ស្អាត​ហើយ​ពូកែ​​ទៀត​យក​បាន​អាហារូបករណ៍​ទៅ​​​អាមេរិក​ បារាំង​ និង​កូរ៉េ​!

  • 2014-09-18 17:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ័យ ​ត្រឹម​២៣​ឆ្នាំ​សោះ​ យុវតី​ គុយ​ ដារ៉ា​នីតា​ អតីត​និស្សិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ឆក់​បាន​ឱកាស​ទៅ​សិក្សា​រហូត​ដល់​សហរដ្ឋ​អាមេរិក​ រួច​បន្ត​ទៅ​​បារាំង​ និង​ចុង​ក្រោយ​នេះ​ នាង​បាន​ជាប់​​អាហារូបករណ៍​ ថ្នាក់​អនុបណ្ឌិត​ទៅ​រៀន​នៅ​​​ប្រទេស​កូរ៉េ​ទៀត។ តើ​យុវតី​ខ្មែរ​រូប​នេះ​មាន​ប្រ​វត្តិ​​សិក្សា​យ៉ាង​ណា​ ទើប​អាច​ចាប់​បាន​ឱកាស​ដ៏​កម្រ​នេះ?

 

 

នៅ ​ឆ្នាំ​២០១១​ នីតា​ អតីត​និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL) និង​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ​បាន​ដាក់​ពាក្យ​ប្រឡង​ប្រជែង​ក្នុង​កម្មវិធី  National SME Competition​ ដែល​ស្ថិត​ក្រោម​ Mickency Mekong Business Competition​ របស់​សហរដ្ឋ​អាមេរិក។ យុវតី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នោះ​បើក​ទូលាយ​ឲ្យ​និស្សិត​សិក្សា​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ទាំង​អស់​ចូល​រួម​ប្រកួត​ប្រជែង។ ប៉ុន្តែ​ចុង​ក្រោយ​ មាន​តែ​និស្សិត​ចំនួន​១៣​រូប​ ប៉ុណ្ណោះ​ ក្នុង​នោះ​មាន​កញ្ញា​ផង​ បាន​ជាប់​ទៅ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រយៈពេល​២​សប្ដាហ៍​ អំឡុង​ខែ​សីហា​ ក្នុង​ឆ្នាំ​នោះ​ នៅ​សហរដ្ឋ​អាមេរិក។

 

-អាន​អត្ថប​ទ៖ សង្សារ​វិទ្យាល័យ​ និង ​សង្សារ​​នៅ​វ័យ​​ធ្វើការ​ខុសគ្នា​ដូចម្ដេច? នីតា​ រៀប​រាប់​ថា៖ “យើង​ទៅ​ទី​ក្រុង ​San Francisco​ សហរដ្ឋអាមេរិក​ ទៅ​ទទួល​យក​បទ​ពិសោធន៍​ ពី​ក្រុម​ហ៊ុន​ចំនួន​៧​ ដែល​ធ្វើ​វិនិយោគ​រក​ស៊ី​ដោយ​ផ្ដោត​សំខាន់​លើ​បរិស្ថាន ​ដែល​គេ​ហៅ​ថា​ Green Environment Business។ បន្ទាប់​មក​ យើង​មាន​ទស្សនកិច្ច​សិក្សា​ពីរ​ទៀត​ គឺ​នៅ​សាលា​ Stanford University​ និង Berkeley College”។ នីតា ​បាន​កត់​សម្គាល់​ឃើញ​ថា ​ក្នុង​ការ​បើក​របរ​អាជីវកម្ម​នីមួយៗ​ឯ​ប្រទេស​គេ​ គេ​កំណត់​យក​ការ​គិត​គូរ​ពី​បរិស្ថាន​ និង​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់​ជា​ចម្បង។ “គេ​គិត​យ៉ាង​ម៉េច​ឲ្យ​វា​ប៉ះពាល់​បរិស្ថាន​តិច​បំផុត​ តែ​​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ ចំណែក​រឿង​ចំណេញ​ខាង​លុយ​ គេ​មិន​សូវ​គិត​ជា​សំខាន់​ទេ។ នេះ​វា​ផ្ទុយ​ពី​ជំនួញ​ក្នុង​​ស្រុក​ខ្មែរ​ ដែល​គិត​ពី​រឿង​លុយ​មុន​គេ”។ នីតា​ បន្ថែម​ដូច​នេះ។

 

-អាន​អត្ថបទ៖ អាច​ធ្វើ​អីចឹង​បាន​ នឹង​រក​ការងារបាន​​​ភ្លែត​​ក្រោយ​រៀន​ចប់! មួយ​ឆ្នាំ​ក្រោយ​ មក​ នី​តា​ទទួល​បាន​ឱកាស​ល្អ​មួយ​ទៀត​ ដោយ​ទៅ​ទទួល​យក​បទ​ពិសោធន៍​ផ្នែក​ជំនួញ​ ពី​កម្មវិធី​ ICN-International Exchange Program​ ឯ​សាលា​ ICN Business School​ នៅ​​ប្រទេស​បារាំង​ រយៈ​ពេល​១​ឆ្នាំ​ពេញ​តែ​ម្ដង។ ការ​សិក្សា​រយៈ​ពេល​១​ឆ្នាំ​នោះ​ ​តម្រូវ​ឲ្យ​យុវតី​វ័យ​ក្មេង​របស់​កម្ពុជា​ត្រូវ​សិក្សា​រហូត​ដល់​៣០​ មុខវិជ្ជា​ឯណោះ។ “ខ្ញុំ​រៀន​ជា​មួយ​និស្សិត​​បរទេស​មក​ពី​២០​ប្រទេស​ផ្សេង​ៗ​គ្នា​ ហើយ​រៀន​ជា​ភាសា​អង់គ្លេស។ ពេល​ទៅ​រៀន​ដំបូង​ៗ​ និស្សិត​អឺរ៉ុប​ដូច​ជា​មិន​សូវ​ឲ្យ​តម្លៃ​សិស្ស​អាស៊ី​ទេ។ គេ​គិត​ថា ​​ពួក​គេ​មាន​ និង​មក​ពី​ប្រទេស​ជឿន​លឿន។ ហើយ​គេ​គិត​ថា​ យើង​ប្រហែល​ជា​រៀន​ខ្សោយ​ផង​ ប៉ុន្តែ​វា​ខុស​ស្រឡះ។​ ពេល​ឃើញ​ពួក​យើង​រៀន​​ពូកែ​ បាន​ពិន្ទុ​ល្អ​ ទើប​បែរ​មក​ស្និទ្ធស្នាល​បន្តិច”។ កម្មវិធី​សិក្សា​នៅ​ប្រទេស​បារាំង​ ក៏​តម្រូវ​ឲ្យ​និស្សិត​រៀប​ចំ​គម្រោង​អាជីវកម្ម​ដែរ។​ នីតា​ ដែល​ធ្លាប់​ទទួល​បាន​ចំណេះ​ដឹង​យ៉ាង​ច្រើន​ពី​សហរដ្ឋ​អាមេរិក​ ចាប់​ដៃ​គូ​ជាមួយ​​​និស្សិត​ខ្មែរ​ម្នាក់​ទៀត ​​​រៀប​ចំ​គម្រោង​អាជីវកម្ម​របស់​ខ្លួន​ ស្ដី​ពី​សេវាកម្ម​ស៊ីក្លូ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​ជា​​គំនិត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

 

 

 

និស្សិត​វ័យ​ ក្មេង​រូប​នេះ​បាន​បញ្ជាក់​ថា៖ “គម្រោង​អាជីវកម្ម​នោះ​កំណត់​ឲ្យ​ធ្វើ​ជា​ក្រុម។ និស្សិត​​ពី​ប្រទេស​ផ្សេងៗ​ក៏​ចាប់​អារម្មណ៍​ដែរ​ ព្រោះ​មើល​ទៅ ​វា​ថ្មី។ ប្រទេស​គេ​អត់​មាន​ ហើយ​ម្យ៉ាង​វា​ទាក់​ទង​នឹង​ការ​ការពារ​បរិស្ថាន​ដែរ​ អីចឹង​គេ​ចូល​ចិត្ត​​ ហើយ​គ្រូ​ក៏​គាត់​ចូល​ចិត្ត​​ដែរ”។

 

ក្រៅ​ពី​នោះ និស្សិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​រូប ​នេះ​បន្ត​ទៀត​ថា​ វា​ជា​ឱកាស​មួយ​ឆ្លៀត​ផ្សព្វ​ផ្សាយ​ពី​វប្បធម៌​ផ្សារ​ភ្ជាប់​នឹង​ទេសចរណ៍​នៅ ​ទីក្រុង​ភ្នំពេញ​ផង។ គម្រោង​នោះ​បាន​លើក​​យក​ពី​ចំណុច​ពិសេសៗ​ដូច​ជា​ ការ​ធ្វើ​ដំណើរ​តាម​ស៊ីក្លូ​ អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ មជ្ឈដ្ឋាន​ជុំវិញ​ ទទួល​យក​ខ្យល់​អាកាស​ធម្មជាតិ​ និង​ចូល​រួម​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ផង។ យ៉ាង​ណា​មិញ​ អំឡុង​ពេល​សិក្សា​នៅ​ប្រទេស​បារាំង​ នីតា ​ឆ្លៀត​ស្រវា​ចាប់​យក​ឱកាស​ទទួល​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​ Business Administration។ “ម្នាក់ៗ​ ជាពិសេស​សិស្ស​ ​និស្សិត​ ត្រូវ​ចេះ​សម្លឹង​មើល​ឱកាស​ ព្រោះ​ឱកាស​ទទួល​បាន​អាហារូបករណ៍​មាន​ច្រើន​ណាស់។ តាម​ពិត ​ខ្ញុំ​សម្រេច​ដាក់​អាហារូបករណ៍​ទៅ​រៀន​នៅ​កូរ៉េ​វិញ​ ក៏​ព្រោះ​តែ​វប្បធម៌​របស់​ពួក​អឺរ៉ុប​ពិបាក​នឹង​សម្រប​ខ្លួន​ពេក។ មក​អាស៊ី​វិញ​ ទាំង​វប្បធម៌ ​និង​អាកាសធាតុ​វា​ប្រហាក់​ប្រហែល​គ្នា​ ហើយ​ប្រព័ន្ធ​សិក្សា​នៅ​អាស៊ី​មិន​ចាញ់​អឺរ៉ុប​ប៉ុន្មាន​ទេ”។

 

នីតា ​ នឹង​ចាប់​ផ្ដើម​ចូល​រៀន​ថ្នាក់​អនុ​បណ្ឌិត​របស់​ខ្លួន​ នៅ​សាកល​វិទ្យាល័យ​ Sookmyung Women’s University​ នា​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ខែ​សីហា​ខាង​មុខ​នេះ។

 

ចុង​ក្រោយ​​ នីតា​ បាន​លើក​ឡើង​​ថា ​កូន​ខ្មែរ​ក៏​មាន​គំនិត​ផ្នែក​ពាណិជ្ជកម្ម​ មិន​ចាញ់​បរទេស​ប៉ុន្មាន​ទេ។ ក៏​ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​គំនិត​ ពាណិជ្ជកម្ម​វ័យ​ក្មេង​ទាំង​នោះ​រារែក​​ នោះ​គឺ​ការ​មិន​ហ៊ាន​ប្រថុយ​ និង​ការ​ប្រកួត​ប្រជែង​ប្រជាប្រិយភាព។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ នីតា ​គាំ​ទ្រ​ឲ្យ​យុវជន​ខ្មែរ​ចេះ​បង្កើត​នូវ​គំនិត​ពាណិជ្ជកម្ម​ផ្សេង​ៗ​ ទោះ​ចាប់​ពី​កម្រិត​តូច​ ឬ​សាកល្បង​ក៏ដោយ​ ដើម្បី​បណ្ដុះ​នូវ​គំនិត​ប្រកួត​ប្រជែង​ ព្រោះ​នា​ពេល​ខាង​មុខ ​សមាហរណកម្ម​អាស៊ាន​នឹង​ចូល​មក​ដល់​ ​ការ​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​នឹង​ក្លាយ​ជា​បញ្ហា​ដែល​យុវជន​កម្ពុជា​ត្រូវ​ប្រឈម៕

 

អត្ថបទ៖ ផល្លា​ សុម៉ាលីណា

អត្ថបទថ្មី