទី​ពីរ​ គឺ​នៅ​ឆ្នាំ​១៩៩២​ លោក​បាន​បាក់​ចិត្ត​ស្រឡាញ់​នារី​ជន​ជាតិ​រុស្សី​ម្នាក់។ ​នៅ​សម័យ​នោះ​ ​ពិភពលោក​មាន​ការ​បែង​ចែក​ពណ៌​​សម្បុរ​ ​ពោល​គឺ​បែង​ចែក​រវាង​​អ្នក​នៅ​​អាស៊ី​ ​នៅ​អឺរ៉ុប​ និង​​អ្នក​នៅ​អាហ្វ្រិក​។ តែ​នារី​ដែល​រូប​លោក​ស្រឡាញ់​ មិន​បាន​បែង​ចែក​​នោះ​ទេ ​ដោយ​បាន​បាក់​ចិត្ត​ស្រឡាញ់​​លោក​ជា និស្សិត​​​ដ៏​កម្សត់​ គ្មាន​ទ្រព្យ​ធន​ ថែម​ទាំង​​មិន​ទាន់​មាន​ការ​ងារ​ទៀត​ផង​នោះ។ ​​​ដោយ​សារ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​បែប​នេះ​ ទើប​រូប​លោក​សម្រេច​ចិត្ត​​រៀប​ការ​ជា​មួយ​គ្នា​​នៅ​ឆ្នាំ​១៩៩២​​។

 

និស្សិត​ផង​ ឪពុក​ផង ម្ដាយ​ផង

 

នៅ​ឆ្នាំ​១៩៩៣​ លោក​ប្រសូត​បាន​​កូន​​ស្រី​មួយ​។ នៅ​ពេល​នោះ​​ លំបាក​មែន​ទែន​សម្រាប់​រូប​លោក​ ពី​ព្រោះ​ ដោយ​សារ​តែ​ភរិយា​​មិន​អាច​ប្រសូត​បុត្រ​បាន​គឺ​ត្រូវ​វះកាត់​ ​និង​​ត្រូវ​ទៅ​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​យូរ។​ អីចឹង​ហើយ​ លោក​ត្រូវ​មើល​កូន​ផង​​ បោក​​ខោ​អាវ​ឲ្យ​កូន​ផង​ប្រពន្ធ​ផង​ ​និង​ត្រូវ​រក​លុយ​​មក​ចិញ្ចឹម​គ្រួសារ​ទៀត។

 

លុយ​ដែល​​ទទួល​បាន​ពី​ អាហារូបករណ៍​ (៤០០​រូប ស្មើ​នឹង​១៥​ដុល្លារ​) គឺ​លោក​ទុក​ទិញ​​របស់​របរ​ឲ្យ​កូន​ញ៉ាំ​។ ​ដោយ​សារ​​មិន​អាច​​រស់​ដោយ​ពឹង​ផ្អែក​ប្រាក់​អាហារូបករណ៍​បាន​ លោក​​ត្រូវ​ធ្វើ​ការ​លីសែង ​​នៅ​ពេល​យប់​ ដែល​អាច​ទទួល​បាន​​​មួយ​ឬ​ពីរ​​រយ​រ៉ូប ហើយ​នៅ​ចុង​សប្ដាហ៍​ត្រូវ​ស៊ី​ឈ្នួល​លក់​ដូរ​ឲ្យ​គេ។ ដោយ​សារ​តែ​ធ្វើ​ការ​ធ្ងន់​​ក្នុង​បរិយាកាស​ត្រជាក់​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​រូប​លោក​មាន​​ជំងឺ​ម្យ៉ាង​មិន​អាច​ត្រូវ​ធាតុ​ត្រជាក់​បាន​រហូត​ ដល់​សព្វ​ថ្ងៃ។

 

ជា​រឿង​កម្សត់​បំផុត​ ពេល​ខ្លះ​ លោក​​និង​​ភរិយា​ គ្មាន​អី​ញ៉ាំ​ទាល់​តែ​សោះ​​ ​​ជា​ពិសេស​នៅ​រដូវរងា (​ខែ​ទឹកកក​) ​លោក​ត្រូវ​បេះ​[កន្ទិចអាល]​ស្រុះ​​​ជា​មួយ​ទឹក​​យក​មក​ញ៉ាំ​​ជា​មួយ​ នំប៉័ង។ នៅ​ពេល​ព្រឹក​​គ្មាន​អី​ញ៉ាំ​ទេ​​ក្រៅ​ពី[ទឹក​​តែ​មួយ​ពែង] ហើយ​ជា​រៀង​រាល់​ពេល​មុន​ទៅ​សាលា​ លោក​ញ៉ាំ​តែ​តែ​មួយ​ពែង​គត់​។ ​លោក​បញ្ជាក់​ថា​ “​ទៅ​រៀន​មិន​ហ៊ាន ​អង្គុយ​មុខ​គេ​​ទេ… មិន​មែន​រៀន​មិន​ចេះ​នោះ​ទេ​ តែ​ខ្លាច​កូរ​ពោះ​ឭ​ដល់​មិត្តភ័ក្ដិ​​អង្គុយ​ជិត​ ពីព្រោះ​ព្រឹក​ឡើង​គ្មាន​អី​ញ៉ាំ​​ក្រៅ​ពី​ទឹក​តែ​មួយ​ពែង នោះ…”។

 

នៅ ​ឆ្នាំ​១៩៩៤​ លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ដោយ​ប្រឡង​បញ្ចប់​​ទទួល​បាន​ជោគ​ជ័យ​ និង​ទទួល​​​បាន​ពិន្ទុ​ខ្ពស់​ទៀត​ផង។ ​ក្រោយ​មក ​លោក​បាន​បន្ត​ថ្នាក់​​អនុ​បណ្ឌិត​​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​​​នៅ​សាលា​ ដដែល។ ​ជីវិត​នៅ​ពេល​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​ ក៏​មិន​ខុស​អ្វី​​​ កាល​ពី​​នៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ដែរ។ ​លោក​ត្រូវ​ទៅ​ធ្វើ​​ការ​ស៊ី​ឈ្នួល​គេ​ដូច​មុន ហើយ​ត្រូវ​​ឆ្លៀត​​ពេល​​​រៀន​ខ្លួន​​ឯង​ផង​ រហូត​​ទទួល​បាន​ជោគជ័យ​ថ្នាក់​អនុបណ្ឌិត​។ លោក​ថា​ “​ពេល​ណា​ក៏​ខ្ញុំ​ដាក់​សៀវភៅ​តាម​ខ្លួន​ដែរ​ មិន​ថា​ធ្វើ​ការ​ មិន​ថា​ទៅ​ទី​ណា​ ​សូម្បី​ដាំ​បាយ​ក៏​មើល​ដែរ​ ឲ្យ​តែ​មាន​ពេល​​គឺ​មើល​រហូត​…​”។

 

នៅ​ឆ្នាំ​១៩៩៥ លោក ​​សុខ​ ទូច ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ ​ហើយ​នៅ​ពេល​នោះ​​ប្រទេស​រុស្សី​ ត្រូវ​ការ​ជ្រើស​រើស​​និស្សិត​ចំនួន​១២​នាក់​ ចេញ​ពី​និស្សិត​​៧០០​​នាក់​មក​ពី​ប្រទេស​​ជាង​១២០​​​ ដើម្បី​ឲ្យ​​​សិក្សា​បន្ត​​ថ្នាក់​បណ្ឌិត​។ ​នៅ​ពេល​នោះ ​លោក​ត្រូវ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ដើម្បី​ស្រាវ​ជ្រាវ​​ប្រវត្តិសាស្ត្រ​ និង​បរិបទ​នយោបាយ​នៅ​កម្ពុជា​ សម្រាប់​ធ្វើ​ជា​​គម្រោង​សរសេរ​និក្ខេបបទ​​ការពារ​ថ្នាក់​អនុបណ្ឌិត​ដើម្បី​ ​ទទួល​បាន​​ជោគជ័យ​សិក្សា​​​បន្ត​​​ថ្នាក់​បណ្ឌិត។​ ដោយ​សារ​តែ ​និក្ខេបបទ​របស់​លោក​ធ្វើ​បាន​ល្អ​ និង​​ការ​ពារ​​បាន​ល្អ​ផង​នោះ ​​ធ្វើ​ឲ្យ​គណៈកម្មការ​​​​​វាយ​តម្លៃ​និក្ខេបបទ​​​ បាន​ឲ្យ​ពិន្ទុ​លោក​ខ្ពស់​ និង​ជាប់​បាន​ទៅ​​សិក្សា​បន្ត​ថ្នាក់​បណ្ឌិត​​ក្នុង​ចំណោម​សិស្ស​ឆ្នើម​ទាំង ​១២​នាក់។ នៅ​ពេល​ដែល​លោក​ សុខ ទូច​ បន្ត​ថ្នាក់​បណ្ឌិត​ ភរិយា​របស់​លោក​បាន​ប្រសូត​បុត្រា​មួយ​ទៀត​ក្នុង​ឆ្នាំ​១៩៩៦​ បន្ទាប់​ពី​នោះ​​ ភរិយា​របស់​លោក​បាន​​ឈប់​រៀន​ ហើយ​លោក​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ទទួល​បាន​​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៩។

 

រៀន​វិទ្យាសាស្ត្រ​​នយោបាយ​ ចប់​បណ្ឌិត​ប្រវត្តិសាស្ត្រ

 

នៅ​ពេល​ដែល​​លោក​ សុខ​ ទូច ​​បន្ត​​​ថ្នាក់​បណ្ឌិត​ គឺ​​​បន្ត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ។ នៅ​ពេល​សរសេរ​និក្ខេបបទ​​ លោក​សរសេរ​ទាក់​ទង​ទៅ​នឹង​នយោបាយ​។ តែ​ដោយ​សារ​​នៅ​សាលា​ដែល​លោក​​រៀន​ ពុំ​មាន​សាស្ត្រាចារ្យ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​និក្ខេប​បទ​​​លើ​ជំនាញ​​នេះ​ គឺ​ត្រូវ​ទៅ​ការ​ពារ​និក្ខេបបទ​របស់​ខ្លួន​នៅ​ទីក្រុង​​មូស្គូ​។ ​ដោយ​សារ​ ពុំ​មាន​លុយ​គ្រប់​គ្រាន់​​ទៅ​ការ​ពារ​នៅ​ទីនោះ លោក​ សុខ ​ទូច ​សុខ​​ចិត្ត​ប្ដូរ​​មក​ការ​ពារ​ផ្នែក​​​ប្រវត្តិសាស្ត្រ​វិញ​។ អីចឹង​ហើយ​ ទើប​លោក​​បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ប្រវត្តិសាស្ត្រ​ មិន​មែន​​វិទ្យាសាស្ត្រ​នយោបាយ​ទេ ខណៈ​ដែល​រៀន​ថ្នាក់​បរិញ្ញាបត្រ​​អនុបណ្ឌិត​ និង​បណ្ឌិត​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​។

 

វិល​ត្រឡប់​មក​មាតុភូមិ​ និង​ការ​ចាប់​អាជីព

 

ក្រោយ​ពី​បញ្ចប់​​ថ្នាក់​បណ្ឌិត​សព្វ​គ្រប់​ លោក​បណ្ឌិត​ សុខ​ ទូច​ បាន​​នាំ​ភរិយា​ និង​កូន​ទាំង​ពីរ​​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ​នៅ​ពេល​នោះ​​ លោក​បាន​ដាក់​ពាក្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​ក្នុង​​ស្រុក​ខ្មែរ​មួយ​ចំនួន​ ដូច​ជា​​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​ និង​សាកលវិទ្យាល័យ​រដ្ឋ​មួយ​ ​តែ​សាលា​ទាំង​នោះ​មិន​​ព្រម​ទទួល​លោក​ឲ្យ​បង្រៀន​​​ទេ​ ដោយ​​គិត​ថា​លោក​ក្មេង​ពេក​ និង​​ថា​​​រូប​លោក​មិន​បាន​រៀន​អី​​ទេ​ ​ដោយ​ចោទ​ថា​ [ទិញ​សញ្ញាបត្រ]។​ ក្រោយ​មក​ លោក​ ក៏​បាន​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​នៅ​​ក្រសួង​ការ​បរទេស។ ​ ​ដោយ​សារ​​តែ​ខ្វះ​​សំលៀកបំពាក់​​​​ដើម្បី​ឲ្យ​សម​មុខ​​សម​មាត់​ជា​មន្ត្រី​ ការទូត​ លោក​ក៏​សុំ​ប្ដូរ​​​ដូរ​មក​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ តែ​ដោយ​សារ​​​ ​ចូល​ចិត្ត​​ខាង​​​ស្រាវជ្រាវ​ មិន​ចូល​ចិត្ត​ធ្វើ​ការ​នៅ​ការិយាល័យ​​​​ ​​ទើប​​លោក​​សម្រេច​ចិត្ត​​​ទៅ​ធ្វើ​ការ​នៅ​​រាជបណ្ឌិត្យសភា​​វិញ​រហូត​ដល់​ សព្វ​ថ្ងៃ​នេះ។

 

នៅ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បាន​សហការ​ជា​មួយ​ដៃ​គូ​មួយ​ចំនួន​បង្កើត​ថ្នាក់​អនុបណ្ឌិត​មុន​គេ​ បំផុត​នៅ​ក្នុង​ស្រុក​ខ្មែរ​ នៅ​​ក្នុង​ឆ្នាំ​២០០០​ ហើយ​ក្រោយ​មក​បង្កើត​បាន​វិទ្យាស្ថាន​​ទំនាក់​ទំនង​អន្តរជាតិ​​មួយ​ទៀត​ ក្នុង​ឆ្នាំ​២០០៤។

 

ជីវភាព​នៅ​យ៉ាប់​ បើក​សាលា​​ឯកជន​ឲ្យ​គេ គេ​ទាត់​ចោល

 

លោក​បណ្ឌិត​ សុខ ទូច​ ​ក្នុង​ឆ្នាំ​២០០០​​លោក​បាន​ចូល​រួម​បង្កើត​សាលា​ឯកជន​មួយ ដែល​លោក​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ទេ​​ ដែល​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​ថ្នាក់​បណ្ឌិត​ដំបូង​​​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​។ ​ពាក្យ​ថា​​ថ្នាក់​​បណ្ឌិត​​​នេះ​ គឺ​​លោក​​​ជា​អ្នក​​ផ្ដួច​ផ្ដើម​ឲ្យ​មាន​មុន​គេ​បំផុត​ នៅ​ក្នុង​ស្រុក​ខ្មែរ​ តែ​ក្រោយ​​ពី​សាលា​នេះ​ទទួល​បាន​ជោគ​ជ័យ​ ក៏​បាន​ដេញ​លោក​ចេញ​។ ក្រោយ ​មក​ លោក​ សុខ ទូច ​​​បាន​ទៅ​បង្កើត​សាលា​ឲ្យ​គេ​មួយ​ទៀត​ ​ដែល​​លោក​មាន​តួនាទី​ជា​​សកលវិទ្យាធិការ​​​​​​។ ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន​​ប្រមាណ​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ​។ ៦០​%​ដែល​លោក​ទទួល​បាន​ពី​ប្រាក់​កម្រៃ​នេះ​ លោក​យក​មក​​ទុក​​ធ្វើ​ជា​​ទុន​សម្រាប់​​​​បង្កើត​សាកលវិទ្យាល័យ​របស់​ខ្លួន​ មួយ​ទៀត​​គឺ​សាកលវិទ្យាល័យ​ខេមរៈ។

 

នៅ​ឆ្នាំ​២០០៤​ លោក​​បាន​បង្កើត​សាកលវិទ្យាល័យ​នេះ​​​​​ឡើង​។​ ​មាន​​ម្ចាស់ភាគហ៊ុន​ជា​ច្រើន​ជួយ​ជ្រោមជ្រែង​សាលា​​ ដែល​គេ​ឲ្យ​ប្រាក់​បៀវត្ស​​សកលវិទ្យាធិការ​រូប​នេះ​ត្រឹម​តែ​១៥០​ដុល្លារ​ ប៉ុណ្ណោះ។ ប្រាក់​បៀវត្ស​ទាំង​នេះ​ លោក​​បាន​បង្វែរ​ទុក​ជា​អាហារូបករណ៍​ដល់​សិស្ស​ទាំង​អស់​។

 

ត្រូវ​បែក​ពី​ភរិយា

 

ក្រោយ​​ពី​បាន​​រស់​នៅ​ជួប​ជុំ​គ្នា​ជា​មួយ​ប្រពន្ធ និង​កូន​ទាំង​ពីរ​​បាន​ប្រាំ​ពីរ​ឆ្នាំ​ ភរិយា​​របស់​លោក​​​ មិន​ចេះ​រស់​នៅ​ប្រទេស​កម្ពុជា​ ក៏​នាំ​​កូន​ទាំង​ពីរ​ទៅ​ប្រទេស​​រុស្សី​វិញ។ ​លោក​ថា​ ប្រពន្ធ​របស់​លោក​ ​ចង់​​​ឲ្យ​រូប​លោក​ចូល​ជា​សញ្ជាតិ​រុស្សី​ និង​ត្រឡប់​ទៅ​​រស់​នៅ​រុស្សី​ដែរ​ តែ​លោក​បដិសេធ​។ លោក​​ថា​ “​វា ​ជា​រឿង​​ឈឺ​ចាប់​បំផុត… ធ្លាប់​រស់​នៅ​ក្នុង​ស្ថានភាព​អន់​ឃ្លាន​មាន​ស៊ី​ និង​តស៊ូ​ជា​មួយ​គ្នា​ជិត​ម្ភៃ​​ឆ្នាំ​តែ​ត្រូវ​បែក​គ្នា…ពីរ​ឆ្នាំ​បន្ទាប់ ​ពី​គាត់​ចាក​ចេញ​ទៅ​​ធ្វើ​ឲ្យ​ខ្ញុំ​វិល​វល់​មែន​ទែន!“។ បណ្ឌិត ​វ័យ​ក្មេង​រូប​នេះ​​បញ្ជាក់​ពី​មូល​ហេតុ​មិន​​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ ប្រពន្ធ​​និង​កូន​ជា​ទី​ស្រឡាញ់​នៅ​រុស្សី​ថា​ ​ហេតុ​ផល​តែ​មួយ​គត់​គឺ​ស្រឡាញ់​និង​ចង់​​ជួយ​ប្រទេស​​ខ្មែរ​។ “​ខ្ញុំ​បាន​ទៅ​ធ្វើ​ជា​វាគ្មិន​​នៅ​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​​ …បើ​ទោះ​បី​ជា​​នៅ​ស្រុក​គេ​ស្អាត​ប៉ុណ្ណា​ក៏​ដោយ​​​ ​ក៏​ខ្ញុំ​​មើល​ឃើញ​ និង​ចង់​រស់​នៅ​តែ​ប្រទេស​ខ្មែរ​មួយ​គត់…”។ នេះ​ជា​ការ​បញ្ជាក់​ពី​មូលហេតុ​មិន​ត្រឡប់​​ទៅ​រស់​នៅ​ជា​មួយ​ប្រពន្ធ​និង​ កូន​នៅ​រុស្សី​។

 

ស្នាដៃ

 

បង្កើត​សាកលវិទ្យាល័យ​​ខេមរៈ ក្នុង​​ឆ្នាំ​២០០៤ និង​​បាន​ក្លាយ​ជា​សកលវិទ្យាធិការ​នៅ​ឆ្នាំ​២០០៨​។ បង្កើត​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ (នៅ​ចំណុះ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី) ​​និង​បាន​បង្កើត​ថ្នាក់​អនុបណ្ឌិត​ដំបូង​បំផុត​នៅ​ស្រុក​ខ្មែរ​ ​ហើយ​​​ក្រោយ​មក​​​បាន​ក្លាយ​​ជា​អនុ​ប្រធាន​​វិទ្យាស្ថាន​នេះ។

 

ការ​ងារ​​បោះពុម្ពផ្សាយ

 

ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ បោះ​ពុម្ព​​ឆ្នាំ​២០០២ តួនាទី​អង្គការ​សហប្រជាជាតិ​  បោះ​ពុម្ព​​ឆ្នាំ​២០០៣ ទ្រឹស្ដី​ទំនាក់​ទំនង​អន្តរជាតិ​ បោះ​ពុម្ព​​ឆ្នាំ​២០០៣ ទំនាក់​ទំនង​រវាង​កម្ពុជា​​ជា​មួយ​សហរដ្ឋ​អាមេរិក​ ចិន​ និង​វៀតណាម​ បោះ​ពុម្ព​​ឆ្នាំ​២០០៧ វេទិកា ​បណ្ឌិត​សភា​លើក​ទី​៣ ស្ដី​ពី​ខួប​​ទី​១៥​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ស្ដី​ពី​ដំណោះ​ស្រាយ​នយោបាយ​រួម​នៅ​​កម្ពុជា​ បោះ​ពុម្ព​​ឆ្នាំ​២០០៨ ទំនាក់​ទំនង​អន្តរជាតិ​៖ កម្ពុជា​ក្រោម​ក្រសែ​ភ្នែក​មហាអំណាច​ បោះ​ពុម្ព​​ឆ្នាំ​២០០៣ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ១ បោះ​ពុម្ព​​ឆ្នាំ​២០០៨ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ២ បោះ​ពុម្ព​​ឆ្នាំ​២០០៩ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​ លេខ ៣ បោះ​ពុម្ព​​ឆ្នាំ​២០១០ ទំនាស់​ព្រំដែន​រវាង​ប្រទេស​ថៃនិង​ប្រទេស​ជិត​ខាង​  បោះ​ពុម្ព​​ឆ្នាំ​២០១០

 

អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ តែ​មិន​ធ្វើ​នយោបាយ

 

លោក​​បណ្ឌិត ​​សុខ ទូច​ អះអាង​ថា​ បើ​ទោះ​បី​លោក​បាន​បញ្ចប់​សញ្ញាប័ត្រ​បណ្ឌិត​ និង​មាន​ឯក​ទេស​ខាង​នយោបាយ​​យ៉ាង​ណា​ក៏​ដោយ ​ក៏​លោក​មិន​ចូល​ធ្វើ​នយោបាយ​ដែរ​ ពី​ព្រោះ​លោក​ចង់​បង្ហាញ​អ្វី​ដែល​ជា​ការ​ពិត​ចំពោះ​​​ការ​យល់​ឃើញ​របស់​លោក ​ ដល់​សាធារណជន​ ឲ្យ​ចេះ​វិភាគ​ និង​ថ្លឹង​ថ្លែង​ពី​ការ​ពិត។ ​លោក​ថា​ ​”ខ្ញុំ​ចង់​បង្រៀន​និង​​និយាយ​ពី​អ្វី​ដែល​ជា​ការ​ពិត… ​នៅ​ពេល​ដែល​លោក​ចូល​ប្រឡូក​ក្នុង​​នយោបាយ​ ​លោក​នឹង​មិន​អាច​​បញ្ចេញ​អ្វី​ដែល​ពិត​បាន​ទៀត​ទេ ​​​ពី​ព្រោះ​​ការ​​​និយាយ​មិន​ពិត​គឺ​ជា​យុទ្ធសាស្ត្រ​យក​ឈ្នះ​របស់​អ្នក​ នយោបាយ​​…”។

 

ការ​ចែក​រំលែក​ដល់​យុវជន

 

លោក​បណ្ឌិត​ សុខ ទូច ​មាន​ទស្សនៈ​ជា​មូលដ្ឋាន​បី​ចំណុច​សម្រាប់​ចែក​រំលែក​ដល់​យុវជន​ ដើម្បី​ទុក​ជា​ទុន​ ​ក្នុង​ការ​បណ្ដុះ​គំនិត​ និង​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ទៅ​ជា​ធនធាន​​ដ៏​សម្បូរ​បែប​សម្រាប់​​អភិវឌ្ឍ​ ប្រទេស។ ទី​មួយ​​​គឺ​ការ​ជ្រើស​រើស​​មុខ​វិជ្ជា​ឲ្យ​សមស្រប​​ទៅ​នឹង​ទេពកោសល្យ​របស់​ខ្លួន ដែល​មាន​ពី​ធម្មជាតិ​។ ត្រង់​ចំណុច​នេះ​ លោក​បណ្ឌិត​មិន​លើក​ទឹក​ចិត្ត​​ឲ្យ​មាន​​ការ​ជ្រើស​រើស​​​មុខ​វិជ្ជា​​​ទៅ​ តាម​តម្រូវ​ការ​ទីផ្សារ​ទេ​ ​ ពី​ព្រោះ តាម​គំនិត​លោក​ ​​ទីផ្សារ​គឺ​ប្រែ​ប្រួល​​​ជានិច្ច​​ជួន​កាល​អាច​មាន​ និង​ជួន​កាល​អាច​មិន​មាន។

ទី​ពីរ​ យុវជន​ត្រូវ​​មាន​សេចក្ដី​ប្ដេជ្ញា ចិត្ត​ (commitment)។ ​ពាក្យ​ថា​ប្ដេជ្ញា​ចិត្ត​ ​លោក​ផ្ដល់​​អត្ថ​ន័យ​ថា​ ត្រូវ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​សិក្សា​​ គឺ​មិន​ត្រូវ​​យក​​កត្តា​ជីវភាព​ (ការ​​លំបាក​និង​ភាព​ក្រីក្រ​) ដាក់​ខ្លួន​នោះ​ទេ។ ទី​បី​ យុវជន​មិន​ត្រូវ​ប្រកាន់​យក​អាត្មា​និយម​​​ (egoism) ពោល​គឺ​ត្រូវ​ចែក​រំលែក​ ទាំង​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

 

បំណង​ប្រាថ្នា​ទៅ​អនាគត

 

លោក​មាន​បំណង​បី​​ ​សំខាន់​ៗ​។ បំណង​​ទី​មួយ​​​របស់​លោក​​ចង់​បន្ត​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ​ពោល​គឺ​ចង់​ ​កែ​ប្រែ​ និង​​អភិវឌ្ឍ​​វិស័យ​អប់រំ​ឲ្យ​មាន​ការ​រីក​ចម្រើន​។ លោក​ថា​ លោក​មិន​ចង់​ឃើញ​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ស្រុក​គេ​ ក្នុង​ឋានៈ​ជា​កម្មករ​នោះ​ទេ លោក​ចង់​ឃើញ​​ពលករ​កម្ពុជា​ជា​វិស្វករ​ ស្ថាបត្យករ​​ ជា​អ្នក​សរសេរ​កម្មវិធី… និង​ជា​​ពាណិជ្ជករ មាន​វត្តមាន​នៅ​ស្រុក​គេ​​ មិន​មែន​កម្មករ​បម្រើ​ការ​ងារ​​ដោយ​កម្លាំង​កាយ​នោះ​ទេ។​ ​ទី​ពីរ​ លោង​ចង់​​​កែ​ប្រែ​ ​​​​​​ប្រទេស​កម្ពុជា​​ទៅ​ជា​​ប្រទេស​មួយ​​សម្រាប់​សួន​​ច្បារ​ពិភពលោក​​​ និង​ជា​មជ្ឈមណ្ឌល​នៃ​​វប្បធម៌​អាស៊ី​អាគ្នេយ៍​​​។ សួន​​ច្បារ​ពិភពលោក​​ លោក​ផ្ដល់​ន័យ​ថា​ [កម្ពុជា​គឺ​​ពោរពេញ​ដោយ​​តំបន់​ទេសចរណ៍​​​​តាម​បែប​​ធម្មជាតិ ]​។

 

លោក ​សម្លឹង​ឃើញ​ថា​ កម្ពុជា​ពោរ​ពេញ​​ទៅ​ដោយ​ឱកាស​​អាច​កសាង​ខ្លួន​​ ឲ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ ទេសចរណ៍​ធម្មជាតិ​ប៉ៃ​តង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​​និង​ក្នុង​ពិភពលោក​។ ​លោក​គិត​ថា​ ​សម្រាប់​កម្ពុជា​ ​មិន​ចាំ​បាច់​គិត​ច្រើន​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​នោះ​ទេ គឺ​ទេសចរណ៍​ល្អ​បំផុត។ “ទុក​ឲ្យ​គេ​ផលិត​កុំព្យូទ័រ​ រថយន្ត…ទៅ​ចុះ ​យើង​​គួរ​​ផលិត​ទេសចរណ៍​…ដឹក​​ទេសចរណ៍​មួយ​ឡាន​មិន​​ក្រោម​មួយ​ម៉ឺន​ ដុល្លារ​ទេ…”​។ ទី​បី​​លោក​មាន​បំណង​ចង់​​​កសាង​ផ្លូវ​ឲ្យ​បាន​ជុំ​វិញ​ស្រុក​ខ្មែរ។ ​កសាង​​ផ្លូវ​​នៅ​ជុំ​វិញ​នៅ​ស្រុក​ខ្មែរ​ គឺ​ដើម្បី​បង្ហាញ​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​ថា​ តើ​ដី​ខ្មែរ​ប៉ុណ្ណា​ និង​ដើម្បី​​ឲ្យ​​មាន​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​សមភាព។ នេះ​ជា​​ការ​ស្រម៉ៃ​​ និង​ការ​ចង់​បាន​របស់​​​​លោក​បណ្ឌិត​​៕

 

អានអត្ថបទ៖យុវតី​ជាប់​អាហារូបករណ៍​រៀន​នៅ​បី​ប្រទេស​ ត្រៀម​ចាប់​យក​តំណែង​នៅ​UN! ចុច​ត្រង់​នេះ

 

អត្ថបទ៖ យ៉ន សុភារិទ្ធ

អត្ថបទថ្មី