ក្មេង​សោះ​ឈ្នះ​អាហារូបករណ៍​រៀន​ដល់​បារាំង​ រើស​បាន​ជំនាញ​ត្រូវ​ប៉ាន់​ទៀត!

  • 2014-09-26 22:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​កម្ពុជា​ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ភាគ​ច្រើន​ គឺ​រៀន​តែ​ជំនាញ​ណា​ដែល​សម្បូរ​ហើយ​នៅ​ក្នុង​ស្រុក​ខ្មែរ​ ដូចជា​សេដ្ឋកិច្ច​ ភាសា​បរទេស​ ច្បាប់​ វិស្វកម្ម​ ឬ​ពេទ្យ​ជាដើម។ គេ​កម្រ​ឃើញ​និស្សិត​ខ្មែរ​ដែល​ជាប់​អាហារូបករណ៍​ មាន​ឱកាស​បាន​រៀន​មុខ​វិជ្ជា​ដ៏​កម្រ។

 

ទើប​តែ​យុវជន​ ចាន់ បញ្ញា​ បាន​ទទួល​អាហារូបករណ៍​សិក្សា​ជំនាញ​ផលិត​គំនូរ​ជីវចល​ ឬ​តុក្កតា ​រហូត​ដល់​បួន​ឆ្នាំ ​នៅ​ប្រទេស​បារាំង។ តាម​ពិត​ទៅ​ មុខ​វិជ្ជា​​ផលិត​តុក្កតា​នេះ​ក៏​មាន​បង្រៀន​ដែរ​តាម​អង្គការ​ ឬ​វិទ្យាស្ថាន​ក្នុង​ស្រុក​ តែ​ពុំ​សូវ​ផុលផុស​នៅ​ឡើយ​ទេ​ ខណៈ​ជំនាញ​នេះ​ត្រូវ​ប៉ាន់​ណាស់​សម្រាប់​ផលិត​ស្ពត​ពាណិជ្ជកម្ម​ ឬ​ភាពយន្ត​តុក្កតា។

 

 

-អាន​អត្ថបទ៖ យុវតី​ជាប់​អាហារូបករណ៍​រៀន​នៅ​បី​ប្រទេស​ ត្រៀម​ចាប់​យក​តំណែង​នៅ​UN!​

 

យុវជន​ដែល​មាន​​វ័យ​ទើប​២៣​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​ស្រុក​បារាំង​មក​ថា​ មុន​នឹង​ទទួល​បាន​អាហារូបករណ៍​នេះ​ រូប​គេ​បាន​ចូល​រៀន​ពី​ការ​គូរ​រូប​​ក្នុង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ ឯ​ស្រុក​កំណើត​របស់​ខ្លួន​ នា​ខេត្ត​បាត់ដំបង​ ក្នុង​ឆ្នាំ​២០០២។

 

បញ្ញា​បន្ត​ថា៖ “គំនូរ​​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​គំនូរ​ជីវចល។ នៅ​ឆ្នាំ​២០០៨​ នៅ​ពេល​គេ​ត្រូវ​ការ​អ្នក​ចេះ​គំនូរ​ឲ្យ​ចូល​ធ្វើ​ការ​ក្នុង​ស្ទូដ្យូ​ផលិត​តុក្កតា​របស់​អង្គការ​ហ្វារ​ ខ្ញុំ​ក៏​បាន​ចូល​ធ្វើ​ការ​នៅ​ទី​នោះ​តែ​ម្ដង”។

 

យុវជន​រូប​នេះ​បាន​ចូល​រួម​ជា​មួយ​នឹង​យុវជន​ខ្មែរ​ផ្សេង​ទៀត​ ធ្វើ​ការ​ក្នុង​ស្ទូដ្យូ​នោះ​ ​ដោយ​ផលិត​បាន​ស្ពត​ពាណិជ្ជកម្ម​ និង​ស្ពត​អប់រំ​ច្រើន​គួរ​សម​ដែរ ​ឲ្យ​អង្គការ​ ឬ​ស្ថាប័ន​ផ្សេង​ៗ​ក្នុង​ស្រុក។ លុះ​ឆ្នាំ​២០១០​ រូប​គេ​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​ស្ទូដ្យូ​តុក្កតា​នោះ​ ផ្នែក​រចនា​រូប​ភាព​ខាង​ក្រោយ​ (Background Designer of Animation)។

 

 

ជា​រឿយ​ៗ​ ស្ទូដ្យូ​នេះ​តែង​មាន​បរទេស​ដែល​មាន​ជំនាញ​ផ្នែក​គំនូរ​ ឬ​តុក្កតា​ ចុះ​ទៅ​ចែក​រំលែក​បទ​ពិសោធន៍​ផ្សេង​ៗ​ដល់​យុវជន​ខ្មែរ។ យុវជន​ដែល​ចេះ​ទាំង​ភាសា​អង់គ្លេស​ និង​បារាំង​រូប​នេះ​​ ទទូល​បាន​ការ​ទាក់​ទាញ​ជា​ខ្លាំង​ពី​ភ្ញៀវ​បរទេស​ដែល​ចុះ​ទៅ​ទស្សនកិច្ច​នៅ​អង្គការ​របស់​ខ្លួន។

 

បញ្ញា​ថ្លែង​ថា៖ "នៅ​ពេល​នាយក​សាលា​ Pivaut school ​នា​ទី​ក្រុង​Nantes​ ប្រទេស​បារាំង​ មក​លេង​កម្ពុជា​រយៈ​ពេល​ពីរ​សប្តាហ៍​ គាត់​បាន​ផ្ដល់​អាហារូបករណ៍​ឲ្យ​ខ្ញុំ​មក​សិក្សា​នៅ​ប្រទេស​បារាំង​រហូត​ដល់​៤​ឆ្នាំ​ឯណោះ។ ខ្ញុំ​បាន​ចាក​ចេញ​មក​ស្រុក​បារាំង​នេះ​ កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១២​កន្លង​ទៅ"។

 

ប៉ុន្តែ​មុន​នឹង​ចាក​ចេញ​ទៅ​កាន់​ស្រុក​បារាំង​ យុវជន​រូប​នេះ​បាន​ហ្វឹក​ហាត់​ភាសា​អង់គ្លេស​ និង​ភាសា​បារាំង​របស់​ខ្លួន​ថែ​ម​ទៀត។ យុវជន​រូប​នេះ​បញ្ជាក់​ថា៖ “តាម​ពិត​ទៅ​ ខ្ញុំ​មិន​មាន​គម្រោង​ចង់​មក​សិក្សា​នៅ​ប្រទេស​បារាំង​ទេ​ តែ​ទោះ​បី​យ៉ាង​ណា​ ខ្ញុំ​ហាក់​ដូច​ជា​បាន​ត្រៀម​ខ្លួន​ជា​មុន​ ដូច​ជា​បាន​រៀន​ភាសា​បារាំង​អស់​រយៈ​ពេល​២​ឆ្នាំ​ និង​ភាសា​អង់គ្លេស​ពីរ​បី​ឆ្នាំ​ដែរ"។

 

បច្ចុប្បន្ន​ បញ្ញា​ កំពុង​សិក្សា​នៅ​សាលា​ដ៏​ល្បី​មួយ​របស់​បារាំង​ឈ្មោះ​ថា ​ Ecole Pivaut ​ដោយ​រៀន​ជំនាញ​ផលិត​តុក្កតា។ គេ​ស្នាក់​នៅ​ក្នុង​អន្តេវាសិក​ដ្ឋាន​របស់​សាលា​នោះ​ផ្ទាល់​ និង​ត្រូវ​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង។ ចំណែក​ការ​ប្រាស្រ័យ​ទាក់​ទង​​ជា​មួយ​និស្សិត​ ឬ​ប្រជាជន​នៅ​ទី​នោះ​វិញ គឺ​ពុំ​ចោទ​ជា​បញ្ហា​ទេ​ ដោយ​សារ​យុវជន​រូប​នេះ​ចេះ​ភាសា​បារាំង​ស្រាប់។ ចំណែក​ភាសា​អង់គ្លេស​របស់​គេវិញ​ ក៏​អាច​ប្រើ​ប្រាស់​បាន​ទៀត។

 

-អាន​អត្ថបទ៖ ស្អាត​ហើយ​ពូកែ​​ទៀត​យក​បាន​អាហារូបករណ៍​ទៅ​​​អាមេរិក​ បារាំង​ និង​កូរ៉េ​!

 

តែ​ទោះ​បី​ជា​យ៉ាង​ណា​ ការ​សិក្សា​ក្នុង​សាកល​វិទ្យាល័យ​មួយ​ ដែល​មាន​សុទ្ធ​តែ​និស្សិត​បរទេស​ បញ្ហា​រមេង​តែង​កើត​មាន​ឡើង​ តែ​យុវជន​រូប​នេះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រឈម​មុខ​ចំពោះ​ឧបសគ្គ​ទាំង​នោះ។ គេ​រំពឹង​ថា​ នឹង​ក្រេប​យក​ចំណេះ​ដឹង​ផ្នែក​មុខ​វិជ្ជា​ដ៏​កម្រ​នេះ​មក​ប្រើ​ប្រាស់​ និង​ចែក​រំលែក​ដល់​យុវជន​ខ្មែរ​ផ្សេង​ទៀត ​ពេល​គេ​ត្រឡប់​មក​កាន់​មាតុភូមិ​របស់​ខ្លួន​វិញ​ ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ។

 

យុវជន​រូប​នេះ​​យល់​ថា៖ "ប្រសិន​បើ​យុវជន​ខ្មែរ​ចង់​សិក្សា​ជំនាញ​ផលិត​​តុក្កតា​នេះ​ដែរ​ ខ្ញុំ​ឲ្យ​យោបល់​ថា​ គេ​គួរ​តែ​ចាប់​ផ្ដើម​រៀន​គូរ​គំនូរ​ ដោយសារ​វា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​ភាពយន្ត​តុក្កតា"៕

 

អត្ថបទ៖ មាស រ័ត្ន

អត្ថបទថ្មី